ជាតិ
អ្នកភូមិកំពង់ភ្លុកប្រឈមនឹងបំណុលធនាគារ ក្រោយបាត់ចំណូលពីទេសចរណ៍និងផលនេសាទ
12, Jun 2021 , 7:59 pm        
រូបភាព
សៀមរាប៖ អស់រយៈកាលជាងមួយឆ្នាំមកហើយ ដែលវិស័យទេសចរណ៍ទាំងមូលក្នុងសហគមន៍ឃុំកំពង់ភ្លុក ត្រូវជាប់គាំង ដោយសារវិបត្តិជំងឺកូវីដ-១៩។ កាណូតទូកតូចធំរាប់រយគ្រឿង ដែលធ្លាប់ចល័តដឹកភ្ញៀវទេសចរជាហូរហែ ត្រូវទុកកឿងនៅលើច្រាំង ហើយខ្លះទៀត ត្រូវម្ចាស់ទុកចោល ដោយពុំមានការថែទាំត្រឹមត្រូវ។

 
ធ្លាប់ជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ពេញនិយម សម្រាប់ការទស្សនាផ្ទះបណ្ដែតទឹក ទស្សនាថ្ងៃលិចនៅបឹងទន្លេសាប សហគមន៍ទេសចរណ៍កំពង់ភ្លុក ដែលស្ថិតនៅប៉ែកលិចក្រុងសៀមរាប មានសភាពស្ងប់ស្ងាត់ជាខ្លាំង។ គ្មានឡើយសំឡេងម៉ាស៊ីនកាណូត ដែលធ្លាប់បំន្លឺសំឡេងខ្ទរខ្ទារ ពេញផ្ទៃបឹងទន្លេសាប។ ទូកទាំងអស់ ចតស្ងៀមនៅតាមមាត់ច្រាំង។
 

 
ការធ្វើដំណើរប្រចាំថ្ងៃ គេឃើញមានតែសកម្មភាពប្រជាពលរដ្ឋក្នុងសហគមន៍ ដែលត្រូវឡើងចុះបំពេញវិស័យសេដ្ឋកិច្ចក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
 
អ្នកសារព័ត៌មានថ្មីៗបានចំណាយពេល១ម៉ោង ដោយចេញដំណើរពីប៉ែកខាងលិចក្រុងសៀមរាប ឆ្ពោះទៅឃុំកំពង់ភ្លុក។ ទៅដល់ទីនោះ គេឃើញមានទូកតូចធំរាប់រយគ្រឿង កឿងទុកចោល ខ្លះទៀតក៏កំពុងទទួលការជួសជុលដែរ។ ទីនោះមានលោក លួន លៃ កំពុងជួសជុល និងលាបប្រេង បិតទូក សម្រាប់រដូវវស្សាដែលនឹងមកដល់អំឡុងខែ កក្កដា ឬខែ សីហា ខាងមុខនេះ។
 
ក្នុងសំលៀកបំពាក់អាវដៃវែង ស្លៀកខោជើងខ្លី លោក លួន លៃ រៀបរាប់ថា គ្រួសារលោកបានបាត់ចំណូលពីរបរបើកកាណូតទូកទេសចរណ៍នេះ ជាងមួយឆ្នាំមកហើយ។ គ្រួសារលោក លៃ មានកាណូតដឹកភ្ញៀវសរុប ១៣គ្រឿង ដែលមុនផ្ទុះជំងឺកូវីដ១៩ ទូតទាំងនោះបានរកចំណូលប្រចាំថ្ងៃច្រើនគួរសមដល់ក្រុមគ្រួសារលោក។ តែពេលនេះ គ្រួសារលោក លៃ  ត្រូវរកប្រាក់ពីក្រៅ ដើម្បីជួសជុលកាណូត និងថែទាំទូកទាំងនោះកុំឱ្យខូច។
 


លោក លៃ រៀបរាប់ថា៖« មុនកូវីដ កាណូតនេះ (កាណូតខ្នាតតូច) បាន១៣ដុល្លារ (មួយជើង) មួយថ្ងៃ៣ ទៅ៤ជើង ដល់កូវីដជាង១ឆ្នាំមកនេះ អត់ទេសចរ ចំណូលប្រចាំថ្ងៃយ៉ាប់ ពីមុនសង្ឃឹមមានភ្ញៀវ  អត់ចឹង ស្ទះ មិនដឹងរកការងារឯណា មានតែប៉ុណ្ណោះ»។ លោកបន្ថែមថា៖« រាល់ថ្ងៃជួនកាលបានរត់រ៉ឺម៉ក់ដឹកអ្នកភូមិទៅលើ ស៊ីឈ្នួលបិតទូក ទូក១បាន១០ទៅ២០ម៉ឺនដែរ គ្នា២នាក់ បានមួយទប់ៗ»។
 
 ឆ្នាំនេះ លោក លៃ ត្រូវជួសជុលកាណូតតូចធំរបស់លោក សរុប៦គ្រឿង ដែលក្នុងកាណូតមួយគ្រឿងត្រូវចំណាយថវិកាប្រមាណ១លានរៀល។ វាកាន់តែពិបាកសម្រាប់លោក លៃ ក៏ដូចជាសហគមន៍កាណូតទូកទេសចរណ៍នៅឃុំកំពង់ភ្លុកទាំងមូល ដែលគ្មានចំណូលពីវិស័យនេះហើយ តែត្រូវចំណាយលើការថែទាំទូក ដែលវានឹងខូចទាំងគ្រឿងម៉ាស៊ីន និងក្ដារ។
 
