ជាតិ
សពទេវនាដនិម្មិត ឯម ធ្ធាយ មានតេស្តវិជ្ជមានកូវីដ-១៩
× សពទេវនាដនិម្មិត ឯម ធ្ធាយ មានតេស្តវិជ្ជមានកូវីដ-១៩។ នេះជាការបញ្ជាក់របស់ចៅស្រីរបស់ លោកយាយ ដែលបានបញ្ជាក់ខ្លី ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ពិតមែន! គាត់ពិតមានវិជ្ជមានកូវីដ-១៩»។
អាជ្ញាធរសង្កាត់ព្រែកប្រា ក៏បានប្រកាសព័ត៌មាននេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរ។ លោក យូសុះ អាប់ឌុលឡោះ ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកប្រា បានបន្ថែមប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីសពរបស់ ទេវនាដនិម្មិត ឯម ធ្ធាយ ក្រុមគ្រូពេទ្យក៏រកឃើញថាចៅរបស់គាត់ដែលមានអាយុ៥ឆ្នាំ មានវិជ្ជមានកូវីដ-១៩ដែរ។
លោក យូសុះ អាប់ឌុលឡោះ បញ្ជាក់ថា ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ និងអាជ្ញាធរសង្កាត់ បានចុះយកសំណាក សពទេវនាដនិម្មិត ឯម ធាយ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ និងរកឃើញថាលោកយាយមានតេស្តវិជ្ជមានកូវីដ-១៩។ ដោយមិនអស់ ចិត្តក្រុមគ្រួសារ បានស្នើឱ្យក្រុមគ្រូពេទ្យធីតា ធ្វើតេស្តម្តងទៀត ព្រោះតែលោកយាយ នៅតែក្នុងផ្ទះ។ ជាលទ្ធផល នៅតែវិជ្ជមានដដែល។ នេះជាការបញ្ជាក់បន្ថែមរបស់ចៅសង្កាត់រងទី២។
សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺបន្ថែមជុំវិញករណីនេះបាននៅឡើយទេ។
ទេវនាដនិម្មិត ឯម ធ្ធាយ បានទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ នៅថ្ងៃទី១៥ មិថុនានេះ។
© រក្សាសិទ្ធិដោយ thmeythmey.com