ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សហគមន៍នេសាទឃុំកំពង់ភ្លុក កំពុងប្រយុទ្ធជាមួយនឹងការបម្រែបម្រួលអាកាសធាតុ
14, Jun 2021 , 8:29 am        
រូបភាព
សៀមរាប៖ បម្រែបម្រួលអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យសហគមន៍នៅតាមដងទន្លេសាប ជួបប្រទះបញ្ហាជីវភាពគួរឱ្យកត់សម្គាល់។ ផលនេសាទកាន់តែខ្សត់ អតិផរណា ការចំណាយកើនទ្វេ បណ្ដាលឱ្យប្រជានេសាទ មានការលំបាកទប់ទល់នឹងចំណាយប្រចាំថ្ងៃ។ ឃុំកំពង់កំពង់ភ្លុក ជាសហគមន៍មួយក្នុងចំណោម៤ ក្នុងខេត្តសៀមរាប ដែលនៅជាប់បឹងទន្លេសាប។ សព្វថ្ងៃ សហគមន៍នេះ កំពុងប្រយុទ្ធជាខ្លាំង ជាមួយការបម្រែបម្រួលអាកាសធាតុ។

 
ផ្ទៃបឹងទន្លេសាប កាន់តែរួមតូចនៅរដូវប្រាំង ខណៈដែលបរិមាណទឹកប្រចាំឆ្នាំ កាន់តែតិច និងឡើងមិនទៀងទាត់។ ការឡើងមិនទៀងទាត់នេះហើយ ដែលធ្វើឱ្យត្រីពិបាកបំលាស់ទី រកជម្រកសម្រាប់ពងកូន។ 
 
អ្នកស្រី រស់ សារឿន  រស់នៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក បានត្អូញត្អែរពីផលនេសាទកាន់តែខ្សត់ តែគ្រួសារអ្នកស្រីនៅតែពឹងលើផលនេសាទនេះជាចំណូលប្រចាំថ្ងៃ។ ជារៀងរាល់ថ្ងៃ គ្រួសារមួយនេះនៅតែចេញទូកដើម្បីរាយមោង ដោយរកបានត្រីស្រកាខ្លះ និងត្រីតូចៗ។ ថ្ងៃខ្លះ អ្នកស្រី សារឿន បានត្រី៤ឬ៥គីឡូគ្រាម ហើយលក់បានមួយគីឡូក្រាម៣ទៅ៤ពាន់រៀល។ អ្នកស្រីបន្តថា៖« ព្រឹកចេញទៅរក ល្ងាចមកវិញ មួយថ្ងៃបាន១ម៉ឺន ខ្លះបាន៥ពាន់ មិនទៀត ថ្ងៃខ្លះមិនរួចថ្លៃសាំងផង ព្រោះសាំងទៅមកវាជិត៤លីត្រ»។ គ្រួសារមួយនេះ ធ្លាប់ចេញទៅរកត្រីដល់តំបន់ព្រែកទាល់ ព្រំប្រទល់ខេត្តបាត់ដំបងដែរ តែរកបានប្រហាក់ប្រហែលក្នុងភូមិ ក៏វិលត្រឡប់មកវិញ។
 

 
កំពុងអង្គុយជ្រលក់ប្រេងសៃយ៉ឺន នៅក្រោយផ្ទះ អ្នកស្រី សារឿន បង្ហើបថាអ្នកស្រីប្រឹងចេញរកត្រីដោយពឹងលើសំណាងនេះ ក៏ដើម្បីសងធនាគារខ្លះដែរ និងបារម្ភពុំមានប្រាក់សងប្រចាំខែ។ អ្នកស្រីបានខ្ចីធនាគារយកមកធ្វើដើមទុនបន្ថែមកាលពីឆ្នាំ ហើយត្រូវបង់ ២៥ម៉ឺនប្រចាំខែ រយៈពេល៣ឆ្នាំ។
 
ដ្បិតថា អំឡុងពេលនេះមានការលំបាកបន្ដិចសម្រាប់គ្រួសារអ្នកស្រី សារឿន តែអ្នកស្រីមិនបោះបង់ចោលជាមួយនឹងរបរដែលធ្លាប់រកជាង២០ឆ្នាំនេះដោយងាយៗទេ។ អ្នកស្រីកំពុងរៀបចំសៃយ៉ឺនចំនួន ៦០០ ត្រៀមទុកដាក់កំពឹសនារដូវទឹកឡើង ដែលពេលនោះវាអាចនឹងជួយជីវភាពដល់គ្រួសារដែលមានកូន៤នាក់ក្នុងបន្ទុក បានប្រសើរជាងនេះ។ 


 
ចំណែកអ្នកស្រី ឡេន សាវេន វ័យ៤៥ឆ្នាំ ក៏មើលឃើញពីការធ្លាក់ចុះយ៉ាងគំហុកនៃផលនេសាទក្នុងបឹងទន្លេសាបនេះដែរ។ អ្នកស្រីរៀបរាប់ថា ទឹកទន្លេឆ្នាំនេះមិនបានស្រកលឿនដូចឆ្នាំទៅក៏ពិតមែន តែផលត្រីតិចដូចគ្នា ហើយកាន់តែខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំ។ 
 
