ជាតិ
សង្គមជាតិ
ផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​ជិត​១,៤០០​ទីតាំង បាន​រើ​ចេញពី​ទន្លេ​នៅ​រាជធានី​ភ្នំពេញ​
15, Jun 2021 , 8:32 pm        
រូបភាព
ក្នុងចំណោម​ផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី រួមទាំង​សំណង់​មិន​រៀបរយ​សរុប​ប្រមាណ​១,៧០០​ទីតាំង ដែលមាន​នៅតាម​ដង​ទន្លេ​ក្នុង​ខណ្ឌ​មួយចំនួន​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នោះ គឺមាន​ជិត​១,៤០០​ទីតាំង​ហើយ​បាន​រើ​ចេញពី​ផ្ទៃ​ទន្លេ​។ នេះ​ជាការ​លើកឡើង​របស់លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ​។

 
​ពលរដ្ឋ​ជា​ជនជាតិខ្មែរ​-​ឥស្លាម និង​ជនជាតិ​វៀតណាម ដែល​រស់​នៅលើ​ផ្ទៃ​ទឹក​ក្នុង​ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ឬ​ស្សី​កែវជា​ដើម​នោះ បាន​ស្ម័គ្រចិត្ត​រុះរើ​ផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​ខ្លួន​ជា​បន្តបន្ទាប់​ចាប់តាំងពី​មាន​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២​មិថុនា ឆ្នាំ​២០២១​មក​។ 
 
«​គិតដល់​ថ្ងៃនេះ មានផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​ជិត​១,៤០០​ទីតាំង​ហើយ ត្រូវបាន​រើចេញ​ពី​ទន្លេ​»​។ លោក សាន សុខ​សីហា បន្ត​ប្រាប់​សារព័ត៌មាន​ThmeyThmey​តាម​ទូរ​សព្ទ​នា​រសៀល​ថ្ងៃទី​១៥​មិថុនា​ដូច្នេះ​៖«​ពលរដ្ឋ​ដែល​បាន​ចេញពី​ទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​យើង គឺមាន​មួយចំនួន​បាន​ឡើងគោក និង​មួយចំនួនទៀត បាន​បណ្តែត​ខ្លួន​តាម​ក្បូន ឬក៏​ផ្ទះ​បណ្តែត​ទឹក​ហ្នឹង ទៅ​មូលដ្ឋាន​ក្នុង​ខេត្ត​នានា​»​។​
 
​បើតាម​អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ​រូបនេះ ចំពោះ​ផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​ប្រមាណ​៣០០​ទីតាំង​ទៀត​ដែល​មិនទាន់បាន​រុះរើ​ចេញពី​ទេនោះ កងកម្លាំង​ប៉ូលិស​កំពុង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​តាម​ខណ្ឌ​នីមួយៗ ដើម្បី​ចុះ​ណែនាំ​ដល់​ពលរដ្ឋ​ទាំងនោះ ឱ្យ​រើ​សំណង់​របស់ខ្លួន​ចេញពី​ផ្ទៃ​ទន្លេ​។ 
 
​ជាមួយគ្នានេះ លោក ផៃ ស៊ី​ផាន ដែលជា​អ្នក​ពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើងថា ផ្ទះ​បណ្តែត​ទឹក  បែ​ចិញ្ចឹម​ត្រី និង​សំណង់​នានា​ដែល​មិនទាន់​រុះ​រើស​ចេញពី​ទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នោះ គឺ​ដាច់ខាត​ត្រូវតែ​រើចេញ​ឱ្យអស់​ដើម្បី​កែលម្អ​បរិស្ថាន និង​រៀបចំ​សណ្តាប់​តាម​ដង​ទន្លេ​ឱ្យស្រប​ទៅតាម​ច្បាប់បរិស្ថាន​ដែល​អនុម័ត​ដោយ​រដ្ឋសភាជាតិ​កម្ពុជា​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា កា​រុះរើ​សំណង់​ទាំងនេះ​ឱ្យអស់​ពី​ទ​ន្ល​នៅក្នុង​រយៈពេល​ណាមួយ​នោះ គឺ​អាស្រ័យ​ទៅតាម​លទ្ធភាព​ជាក់ស្តែង​។​
 
