ជាតិ
ទឹកដីកម្ពុជាក្រោមនៅរក្សាបានទំនៀម ដោយក្មេងប្រុសត្រូវបួសបំពេញភិក្ខុសងគុណព្រះរស់
16, Jun 2021 , 2:07 pm        
រូបភាព
ភ្នំពេញ៖ ក្រៅតែពីការបួសបំពេញភិក្ខុ ដើម្បីសងគុណព្រះរស់ ប្រជាជនខ្មែរដែលរស់នៅលើទឹកដីកម្ពុជាក្រោមស្ទើតែទាំងស្រុង ឱ្យកូនប្រុសរបស់ខ្លួនបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ក្នុងបំណងសុំឱ្យព្រះសង្ឃជួយអប់រំកូនចៅរបស់ពួកគេ ឱ្យដើរតាមគន្លងធម៌ ប្រព្រឹត្តខ្លួនជាមនុស្សមានសីលធម៌ក្នុងសង្គម។ ពេលវេលានៃការបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ព្រះសង្ឃមានឱកាសច្រើន ក្នុងការរៀនភាសាខ្មែរ និងភាសាបាលី។


 
កញ្ញា ឆន ស្រីណេត គឺជានារីខ្មែរកម្ពុជាក្រោមមួយរូប បានប្រាប់សារព័ត៌មានថ្មីៗថា ប្រជាជនខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ដោយបច្ចុប្បន្នស្ថិតក្នុងប្រទេសវៀតណាមនោះ នៅរក្សាបានប្រពៃណី ក្មេងប្រុសត្រូវបួសបំពេញភិក្ខុ ដើម្បីសងគុណព្រះរស់ ដែលជាមាតាបិតា។
 
នារីដែលចេញពីស្រុកកំណើតមករាជធានីភ្នំពេញ ដើម្បីរកការងារធ្វើរូបនេះបន្ថែមថា ការបួសបំពេញភិក្ខុ ត្រូវបានធ្វើឡើងនៅពេលក្មេងប្រុសមានអាយុ២១ឆ្នាំ។ ទោះជាយ៉ាងក៏ដោយ ការបួសនេះមិនបានដាក់កំហិតពេលវេលាឡើយ មានន័យថាក្មេងប្រុសអាចសឹកវិញពេលណាក៏បាន អាស្រ័យលើឧបនិស្ស័យក្នុងផ្នួស។
 
កញ្ញា ឆន ស្រីណេត បញ្ជាក់បន្ថែម៖«ក៏មានដែរក្មេងប្រុសដែលមិនបួស ប៉ុន្តែភាគច្រើនគេបួស។ ទោះតែមិនកំណត់ពេលបួសក្ដី ប៉ុន្តែភាគច្រើនឃើញគេបួសបានរាប់ឆ្នាំ។ ពេលបួសព្រះសង្ឃអាចមានពេលរៀនភាសាខ្មែរពីថ្នាក់ទី១ដល់ថ្នាក់ទី៥ បន្ទាប់មករៀនភាសាបាលីរហូតដល់ថ្នាក់ទី១២ ហើយសញ្ញាបត្រនេះ សាលាវៀតណាមក៏គេទទួលស្គាល់ដែរ។ បើលោកបួសតាំងពីតូច នោះលោកត្រូវរៀននៅសាលាវៀតណាមផង និងរៀននៅវត្តផង។ ទោះតែបួសពីតូចក្ដី ក៏ត្រូវតែបួសបំពេញភិក្ខុនៅអាយុ២១ឆ្នាំដែរ មុននឹងសឹក ដើម្បីសងគុណម្ដាយឪពុក»។
 
នារីចេះនិយាយ៤ភាសា ឆន ស្រីណេត បន្ថែមថា ជាធម្មតាការធ្វើពិធីបំបួសនាគ នៅកម្ពុជាក្រោម ភាគច្រើនគេប្រមូលកូនអ្នកភូមិច្រើនរូប ដើម្បីធ្វើពិធីបុណ្យនិងដង្ហែរួមគ្នា ដោយការធ្វើបុណ្យបំបួសនាគមានរយៈពេល២ថ្ងៃ។
 