អ្នកស្រីរៀបរាប់ថា៖« ថ្ងៃណាបានគ្រប់ប្រេង ខ្លះសល់១ម៉ឺន២ម៉ឺន បានតែមួយទប់ៗ បានតែត្រីនុយ មួយគីឡូ១ពាន់ មួយថ្ងៃ១៥០គីឡូអីទៅ»។
 
ក្រៅពីត្អូញរកចំណូលមិនបាននារដូវប្រាំងនេះ ក្នុងនោះអ្នកស្រី សាវេន ក៏ត្រូវចំណាយលើការជួសជុលកាណូតទេសចរណ៍ដែលទុកចោលដោយសារឥទ្ធិពលជំងឺកូវីដ១៩ ទៀត។ អ្នកភូមិដីក្រហមមួយនេះ មានកាណូតទេសចរណ៍៨គ្រឿង ដែលក្នុងមួយឆ្នាំ ត្រូវចំណាយ២លានរៀលសម្រាប់ការថែទាំ និងជួសជុល។
 
និយាយលាយនឹងទឹកមុខស្រងូតស្រងាត់ អ្នកស្រីបន្ថែមថា៖‍« ខ្ញុំអត់មានគម្រោងថាទៅធ្វើអ៊ីផ្សេងនៅខាងលើទេ ព្រោះធ្លាប់រករបរនេះពីដូនតាមក អ៊ីចឹងមានតែបន្តរក មានតែប្រឹងចេញទៅរក ទោះបានតិចក្ដី ច្រើនក្ដី ចេះតែទៅៗ»។
 
មេឃុំកំពង់ភ្លុក លោក សុខ ប្លង់ បានឱ្យដឹងថា បម្រែបម្រួលអាកាសធាតុធ្វើឱ្យរបបទឹកទន្លេសាប ក្រឡើង ដែលកាលពីឆ្នាំ២០២០កន្លងទៅ ទឹកចាប់ឡើងនៅចុងខែ កក្កដា ដែលធ្វើឱ្យផលនេសាទធ្លាក់ចុះជាខ្លាំង។ លោកពន្យល់ថា៖« តែកាលណាយូរ (ទឹកឡើង) ត្រីមិនបានចូលព្រៃពងកូន ធ្វើឱ្យប៉ះពាល់ត្រីពងកូន អាចពងក្នុងបឹង រាយតាមទន្លេ កាលណាអត់ត្រីអ្នកនេសាទប៉ះពាល់តាមហ្នឹង មួយទៀត វាក្ដៅធ្វើឱ្យភ្លើងឆេះព្រៃ វាល ពេលទឹកទន្លេឡើងមក អត់ជម្រកត្រី»។
 


 
យោងតាមផែនដីគ្រប់គ្រងសហគមន៍ឃុំកំពង់ភ្លុកនៅឆ្នាំ ១៩៩៩ ផ្ទៃដីព្រៃលិចទឹកតំបន់នេះមានជាង ៦ពាន់ហិកតា។ អាជ្ញាធរបានគ្រប់គ្រងព្រៃលិចទឹកបានល្អ ដោយពលរដ្ឋយល់ពីសារប្រយោជន៍សម្រាប់ផលនេសាទពួកគេ។ ពលរដ្ឋកំពង់ភ្លុក ៦៥ភាគរយជាអ្នកនេសាទ ៣០ភាគរយផ្នែកទេសចរណ៍ និង៥ភាគរយទៀតមានរបរជាជាងជួសជុល និងលក់ដូរ។ ខុសពីតំបន់លិចទឹកដទៃទៀត អ្នកភូមិនេះពុំមានដីធ្វើចម្ការដូចឃុំកំពង់ឃ្លាំង ឬសហគមន៍មេជ្រៃ នៃឃុំពាមតាអ៊ួរ ស្រុកពួកនោះទេ។ ជីវភាពប្រចាំថ្ងៃពឹងទាំងស្រុងលើការនេសាទ ក្រោយពីវិស័យទេសចរណ៍ដែលជាឆ្នាំងបាយដ៏ធំដែរនោះ ពុំមានសកម្មភាពជាងមួយឆ្នាំមកនេះ។
 
លោក សុខ ប្លង់ លើកឡើងថា៖« ដោយសារពីដើមមក ពលរដ្ឋនេះគាត់រក្សាព្រៃទុកដើម្បីរកត្រីបាន តែក្រោយមកត្រីខ្សត់ គាត់អត់អីធ្វើ ប្រសិនមានដីកសិកម្មខ្លះ ក៏សម្រួលសេដ្ឋកិច្ចគាត់ដែរ»៕
 
 
 
 
 
 

Tag:
 ទន្លេសាប
  កំពង់ភ្លុក
  បម្រែបម្រួលអាកាសធាតុ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com