«​សំណង់​នៅតាម​ទន្លេ​[​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​]​ទាំងអស់ ត្រូវតែ​រើចេញ​ពី​ផ្ទៃ​ទន្លេ​»​។ លោក ផៃ ស៊ី​ផាន មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ThmeyThmey​តាម​ទូ​សព្ទ​ដូច្នេះ ដោយបាន​បន្ត​រៀបរាប់ថា​៖«​ក្នុងករណី​ជាក់ស្តែង​ណាមួយ​ដែល​សំណង់​មិនទាន់​អាច​រុះរើ​សំណង់​ចេញពី​ទន្លេ​ភ្លាមៗ​បាន គឺ​យើង​ទុកពេល​ឱ្យគេ​មួយរយៈ​ពេល​សិន ប៉ុន្តែ​ពលរដ្ឋ​ទាំងអស់​ត្រូវតែ​ចាកចេញ​ពី​កន្លែង​ដែល​យើង​អនុវត្ត ដោយ​អាច​ស្នាក់នៅ​ម្តុំ​មួយណា​សិន​»​។ 
 
​បើតាម​លោក ផៃ ស៊ី​ផាន ពលរដ្ឋ​ដែល​បាន​ចាក​ចេញពី​ទន្លេ មាន​មួយចំនួន​បាន​ជួល​ផ្ទះ​គេ​ស្នាក់នៅ ហើយ​ចំពោះ​ពលរដ្ឋ​ដែល​រស់នៅ​កម្ពុជា​ខុសច្បាប់ គឺ​ដាច់ខាត​បណ្តេញ​ចេញពី​ទឹកដី​កម្ពុជា​។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រូបនេះ បានបញ្ជាក់​បន្ថែមថា ការអនុវត្ត​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺធ្វើឡើង​ក្នុង​គោលដៅ​កែលម្អ​បរិស្ថាន និង​រៀបចំ​សោភ័ណភាព​តាម​ដង​ទន្លេ ដោយ​មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​ច្បាប់​អន្តោប្រវេសន៍ ហើយក៏​មិន​លាយឡំ​ជាមួយ​រឿង​នយោបាយ​និង​ការរើសអើង​ពូជសាសន៍​ណាមួយ​ដែរ​។​
 
​កាលពី​ថ្ងៃទី​២​មិថុនា ឆ្នាំ​២០២១ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​លិខិត​ជូនដំណឹង ដល់​អ្នក​មានផ្ទះ​បណ្ដែត​ទឹក​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ឱ្យ​រុះ​រើចេញ​ជាបន្ទាន់ ត្រឹម​ថ្ងៃទី​៩​មិថុនា​។ ក្រោយ​ផុត​ឱសានវាទ​នេះ អាជ្ញាធរ បានសម្រេច​ឲ្យ​មានការ​រុះរើ​មិន​ដោយ​មិន​កំណត់​ថ្ងៃ​ឡើយ ព្រោះ​ចង់​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងនោះ​រុះរើ​ដោយ​ខ្លួនឯង ប៉ុន្តែ​អាជ្ញាធរ ក៏បាន​ព្រមាន​អនុវត្ត​វិធានការ​រដ្ឋបាល ប្រសិន​សំណង់​មិន​រៀបរយ​ទាំងនោះ នៅ​បន្ត​ត្រៀបត្រា​លើ​ដង​ទន្លេ​។​
 
​កាលពី​ថ្ងៃទី​៩​មិថុនា លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​និយាយប្រាប់​សារព័ត៌មាន​ThmeyThmey​ដូច្នេះ​៖«​រហូតដល់​ថ្ងៃ​យើង​ផុត​ឱសានវាទ​នេះ​(​ថ្ងៃទី​៩​មិថុនា​) យើង​ចង់​ទុកពេល​ឱ្យ​ពួកគាត់​បន្តិចទៀត ព្រោះ​ដោយសារតែ​យើង​ឃើញ​ពលរដ្ឋ​ទាំងនោះ កំពុងតែ​រុះរើ​ចេញទៅ​ហើយ​។ អ៊ីចឹង​! យើង​អត់​ចង់​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ភ្លាម​ទេ​ដែលនាំឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​ខូចខាត​សម្ភារ​ផ្សេងៗ​ជាដើម​ទេ​»៕ 
 

Tag:
 ផ្ទះ​បណ្តែត​ទឹក​
  បែ​ចិញ្ចឹម​ត្រី​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com