ក្រៅពីការរក្សាបាន ទំនៀមទម្លាប់បួសបំពេញភិក្ខុសងគុណម្ដាយឪពុក  នៅកម្ពុជាក្រោមក៏នៅរក្សាបានពិធីបុណ្យ ដែលបន្សល់ទុកតាំងពីបុរាណជាច្រើនទៀតផងដែរ ដូចជាបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យដូនតា (បុណ្យភ្ជុំបិណ្ឌ) បុណ្យកឋិន បុណ្យដង្ហែគម្ពីព្រះត្រៃបិដក បុណ្យផ្កា បុណ្យបណ្ដែតប្រទីប បង្ហោះគោម បុណ្យឡើងផ្ទះលោកតា(បុណ្យសុំទឹកភ្លៀង)ជាដើម។ 
ពិធីបុណ្យខាងលើនោះត្រូវបាន កញ្ញា ស្រីណេត អះអាងថា គេប្រារព្វឡើយយ៉ាងគគ្រឹកគ្រេង និងសប្បាយក្រៃលែង។ បន្ថែមពីនោះ ការថែរក្សាវង់ភ្លេងបុរាណខ្មែរ ក៏ខ្មែរកម្ពុជាក្រោមនៅការពារបានល្អ ដើម្បីបម្រើក្នុងកម្មវិធីបុណ្យនានា។
 
ចំពោះប្រពៃណីនៃការស្លៀកពាក់វិញ កញ្ញា ឆន ស្រីណេត បញ្ជាក់ថា ខ្មែរកម្ពុជាក្រោយភាគច្រើន នៅតែគាប់ចិត្តនឹងការស្លៀកសម្លៀកបំពាក់បែបប្រពៃណីជាតិ ដូចជាហូល ផាមួង ជាពិសេសសម្លៀកបំពាក់ចងក្បិន ពេលទៅចូលរួមពិធីបុណ្យនានា។ នាងថា អ្នកខ្លះទិញសម្លៀកបំពាក់ប្រពៃណីទាំងនោះ តម្កល់ទុកក្នុងផ្ទះស្រាប់ ហើយមួយចំនួនជួលគេស្លៀក។ ទោះជាយ៉ាងណា សម្រាប់ឈុតចងក្បិត វត្តអារាមក៏បានជួយឧបត្ថម្ភសម្រាប់ពុទ្ធបរិស័ទខ្លះផងដែរ។
 
នារីខ្មែរកម្ពុជាក្រោមដែលមានវ័យ២៤ឆ្នាំរូបនេះ ពន្យល់ពីការអប់រំទូន្មានកូនចៅ នៅលើទឹកដីខ្មែរកម្ពុជាក្រោមដូច្នេះ៖«ម្ដាយឪពុកនៅកម្ពុជាក្រោម គាត់អប់រំកូនចៅបានល្អណាស់ គាត់ឱ្យចេះសាមគ្គីគ្នា ចេះស្រឡាញ់គ្នា និងត្រូវចេះកសាងសេចក្ដីសុខឱ្យគ្នានិងគ្នា មិនឱ្យបង្ករឿងទេ។ នៅកម្ពុជាក្រោម គេខំថែរក្សាវប្បធម៌ និងប្រពៃណីខ្លាំងណាស់។ ពេលមានបុណ្យគេមានកន្លែងលក់ផ្កា និងកន្លែងចុះឈ្មោះឡើយច្រៀង ហើយគេទិញផ្កាយកទៅឱ្យអ្នកសិល្បៈណាដែលគេពេញចិត្ត»៕

Tag:
 ប្រពៃណី
  ទម្លាប់
  ទំនៀម
  កម្ពុជា
  ក្មេង
  បួស
© រក្សាសិទ្ធិដោយ thmeythmey.com