COVID-19
ជាតិ
ករណីឆ្លងថ្មីនៅកោះកុង និងព្រៃវែង នៅតែខ្ពស់ ខណៈសៀមរាបរកឃើញ ២នាក់ប៉ុណ្ណោះ
17, Jun 2021 , 10:44 am        
រូបភាព
ដោយ: ថ្មីៗ
ខេត្តកោះកុង និងព្រៃវែង នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ខ្ពស់ប្រចាំថ្ងៃ ខណៈសៀមរាបតួលេខធ្លាក់ចុះគួរឱ្យសាទរ។  ខេត្តកោះកុងមាន ៦៨នាក់ និងព្រៃវែង ៥៥នាក់ ខណៈរកឃើញតែ២ករណីប៉ុណ្ណោះ នៅថ្ងៃទី១៦ មិថុនា។ ខេត្តកំពត បន្តរកឃើញ ២៤ករណី និងមានអ្នកស្លាប់១នាក់បន្ថែម រីឯបាត់ដំបង មាន១៩នាក់។ ខេត្តកំពង់ធំ និងមណ្ឌលគិរី មានអ្នកឆ្លងថ្មី ១៥នាក់រៀងខ្លួន ខណៈព្រះវិហារមាន២នាក់បន្ថែម ឧត្តរមានជ័យ មានអ្នកស្លាប់១នាក់។

 
កោះកុង៖ ករណីថ្មី ៦៨នាក់ និង១៦នាក់ជាសះស្បើយ
 
កោះកុង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៨នាក់បន្ថែមទៀត និងមានអ្នកជំងឺ ១៦នាក់ទៀតដែរ បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៨នាក់នេះ គឺជាពលរដ្ឋនៅឃុំប៉ាក់ខ្លង នៃស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 
 
ព្រៃវែង៖ ៥៥នាក់ទៀត ភាគច្រើនជាអ្នករស់នៅស្រុកព្រះស្តេច
 
ក្នុងចំណោម ៥៥ករណីបន្ថែមនេះ មានពលរដ្ឋនៅស្រុកព្រះស្តេច ១៩នាក់, ពលរដ្ឋ១៣នាក់នៅស្រុកពារាំង ,១០នាក់នៅស្រុកមេសាង ខណៈស្រុកបាភ្នំ និងស្រុកស៊ីធរកណ្តាល មាន៣នាក់រៀងខ្លួន។ នៅស្រុកស្វាយអន្ទរ និងស្រុកពោធិ៍រៀង ក៏មាន២នាក់រៀងខ្លួនដែរ ខណៈក្រុងព្រៃវែង និងស្រុកពាមរក៍ មាន១នាក់រៀងខ្លួន។ អ្នកជំងឺ១នាក់ទៀត ជាអ្នកខេត្តកណ្តាល។ គិតត្រឹមថ្ងៃទី ១៦ មិថុនា ខេត្តព្រៃវែង មានករណីឆ្លងកូវីដ-១៩ ចំនួន ១០៦៧នាក់ ក្នុងនោះ៥២១នាក់បានជាសះស្បើយ ១១នាក់ស្លាប់ និងអ្នកជំងឺចំនួន ៥៣៥នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
កំពត៖ ករណីថ្មី២៤នាក់ និង១នាក់ស្លាប់
 
ខេត្តកំពតរកឃើញអ្នកឆ្លងកូវីដ-១៩បន្ថែម ២៤នាក់ទៀត និងមានអ្នកជំងឺ១នាក់បានស្លាប់។ ក្នុងចំណោមករណីថ្មីទាំង ២៤នោះ មាន១២នាក់រស់នៅស្រុកកំពង់ត្រាច, ៤នាក់នៅស្រុកអង្គរជ័យ, ១នាក់នៅស្រុកឈូក។ អ្នកជំងឺ៣នាក់ជាអ្នកខេត្តកណ្តាល, ១នាក់នៅភ្នំពេញ, ១នាក់នៅតាកែវ និង១នាក់ទៀតនៅកោះកុង។ ក្រៅពីរកឃើញករណីថ្មី ខេត្តកំពតក៏ប្រកាសករណីស្លាប់១នាក់បន្ថែមដែរ លើស្ត្រីវ័យ ៨១ឆ្នាំ ដែលមានអាសយដ្ឋាននៅក្រុងដូនកែវ ខេត្តតាកែវ។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩។ បច្ចុប្បន្ន ខេត្តកំពត មានអ្នកឆ្លងកូវីដ-១៩ សរុប ៩២៦នាក់ ក្នុងនោះ២៨០នាក់ បានជាសះស្បើយ ស្លាប់៧នាក់ និង៦៣៦នាក់ទៀតកំពុងសម្រាកព្យាបាល។  

