កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ៣ពិន្ទុបើកឆាកសម្រាប់ព័រទុយហ្គាល់ និងបារាំង
16, Jun 2021 , 7:59 am        
រូបភាព
រូបថត Getty Images/UEFA
រូបថត Getty Images/UEFA
ដោយ: ថ្មីៗ
ម្ចាស់ការពារជើងឯកព័រទុយហ្គាល់ឈ្នះហុងគ្រី ៣-០ មុនជើងឯករងបារាំងឈ្នះអាល្លឺម៉ង់ ១-០ នាជំនួបបើកឆាកពូល F នៃពានរង្វាន់ Euro 2020។


 
ក្នុងជំនួបនាកីឡដ្ឋាន Puskas Arena ព័រទុយហ្គាល់រកបានគ្រាប់ដំបូងនៅនាទី៨៤ ដែលជាការស៊ុតបាល់បញ្ចូលទី ជើងឆ្វេងរបស់ Raphael Guerreiro ក្រោយ Rafa Silva បញ្ជូនចូលក្នុងប្រអប់គ្រោះថ្នាក់។ 
 
២គ្រាប់ទៀតសម្រេចបានដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅនាទី៨៧ ដែលជាការស៊ុតបាល់ប៉េណាល់ទី  ក្រោយខ្សែការពារហុងគ្រី Willi Orban បង្កកំហុសលើ Rafa Silva ក្នុងតំបន់គ្រោះថ្នាក់ និងគ្រាប់១ទៀតនៅនាទី៩០+២ ដោយ Silva សារជាថ្មីម្តងទៀត បញ្ជូនឲ្យ Ronaldo ស៊ុតចូលទីដោយប្រើជើងឆ្វេង។
 
 បន្ទាប់ក្នុងជំនួបនាកីឡដ្ឋានក្រុងមុយនិច ខ្សែការពារបារាំង Lucas Hernandez បានទាត់បាល់ចូលទៅក្នុងប្រអប់ទីរបស់អាល្លឺម៉ង់ ហើយធ្វើឲ្យខ្សែការពារ Mats Hummels ភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងនៅ២០នាទីដំបូង។ នៅ៥នាទីចុងក្រោយ Karim Benzema ក៏បានស៊ុតបាល់បញ្ចូលទីផងដែរ ប៉ុន្តែក្រោយត្រួតពិនិត្យរបស់ VAR បង្ហាញថាជាគ្រាប់បាល់ស្ថិតនៅជំហរក្រៅល្បែង។
 
ខ្សែបម្រើបារាំង Paul Pogba ជាកីឡាករឆ្នើមប្រចាំការប្រកួត Star of the Match។
 
ដូច្នេះសម្រាប់ការប្រកួតបើកឆាកពូល F នេះ ព័រទុយហ្គាល់ឈរលេខ១បណ្តោះអាសន្ន បារាំងស្ថិតនៅលេខ១ ខណៈអាល្លឺម៉ង់ និងហុងគ្រី ត្រូវបន្តប្រឹងប្រែងដើម្បីបានពិន្ទុរាប់នៅក្នុងពូល៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com