 រីឯអ្នកអុំទូកខ្នាតតូច អ្នកនាង ភឹម តុលា ក៏បាត់ចំណូលប្រចាំថ្ងៃដែលធ្លាប់រកបានពីការដឹកទេសចរទស្សនាដើមរាំងក្នុងសហគមន៍ឃុំកំពង់ភ្លុកនេះដែរ។ កំពុងអង្គុយឆារខ្យងជាម្ហូបសម្រាប់ថ្ងៃរសៀល អ្នកនាង តុលា រៀបរាប់ថា ស្រ្ដីក្នុងភូមិភាគច្រើន ពឹងលើចំណូលបន្ថែមពីការអុំទូកនេះ។ ពីមុន ស្រ្ដីរូបនេះ អាចរកបានក្នុងមួយថ្ងៃ ចាប់ពី២ដុល្លារសម្រាប់ដឹកភ្ញៀវទស្សនាដើមរាំងមួយជុំ ដែលមានរយៈពេល៣០នាទី ហើយថ្ងៃខ្លះអាចរកបានច្រើនជាងនេះ អាស្រ័យលើលុយធីបដែលភ្ញៀវហុចឱ្យ។ អ្នកនាង តុលា បន្ថែមថា៖« យើងអុំតែខែវស្សាទេ ក្នុងមួយរដូវអ៊ីចឹង អាចនៅសល់ជាង១ពាន់ដុល្លារដែរ»។ មិនរំពឹងថាវិស័យទេសចរណ៍អាចងើបវិញឆាប់ៗក្ដី តែអ្នកនាង តុលា មានសង្ឃឹមថា នឹងអាចមានភ្ញៀវទេសចរចូលមកកម្សាន្តក្នុងសហគមន៍ឡើងវិញ ព្រោះវិស័យនេះបានជួយសេដ្ឋកិច្ចសហគមន៍អ្នកនាងបានមួយផ្នែកធំ។
 
ស្លៀកសំលៀកបំពាក់អ្នកសុំសីល លោកយាយ សាំង ខាន់ វ័យ៦៧ឆ្នាំ សព្វថ្ងៃមានពេលច្រើននៅវត្តអារាម។ ក្រោយទំនេរពីការងារអុំទូកជាងមួយឆ្នាំមកនេះ លោកយាយតែងទៅវត្តជាប្រចាំ រៃអង្គាសថវិកាអ្នកភូមិ និងរៀបចំចង្កាន់ជូនព្រះសង្ឃ។ ជាអ្នកសុំសីល លោកយាយមិនអាចធ្វើការងារអ្វីនោះ គឺពឹងលើកូន២នាក់ ដែលស៊ីឈ្នួលជួសមោង និងប្រាក់សមធម៌របស់រដ្ឋប្រចាំខែ ១៦ម៉ឺនរៀល។ យ៉ាងណាលោកយាយ ខាន់ ថា មិនគ្រាប់គ្រាន់ការចំណាយប្រចាំថ្ងៃទេ ណាមួយលោកយាយចាយលើការមើលជំងឺប្រចាំកាយផងនោះ។
 
មេឃុំកំពង់ភ្លុក លោក សុខ ប្លង់ មានប្រសាសន៍ថា វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ។ ផលប៉ះពាល់ទាំងនោះ រួមមានបាត់ចំណូលប្រចាំថ្ងៃ និងគ្មានលុយបង់ធនាគារ។ លោកបន្ថែមថា៖« ភាគច្រើន  ពួកគាត់ខ្ចីលុយបន្ថែមមកទិញកាណូត ដល់ពេលអត់ចំណូលពីកាណូតចឹង តើមានលុយឯណាសងទៅធនាគារវិញ»។
 

 
ជាមួយនឹងផលនេសាទធ្លាក់ចុះ ពិសេសក្នុងរដូវប្រាំងដែលទឹកនៅសល់តិចតួចបែបនេះ វាកាន់តែលំបាកទៀតសម្រាប់សហគមន៍ជាប់បឹងទន្លេសាបមួយនេះ។ នេះជារៀបរាប់របស់លោក សុខ ប្លង់ ដោយបន្ថែមថា ឃុំកំពង់ភ្លុក មាន៣ភូមិ គឺភូមិត្នោតកំបុត ភូមិដីក្រហម និងភូមិគោកក្ដុល មាន ៩៨៤គ្រួសារ និងជិត៤ពាន់នាក់  គិតត្រឹមខែ ឧសភា ឆ្នាំ២០២១។ យោងតាមស្ថិតិរបស់រដ្ឋបាលឃុំកំពង់ភ្លុក ពលរដ្ឋក្នុងភូមិសាស្រ្ដនេះ ៦៥ភាគរយមានរបរនេសាទ ៣០ភាគរយមានរបរក្នុងវិស័យទេសចរណ៍ និង៥ភាគរយ ជាជាងជួសជុលនិងលក់ដូរ។ សហគមន៍នេះ មានកាណូតទេសចរណ៍សរុប ៨០០គ្រឿង។ 
 
ដោយសារស្ថានភាពបច្ចុប្បន្ន បានបង្ខំឱ្យពលរដ្ឋក្នុងភូមិមួយចំនួន ចំណាកស្រុកទៅរកការងារធ្វើនៅទីក្រុង ខ្លះទៅស្រុកជុំវិញខេត្ត ឬឆ្លងខេត្តជាដើម។ លោក សុខ ប្លង់ អះអាងថា ពលរដ្ឋក្នុងមូលដ្ឋានលោក ពុំមានអ្នកចំណាកស្រុកទៅធ្វើការប្រទេសក្រៅទេ៕
 
 
 
 
 
 
 
 
 
 
 

Tag:
 កំពង់ភ្លុក
  ទេសចរណ៍
  បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com