បាត់ដំបង៖ ឆ្លងថ្មី ១៩នាក់ ជាសះស្បើយ១២នាក់
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៩នាក់នោះ មាន ៦នាក់ ជាពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ។ អ្នកវិជ្ជមានទាំង ១៩នាក់នោះ ជាអ្នកដែលមានទីលំនៅក្នុងក្រុងបាត់ដំបង នៅស្រុកសំពៅលូន, កំរៀង, រតនមណ្ឌល, សំឡូត, បាណន់, ថ្មគោល និងស្រុកឯកភ្នំ។ ជាមួយគ្នា ក៏មានអ្នកជំងឺចំនួន ១២នាក់បានជាសះស្បើយផងដែរ។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៦៨នាក់ ក្នុងនោះ២៦៤នាក់បានសះស្បើយ ស្លាប់៣នាក់ និង៣០១នាក់ទៀត បន្តការព្យាបាល។ 
 
កំពង់ធំ៖ មាន១៥នាក់ បន្ថែមទៀត
 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ១៥នាក់នោះ មាន ២នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ តាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះ មានពលរដ្ឋស្រុកបារាយណ៍, ស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកស្ទោង និងស្រុកសណ្តាន់។ ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៩៦នាក់ គិតត្រឹមថ្ងៃទី១៦ មិថុនា ក្នុងនោះ២៧១នាក់បានជាសះស្បើយ ២នាក់ស្លាប់ និង២២៣នាក់ទៀត កំពុងសម្រាកព្យាបាល។
 
មណ្ឌលគិរី៖ រកឃើញ១៥នាក់បន្ថែម ភាគច្រើននៅឃុំប៊ូស្រា និងដាក់ដាំ
 
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់នោះ មាន៦នាក់ជាអ្នករស់ក្នុងឃុំប៊ូស្រា និងឃុំពូជ្រៃស្រុកពេជ្រាដា។ ៥នាក់នៅឃុំដាក់ដាំ ស្រុកអូររាំង។ ៣នាក់នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និង១នាក់នៅឃុំស្រែខ្ទុម ស្រុកកែវសីមា។  
 
សៀមរាប៖មានតែ២នាក់ទេ តែមានអ្នកជំងឺ១នាក់ទៀតស្លាប់ ជាករណីទី៤
 
មានតែ២ករណីប៉ុណ្ណោះ មានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ខេត្តទេសចរណ៍មួយនេះ។ អ្នកវិជ្ជមានទាំង ២នាក់នោះ មានម្នាក់ជាបុរសវ័យ ៣៤ឆ្នាំ រស់នៅសង្កាត់គោកចក និងម្នាក់ទៀតជាក្មេងប្រុសវ័យ ៩ឆ្នាំ ដែលគេបានឆ្លងពីឪពុកម្តាយ និងរស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ អាជ្ញាធរខេត្តសៀមរាប  ក៏ប្រកាសពីករណី១នាក់បន្ថែមដែរ និងជាករណីទី៤នៅក្នុងខេត្ត លើស្ត្រីវ័យ៨៤ឆ្នាំ រស់នៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារ រលាកសួតបង្កដោយជំងឺកូវីដ-១៩ គួបផ្សំនឹងបញ្ហាបេះដូងផង។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥០៨នាក់ ក្នុងនោះ ១១៨នាក់ បានជាសះស្បើយ ៤នាក់ស្លាប់ និង៣៨៦នាក់ កំពុងសម្រាកព្យាបាល។

ព្រះវិហារ៖ មាន២នាក់ ក្នុងនោះ១នាក់ជាអ្នកដំណើរពីភ្នំពេញ
 
ក្នុងចំណោម ២ករណីថ្មីនេះ មាន១នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញដែលជាយុវជនវ័យ២៦ឆ្នាំ មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក១នាក់ទៀត គឺជាក្មេងអាយុ១១ឆ្នាំ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្ន ខេត្តព្រះវិហារ មានអ្នកកើតកូវីដ-១៩ សរុប ៤១នាក់ ក្នុងនោះ៨នាក់បានជាសះស្បើយ ៣៣នាក់ទៀត កំពុងបន្តការព្យាបាល។ 
 
ឧត្តរមានជ័យ៖ គ្មានអ្នកឆ្លងថ្មី តែមានអ្នកស្លាប់១នាក់ និងជាសះស្បើយ១២នាក់
 
រដ្ឋបាលខេត្តឧត្តរមានជ័យ នៅបានប្រកាសករណីស្លាប់១ករណីទៀត ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ មិថុនា ដែលជាករណីទី២នៅក្នុងខេត្តនេះ ។ អ្នកជំងឺដែលស្លាប់ គឺជាបុរស វ័យ ៥២ឆ្នាំ រស់នៅភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ១២នាក់ បានជាសះស្បើយផងដែរ។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៤០នាក់ នាក់ក្នុងនោះ១២០នាក់ ជាករណីនាំចូលពីប្រទេសថៃ។ អ្នកជំងឺ ៦១នាក់ហើយបានជាសះស្បើយ ២នាក់ស្លាប់ និង៧៧នាក់ កំពុងព្យាបាល។
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com