COVID-19
ជាតិ
បទសម្ភាសន៍
លោក ទៀ សីហា ពិចារណាស្នើរដ្ឋាភិបាលបិទការធ្វើដំណើរចូលកម្សាន្តខេត្តសៀមរាប ខណៈកំពុងផ្ទុះកូវីដជាសហគមន៍
11, Jun 2021 , 7:15 pm        
រូបភាព
លោក ទៀ សីហា អភិបាលខេត្តសៀមរាប
លោក ទៀ សីហា អភិបាលខេត្តសៀមរាប
សៀមរាប៖ សន្ទុះនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប កើនឡើងគួរឱ្យកត់សម្គាល់។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានហៅករណីនេះថា ជាព្រឹត្តិការណ៍សហគមន៍ ៤មិថុនា ដែលមកដល់ពេលនេះ ចំនួននៃអ្នកឆ្លងបន្តរកឃើញជាបន្តបន្ទាប់ និងឆ្លងរាលដាលទៅតាមភូមិ រួមទាំងសង្កាត់មួយក្នុងក្រុងសៀមរាបផង។ លោក មានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្ន ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ដែលជាការព្រួយបារម្ភ។ លោក អះអាងថា នឹងពិចារណា ដើម្បីស្នើទៅរាជរដ្ឋាភិបាល ក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់អ្នកដំណើរដែលចូលមកកម្សាន្តក្នុងខេត្តទេសចរណ៍មួយនេះ។



ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប ដូចតទៅនេះ៖






ភោជនីយដ្ឋានយីហោ ពិភពធម្មជាតិ ដែលពីមុនជាកន្លែងកម្សាន្ត ត្រូវបានរកឃើញថា ជាដើមហេតុដំបូងនៃការផ្ទុះឆ្លងរាលដាលព្រឹត្តិការណ៍ ៤ មិថុនា ក្នុងខេត្តសៀមរាប។ អភិបាលខេត្តសៀមរាប សង្ងត់ធ្ងន់ថា អាជ្ញាធរបានចុះស្រាវជ្រាវនិងរកឃើញថា ទីតាំងនេះមិនបានអនុវត្តតាមគោលការណ៍ណែនាំស្ដីពីវិធានការបង្ការជំងឺកូវីដ១៩ទេ។ លោកអភិបាលបញ្ជាក់ថា ទីតាំងនេះនឹងរងការពិន័យផ្នែករដ្ឋបាល ហើយនឹងឈានដល់ការដាក់ពាក្យប្ដឹងបន្ថែមទៀត។ ក្រៅពីនេះ លោក ទៀ សីហា បង្ហើបថា ក៏នឹងអាចពិន័យចំពោះមន្រ្តីរាជការដែលពាក់ព័ន្ធនៅទីតាំងនោះដែរ បន្ទាប់ពីការស្រាវជ្រាវច្បាស់លាស់។


ក្រុមគ្រូពេទ្យចុះយកសំណាកដល់ព្រះសង្ឃ និងពលរដ្ឋនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប។



នៅថ្ងៃទី១០ មិថុនា អាជ្ញាធរបានប្រកាសបិទខ្ទប់ និងដាក់ភូមិចំនួន៤ ក្នុងសង្កាត់ស្រង៉ែ ស្ថិតនៅប៉ែកខាងលិចក្រុងសៀមរាប ជាតំបន់ក្រហម។ យ៉ាងហោចណាស់ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជិត២០នាក់ ដែលឆ្លងជាសហគមន៍ និងពីបុរសម្នាក់ដែលធ្លាប់ទៅចូលភោជនីយដ្ឋានពិភពធម្មជាតិ នៅស្រុកជីក្រែង។ បុរសម្នាក់នេះ បានចម្លងទៅក្រុមគ្រួសារ និងបណ្ដាលឱ្យឪពុកដែលមានជំងឺប្រចាំកាយផងនោះ ស្លាប់នៅព្រឹកថ្ងៃទី១០ មិថុនា។ ក្នុងចំណោមនោះ មានកម្មករ២នាក់ នៅផ្នែកកាត់ដេរ ធ្វើការនៅរោងចក្រ ផេនធីក។ អភិបាលខេត្តបញ្ជាក់ថា មិនទាន់មានវិធានការបិទរោងចក្រនេះទេ ដោយគ្រាន់តែបិទអាគារដែលកម្មករទាំង២នោះធ្វើការ និងប្រមូលអ្នកពាក់ព័ន្ធនៅផ្នែកជាមួយ សរុបជាង២០០នាក់ ដើម្បីធ្វើតេស្ត។ លោក ទៀ សីហា បារម្ភថា ការបិទរោងចក្រនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការងារកម្មករ ក៏ដូចជាសង្វាក់ផលិតកម្មនៅក្នុងរោងចក្រទាំងមូល។

ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាសហគមន៍ធ្វើឱ្យអភិបាលខេត្តបង្ហាញការព្រួយបារម្ភ ក៏ដូចជាគិតគូរពីកម្លាំងជួរមុខនៃក្រុមគ្រូពេទ្យដែលកំពុងប្រយុទ្ធនឹងជំងឺនេះ។ លោក ទៀ សីហា បញ្ជាក់ថា លោកកំពុងស្នើកម្លាំងជំនួយពីពេទ្យយោធាភូមិភាគ៤ និងគ្រូពេទ្យនៅសឹករងខេត្ត ដើម្បីជួយសម្រាលការងារក្រុមគ្រូពេទ្យ ដែលមានភាពនឿយហត់ជាខ្លាំង ពិសេសនាពេលចុងក្រោយនេះ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានទទួចឱ្យប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល មានការប្រុងប្រយ័ត្ន កុំមើលស្រាលស្ថានការណ៍ដែលកំពុងកើតឡើង ពិសេសត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវ ហើយអាជ្ញាធរនឹងចុះផាកពិន័យតាមវិធានការរដ្ឋបាល ទៅតាមទីផ្សារ ក៏ដូចជាទីសាធារណ ដោយអនុវត្តន៍ដោយភាពតឹងរឹងបំផុត៕

Tag:
 ទៀ សីហា
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com