អត្ថបទពាណិជ្ជកម្ម
គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ ទទួលបានTabletថ្មី និងទិន្ន ន័យអ៊ីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ
14, Jun 2021 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ - គ្រូឧទ្ទេស និងគណៈគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣៨០នាក់ ទទួលបាន Tabletថ្មី ជាមួយនឹងស៊ីមកាត និងទិន្នន័យអ៊ីនធើណិត ប្រើបាស់ដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការរវាង ក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងក្រុមហ៊ុន សែលកាត។ សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ ជាសាលាគោលដៅរបស់គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (ហៅកាត់ថា STEPCam)
ដែលទទួលជំនួយហិរញ្ញវត្ថុ ពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (ហៅកាត់ថា GPE)។
 
 ក្នុងក្របខណ្ឌគម្រោង STEPCam ក្រសួងអប់រំ យុវជន និងកីឡា កំពុងពង្រឹងគុណភាពវិស័យអប់រំទាំងមូល តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងដំឡើងគុណវុឌ្ឍិគ្រូឧទ្ទេស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប  ស្ទឹងត្រែង ស្វាយរៀង និងខេត្តតាកែវ។ 


 
គម្រោង STEPCam បានសហការជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៃក្រសួងអប់រំយុវជន និងកីឡា ក្នុងការដំឡើងគុណវុឌ្ឍិគ្រូឧទ្ទេស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដល់កម្រិតបរិញ្ញាបត្រអប់រំ។ គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ៦៨នាក់ បានបញ្ចប់ការសិក្សាឆ្នាំទី១ ប្រកបដោយភាពជោគជ័យ។ ស្របពេលនេះដែរ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគម្រោង STEPCam កំពុងអភិវឌ្ឍកម្មវិធីវិក្រឹតការបែបចម្រុះ (រៀននៅនឹងកន្លែង និងតាមអនឡាញ) ដោយផ្អែកលើរបាយការណ៍វាយតម្លៃ ស្តីពីតម្រូវការបណ្តុះបណ្តាល ដែលបានធ្វើឡើងកាលពីឆ្នាំមុន។
 
ការរាតត្បាតនៃជំងឺកូវីដ-១៩នៅកម្ពុជា បានបង្កការរាំងស្ទះដល់ការអនុវត្តសកម្មភាពគម្រោង និងឈានដល់ការបិទសាលាគរុកោសល្យ
និងវិក្រឹតការខេត្ត។ ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូឧទ្ទេស អាចបន្តការងារបង្រៀន និងត្រៀមរៀបចំពួកគាត់ ក្នុងការចាប់ផ្តើមវគ្គបណ្តុះបណ្តាលបែបចម្រុះបាន
ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូផ្តល់tablet ចំនួន ៣៨០គ្រឿង និងសហការជាមួយក្រុមហ៊ុន សែលកាត ក្នុងការដំឡើងស៊ីមកាត ដែលមានទិន្នន័យអ៊ីនធឺណិតប្រើប្រាស់ ដោយឥតគិតថ្លៃ ជូនទៅដល់គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុគ្គលិកអប់រំ នៅក្រសួងអប់រំ យុវជន និងកីឡា។


 
ការផ្តល់ជូននូវ Tablet ទាំងនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការបន្តគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឱ្យរីកចម្រើន ការអប់រំបែបឌីជីថលនៅកម្ពុជា។
ជាមួយនឹងជំនួយឧបត្ថម្ភពីក្រុមហ៊ុន សែលកាត ក្នុងកាលៈទេសៈដ៏សមស្របមួយនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបាននូវចំណេះដឹងបន្ថែម ក្នុងការប្រើប្រាស់ Tablet និងការគ្រប់គ្រងការងារបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញឈានទៅបង្កើនអក្ខរកម្មឌីជីថលរបស់ពួកគាត់៕
 
អំពីគម្រោង STEPCam
 
គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (Strengthening Teacher Education Programmes in Cambodia ហៅកាត់ថា STEPCam) បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៨ ដោយមានការគាំទ្រហិរញ្ញវត្ថុ ពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (Global Partnership for Education ហៅកាត់ថា GPE) និងកម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់វិស័យអប់រំ (The Capacity Development for Education Programme ហៅកាត់ថា CapED) របស់អង្គការយូណេស្កូ ក្នុងគោលបំណងពង្រឹងគុណភាពអប់រំ និងការលើកកម្ពស់សមត្ថភាព
និងដំឡើងគុណវុឌ្ឍិគ្រូបង្រៀននៅកម្ពុជា។ សកម្មភាពគម្រោងមាន៖ ១. អភិវឌ្ឍ និងអនុវត្តសាកល្បងប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន នាយកសាលា
និងអ្នកឯកទេសអប់រំ។ ២. បណ្តុះបណ្តាលគ្រូបង្រៀន និងគ្រូឧទ្ទេសកម្រិតបឋមសិក្សា ស្តីពីវិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ព្រមទាំងផ្តល់ការប្រឹក្សាគរុកោសល្យកម្រិតសាលារៀន។  ៣. ដំឡើងគុណវុឌ្ឍិ និងសមត្ថភាពគ្រូឧទ្ទេសសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។ ៤. កែលម្អបរិស្ថានរៀនសូត្រ និងបង្រៀន តាមរយៈការជួសជុលសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ១១។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោកស្រី អាង សូផា មន្រ្តីគម្រោង STEPCam៖ [email protected] ឬតាមរយៈលេខទូរស័ព្ទលេខ
០១២ ៩៨២ ១១៧ និង លោក ង៉ោ ប៉េងឡុង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
ក្រសួងអប់រំ យុវជន និងកីឡា [email protected] ឬ តាមរយៈលេខទូរស័ព្ទលេខ ០៧៧ ៩៨២ ៩៨៣៕
 

 





(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com