ជាតិ
សង្គមជាតិ
សកលវិទ្យាល័យជាតិគ្រប់គ្រង ជាប់ជាសាកលវិទ្យាល័យកំពូលក្នុងចំណោម៥០របស់ពិភពលោក
16, Jun 2021 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសាទរដល់សកលវិទ្យាល័យជាតិគ្រប់គ្រង ដែលត្រូវបានគណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក ទទួលស្គាល់ និងវាយតម្លៃថា ជាសាកលវិទ្យាល័យកំពូល ក្នុងចំណោមសកលវិទ្យាល័យទាំង៥០ក្នុងពិភពលោក។

 
គណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក (The World’s University with Real Impact Ranking ២០២១) បានសម្រេចផ្តល់ចំណាត់ថ្នាក់ដល់សកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ផ្នែកកម្មវិធីសិក្សាសហគ្រិនភាព ដែលជាប់ចំណាត់ថ្នាក់ទី២៦ ក្នុងចំណោមសកលវិទ្យាល័យទាំង៥០។ 
 
ចំណែកកម្មវិធីបណ្តុះតម្លៃសីលធម៌សង្គមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺទទួលបានចំណាត់ថ្នាក់ទី៣៧ និងកម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ ជាប់ចំណាត់ថ្នាក់ទី៣៣ ក្នុងចំណោមសកលវិទ្យាល័យទាំង៥០។ 
 
ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកលទ្ធផលនេះ ជាការឆ្លុះបញ្ចាំងអំពី កិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង សាស្ត្រចារ្យ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងការកែលម្អកម្មវិធីសិក្សា និងដំណើរការបង្រៀន និងការស្រាវជ្រាវ ក្នុងបរិការណ៍ជំងឺកូវីដ-១៩។
 
ជាពិសេសបានពាំនាំនូវមុខមាត់ថ្មីនៃវិស័យឧត្តមសិក្សារបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ និងផ្តល់ជំនឿទុកចិត្តសម្រាប់អប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាជូនដល់សិស្សានុសិស្ស និស្សិត មាតាបិតា និងអាណាព្យាបាល និងជាបន្ទាត់ថ្មីនៃការប្រកួតប្រជែង ការលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវ ដើម្បីឆ្ពោះទៅការបង្កើតកម្មវិធីសិក្សា សម្រាប់ឆ្លើយតម្រូវការទីផ្សារ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ 
 
សូមបញ្ជាក់ថា សកលវិទ្យាល័យ Hanze University of Applied Sciences នៃប្រទេសហូឡង់ ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកកម្មវិធីសិក្សាសហគ្រិនភាព។ សកលវិទ្យាល័យ Burapha University នៃប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកកម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ និងសកលវិទ្យាល័យ Ecole 42 នៃប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខមួយផ្នែក វិធីបណ្តុះតម្លៃសីលធម៌សង្គម៕ 
 

Tag:
 អប់រំ
 សកលវិទ្យាល័យជាតិគ្រប់គ្រង
© រក្សាសិទ្ធិដោយ thmeythmey.com