ជាតិ
សង្គមជាតិ
ខ្មែរ-អ៊ិស្លាមមួយចំនួន បង្ហាញផលលំបាកឲ្យរដ្ឋាភិបាលជួយដោះស្រាយ ក្រោយត្រូវបណ្តេញចេញភ្លាមៗពីទន្លេ
14, Jun 2021 , 9:45 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ស៊ុល រ៉វី

ពលរដ្ឋខ្មែរ-អ៊ិស្លាមមួយចំនួន ចិញ្ចឹមជីវិតដោយរបរនេសាទនិងរស់នៅជាប់ដងទន្លេចតុមុខ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អស់រយៈពេលជិត៣០ឆ្នាំហើយ។ ពួកគាត់ បង្ហាញផលលំបាកខ្លាំង និងមិនអាចដោះស្រាយទាន់ពេលវេលា នៅពេលអាជ្ញាធររាជធានីភ្នំពេញ ចេញបញ្ជាភ្លាមៗឲ្យពួកគាត់ រុះរើរោងជាលំនៅឋាននៅជាប់តាមដងទន្លេ ព្រំទាំងឲ្យដកទូកទេសាទចេញពីទន្លេផងដែរ។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ពលរដ្ឋខ្មែរ-អ៊ិស្លាម៤នាក់ បង្ហាញបំណងដូចគ្នា គឺពួកគាត់ មិនប្រឆាំងនឹងបញ្ជារបស់អាជ្ញាធរឡើយ ដោយយល់ព្រមរុះរើរោងចេញ តែស្នើសុំអាជ្ញាធរ បន្តអនុញ្ញាតឲ្យពួកគាត់ ទុកទូកទេសាទលើផ្ទៃទន្លេដដែល ដើម្បីរកត្រីលក់សម្រាប់ចិញ្ចឹមជីវិត។

ពួកគាត់ ត្អូញត្អែរថា នៅពេលអាជ្ញាធរ បណ្តេញចេញពីផ្ទៃទន្លេភ្លាមៗបែបនេះ ពួកគាត់ ពិបាកនឹងរករបរផ្សេងសម្រាប់ចិញ្ចឹមជីវិតណាស់ ខណៈកម្ពុជា កំពុងរងការយាយីដោយជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ពួកគាត់ បានប្រាប់ពីការលំបាកទៅរដ្ឋាភិបាលថា ពួកគាត់ មិនដឹងទៅរកទីតាំងថ្មីសម្រាប់តាំងលំនៅឋាននៅទីណាឡើយ ដូច្នេះពួកគាត់ ស្នើសុំឲ្យរដ្ឋាភិបាលជួយគិតគូរ និងជួយដោះស្រាយរឿងនេះជូនពួកគាត់។


ពលរដ្ឋខ្មែរ-អ៊ិស្លាមទាំងនោះ ស្ថិតក្នុងចំណោមអ្នកនេសាទផ្សេងទៀត ដែលត្រូវអាជ្ញាធររាជធានីភ្នំពេញ ដាក់កំហិតឲ្យចាកចេញពីផ្ទៃទន្លេ ដោយមិនអនុញ្ញាតឲ្យបន្តមានលំនៅឋាន ទូកនេសាន បែចិញ្ចឹមត្រី ឬ ឧបករណ៍រកត្រី នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទៀតឡើយ។ ដើមឡើយអាជ្ញាធរ ទុកពេល៧ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ឲ្យអ្នករស់នៅផ្ទៃទន្លេ ចាកចេញឲ្យអស់ តែដោយសារពួកគេ មិនអាចរើចេញទាន់ អាជ្ញាធរ ក៏ទុកពេលមួយរយៈខ្លីទៀត ដល់ពួកគេ។

គេ ដឹងថា ភាគច្រើននៃអ្នករស់នៅនិងប្រកបរបរនេសាទលើផ្ទៃទន្លេ ក្នុងភូសាសាស្រ្តរាជធានីភ្នំពេញ គឺជាជនជាតិវៀតណាម៕

Tag:
 ខ្មែរ-អ៊ិស្លាម
  នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com