ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល កំពុងតាមដានលើការស្លាប់បុរសម្នាក់ ដែលមន្ទីរពេទ្យរដ្ឋមិនទទួលព្យាបាល ទីកន្លែងស្លាប់របស់ សព ឈ្មោះ ហាក់ ប៊ុនលី ជាកម្មករ ដែលម៉ូតូកង់បី ទុកចោលនៅចំណតរថយន្តនៅមន្ទីររ៉ូយ៉ាល់រតនៈ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្រោយមន្ទីរសាធារណៈនានាមិនព្រមទទួលព្យាបាល។ រូបថត៖ ពីហ្វេសប៊ុក
× ក្រសួងសុខាភិបាល កំពុងតាមដានលើករណីស្លាប់របស់បុរសវ័យប្រមាណ៦០ឆ្នាំម្នាក់ ដែលមន្ទីរពេទ្យរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ មិនព្រមទទួលមកព្យាបាល។ នេះជាការលើកឡើង របស់លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោក បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី១៨មិថុនានេះថា ក្រសួងសុខាភិបាល កំពុងសួរនាំទៅតាមទីតាំងមន្ទីរពេទ្យនីមួយៗ ដែលមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់បុរសម្នាក់នោះ។
កាលពីរសៀលថ្ងៃទី១៦មិថុនា ឆ្នាំ២០២១ មានបុរសម្នាក់ ដែលគេស្គាល់ឈ្មោះថា ហាក់ ប៊ុនលី ជាកម្មករសំណង់មួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់នៅត្រង់ចំណតរថយន្តក្រុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ស្វែងរកការព្យាបាលពីគ្រូពេទ្យ នៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ ប៉ុន្តែគ្មានមន្ទីរពេទ្យណា ទទួលយកមកព្យាបាល។
បើតាមការចែករំលែកតៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មុននឹងស្លាប់បុរសម្នាក់នេះ មានអាការមិនសូវស្រួលខ្លួនខ្លាំង ហើយក៏ត្រូវបានគេដឹកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ប៉ុន្តែក្រុមគ្រូពេទ្យនៅទីនោះ មិនទទួលព្យាបាល បន្ទាប់មកទៀតបុរសដែលជាអ្នកជំងឺដដែលនោះ ក៏ត្រូវម៉ូតូកង់បី ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈទៀត ដោយមន្ទីរពេទ្យនេះ ក៏មិនទទួលយកបុរសមកព្យាបាលដែរ។
ធ្វើដំណើរតាមម៉ូតូកង់បី ចេញពីមន្ទីរពេទ្យមួយ ទៅមន្ទីរពេទ្យមួយទៀត ដោយគ្មានគ្រូពេទ្យទទួលយកមកព្យាបាល អ្នកជំងឺម្នាក់នោះ ក៏បានស្លាប់ នៅលើម៉ូតូកង់បី ហើយម្ចាស់ម៉ូតូកង់បីនោះ ក៏បានទុកសពបុរសនោះ នៅត្រង់ចំណតរថយន្តក្រុង ក្បែរមន្ទីពេទ្យរ៉ូយាល់រតនៈ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏ទទួលបានដឹណឹងដែលពាក់ព័ន្ធនឹងមន្ទីរពេទ្យរដ្ឋមួយចំនួន មិនព្រមទទួលយកជំងឺខាងលើ មកព្យាបាលរហូត ទុកឱ្យបានបុរសម្នាក់នេះបាត់បង់ជីវិតនៅតាមផ្លូវនេះដែរ។ លោកមានប្រសាសន៍ដូច្នេះ៖ «ករណីហ្នឹង ខ្ញុំទទួលបានព័ត៌មាន ដែរ។ ពេលនេះខ្ញុំកំពុងតែសួរ ទៅតាមទីតាំងមន្ទីរពេទ្យនីមួយៗ ដែលមានជាប់ពាក់ព័ន្ធនឹងករណីហ្នឹង! តើវាពិត ដូចអ្វីដែលគេបានលើកឡើងមែនឬទេ? យើងនឹងសួរឱ្យបានច្បាស់សិន ពីមូលហេតុអ្វី បានមិនទទួលអ្នកជំងឺនោះមកព្យាបាល? ឬក៏អ្នកជំងឺនោះ មិនបានចូលទៅដល់កន្លែងពិគ្រោះជំងឺ ដើម្បីបានការព្យាបាលពីគ្រូពេទ្យ ឬណាម៉េច យើងសួរនាំឱ្យច្បាស់សិន»។
បើតាមលោក វេជ្ជបណ្ឌិត ង៉ូវ កាង ជាធម្មតា បើមានអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋនីមួយៗ គ្រូពេទ្យ តែងតែសួរនាំស្ថានភាពជំងឺ និងត្រូវទទួលអ្នកជំងឺមកព្យាបាល។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សារព័ត៌មាន ThmeyThmey មិនអាចសុំការអត្ថាធិប្បាយពីលោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកវេជ្ជបណ្ឌិត តាំង សុគុន ប្រធានមន្ទីរពេទ្យព្រះកុសុមៈ បានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែគ្មានអ្នកទទួល៕
Tag:
សុខភាព
មន្ទីរពេទ្យរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com