កីឡាអន្តរជាតិ
អន្តរជាតិ
Eriksen ស្បថមិនបោះបង់អាជីពបាល់ទាត់ ក្រោយធូរស្រាលពីសន្លប់
15, Jun 2021 , 8:59 am        
រូបភាព
Christian Eriksen បានអរគុណដល់អ្នកគ្រប់គ្នាដែលបានជួយខ្លួនដែលដួលសន្លប់លើទីលានដោយសារបញ្ហាបេះដូង ក្នុងជំនួបបើកឆាកពូល B ពានរង្វាន់ Euro 2020 ដែលដាណឺម៉ាកចាញ់ហ្វាំងឡង់ ១-០។ ក្រោយធូរស្រាលមកវិញ Eriksen អះអាងថា រូបគេមិនបោះបង់អាជីពជាកីឡាករបាល់ទាត់ឡើយ ទោះមានបញ្ហាបេះដូង។



Eriksen ខ្សែបម្រើ Inter Milan បានដួលនៅលើទីលានពេលជិតបញ្ចប់ការប្រកួតតង់ទីមួយរវាងម្ចាស់ផ្ទះដាណឺម៉ាក និងហ្វាំងឡង់ នាកីឡដ្ឋាន Parken ក្រុង Copenhagen។ ប្រធានក្រុមដាណឺម៉ាក Simon Kjaer បានចូលរួមសង្គ្រោះបឋម មុនពេលលោកអាជ្ញាកណ្តាល Anthony Taylor បានហៅក្រុមសង្គ្រោះឲ្យចូលក្នុងទីលាន។
 
ជុំវិញស្ថានភាពជំងឺរបស់ Eriksen វ័យ២៩ឆ្នាំ សហព័ន្ធកីឡាបាល់ទាត់ដាណឺម៉ាក (DBU) បានផ្តល់ព័ត៌មានជាបន្តបន្ទាប់ថាខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ត្រូវបានវេជ្ជបណ្ឌិតលោក Morten Boesen បង្ហាញថាមានបញ្ហាបេះដូង។ លោក Boesen ថែមទាំងអះអាងថា ខ្សែបម្រើអន្តរជាតិដាណឺម៉ាករូបនេះស្ទើតែបាត់បង់ជីវិតទៅហើយ មុនសង្គ្រោះបានសម្រេចនេះ។
 
ក្រុមគ្រូពេទ្យ និងប្រធានក្រុម Simon Kjaer ទទលបានការសរសើរយ៉ាងខ្លាំងចំពោះតួនាទីរៀងៗខ្លួន ក្នុងការជួយសង្គ្រោះ Eriksen ដើម្បីឱ្យមានសភាពធូរស្បើយឡើងវិញ។
 
តាមរយៈកាសែត Gazzetta dello Sport ក្រោយធូរស្រាលពីគ្រោះថ្នាក់ Eriksen បានផ្ញើសារអរគុណដល់អ្នកដែលបានជួយខ្លួនទាំងអស់។ មិនតែប៉ុណ្ណោះ អតីតសមាជិកក្រុម Tottenham Hotspur ថែមទាំងប្តេជ្ញាមិនបោះបង់អាជីពកីឡាករបាល់ទាត់ឡើយ ទោះបីខ្លួនមានបញ្ហាបេះដូងក្តី«អរគុណអ្នកទាំងអស់គ្នា ខ្ញុំនឹងមិនចុះចាញ់ឡើយ។ ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុន ប៉ុន្តែខ្ញុំចង់ដឹងពីអ្វីដែលបានកើតឡើងមកលើខ្ញុំនៅពេលនោះ។ ខ្ញុំចង់និយាយអរគុណអ្នកទាំងអស់គ្នាចំពោះអ្វីដែលអ្នកបានធ្វើសម្រាប់ខ្ញុំ»។ Eriksen បន្ថែមដូច្នេះ។
 
ក្រោយចាញ់ហ្វាំងឡង់នៅជំនួបបើកឆាក ប្រកួតបន្ទាប់សម្រាប់ពូល B ដាណឺម៉ាកនឹងត្រូវជួបបែលហ្ស៊ិក នៅយប់ថ្ងៃទី១៧ ខែមិថុនា៕
 

Tag:
 Christian Eriksen
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com