COVID-19
ជាតិ
១៥ថ្ងៃ ក្នុងខែមិថុនា កម្ពុជាមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ សរុប១៤៨នាក់!
16, Jun 2021 , 4:43 pm        
រូបភាព
មនុស្សចំនួន ១៤៨នាក់ បានស្លាប់ដោយសារកូវីដ-១៩ ក្នុងរយៈពេល១៥ថ្ងៃ ក្នុងខែមិថុនានេះ។ ចំនួននេះកើនជិត ១០០នាក់ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងខែឧសភា ដែលមានត្រឹម ៥៤នាក់ប៉ុណ្ណោះ។

 
រយៈពេល១៥ថ្ងៃចុងក្រោយនេះ កម្ពុជាបានប្រកាសពីករណីស្លាប់ជារៀងរាល់ថ្ងៃ ដោយចំនួនប្រចាំថ្ងៃទាបបំផុតគឺ៣នាក់ ហើយចំនួនច្រើនជាងគេគឺ១៥នាក់ ដែលក៏ជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់កម្ពុជាដែរ។  សរុប ១៥ថ្ងៃក្នុងខែមិថុនានេះ គឺអ្នកស្លាប់មានរហូតដល់ទៅ ១៤៨នាក់ ខណៈកាលពីខែឧសភា មានតែ៥១នាក់ប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ។ 
 
ក្រៅពីមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ករណីឆ្លងថ្មីក៏មិនថមថយដែរ ដោយបានរកឃើញប្រចាំថ្ងៃក្នុងចន្លោះ ៤២៦នាក់ ដល់៨៨៦នាក់។ សរុបអ្នកឆ្លងថ្មី ១៥ថ្ងៃមកនេះ មានចំនួន ៩, ៤៤៧នាក់ ក្នុងនោះ ៥៥៥នាក់ ជាករណីនាំចូលពីប្រទេសថៃ។ យោងតាមរបាយការណ៍ ចំនួនអ្នកឆ្លងសរុប ក្នុងកន្លះខែចុងក្រោយនេះ ក៏ច្រើនជាងកាលពីខែមុន ជាង១ពាន់ករណីដែរ។  
 
នៅរយៈពេល១៥ថ្ងៃ ក្នុងខែមិថុនានេះ ក៏មានអ្នកជំងឺចំនួន ១០,៩៣៦នាក់ បានជាសះស្បើយដែរ និងច្រើនជាងចំនួនអ្នកសះស្បើយក្នុងរយៈពេលដូចគ្នាក្នុងខែឧសភាចំនួន ៤,១០០ករណី។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៤០១៥៧នាក់ ក្នុងនោះ  ១៤៨៦ជាករណីនាំចូល។ អ្នកសះស្បើយសរុបមាន ៣៤៣២៥នាក់ និងស្លាប់ ៣៦៨ នាក់៕ 
 
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com