ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អត្ថប្រយោជន៍ពីការញ៊ាំ “ម្រះ” កំឡុងពេលមានផ្ទៃពោះ
19, Jun 2021 , 6:59 am        
រូបភាព
ទោះបីជាម្រះមានរសជាតិល្វីង ប៉ុន្តែបន្លែនេះអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ថាតើការញ៊ាំម្រះអំឡុងពេលមានផ្ទៃពោះអាចផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការញ៊ាំម្រះកំឡុងពេលមានផ្ទៃពោះ ៖

 
១. សារធាតុ Folate ខ្ពស់
 
Folate ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ស្ត្រីដែលមានផ្ទៃពោះដោយជាតិរ៉ែនេះជួយរក្សាសុវត្ថិភាពទារកក្នុងផ្ទៃ។ ហើយម្រះជាប្រភេទនៃបន្លែដែលមានផ្ទុកជាតិរ៉ែ Folate ខ្ពស់។
 
២. ជាប្រភពដ័ប្រសើរនៃជាតិសសៃ
 
ម្រះមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយឱ្យអ្នកឆាប់ឆ្អែត និងឆ្អែតបានយូរ។ វាជួយបន្ថយការឃ្លានអាហារដែលមានផ្ទុកកាឡូរីខ្ពស់ ឬអាហារកែច្នៃ។ បន្លែនេះអាចជួយឱ្យអ្នករក្សារាងបានស្លីមស្អាតសូម្បីកំឡុងពេលមានផ្ទៃពោះ។
 
៣. កាត់បន្ថយហានិភ័យនៃបញ្ហាទល់លាមកនិងជំងឺឬសដូងបាតកំឡុងពេលមានផ្ទៃពោះ
 
នេះក៏ព្រោះតែបរិមាណនៃជាតិសសៃដែលមានផ្ទុកក្នុងផ្លែម្រះ។
 
៤. លក្ខណៈសម្បត្តិប្រឆាំងជំងឺទឹកនោមផ្អែម
 
នេះហើយជាមូលហេតុមួយទៀតដែលអ្នកគួររួមបញ្ចូលម្រះក្នុងរបបអាហារប្រចាំថ្ងៃ។ សារធាតុចិញ្ចឹមដូចជា charantin និង polypeptide-P នៅក្នុងផ្លែម្រះអាចជួយប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ។
 
៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
 
ម្រះមានផ្ទុកវីតាមីន C ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ជួយស្ត្រីមានផ្ទៃពោះប្រយុទ្ធប្រឆាំងនឹងបាក់តេរីមិនល្អតាមរយៈការពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។
 
៦. ប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមដែលគភ៌ត្រូវការ
 
ម្រះមានផ្ទុកនូវវីតាមីន និងជាតិរ៉ែមួយចំនួនដូចជាជាតិដែក, Niacin, ប៉ូតាស្យូម, អាស៊ីត pantothenic acid, ស័ង្កសី, pyridoxine, ម៉ាញ៉េស្យូម និងម៉ង់កាណែសដែលសុទ្ធតែចាំបាច់សម្រាប់ការលូតលាស់នៃទារកក្នុងផ្ទៃ។
 
៧. ប្រភពនៃសារធាតុចិញ្ចឹមចាំបាច់ដទៃទៀត
 
បន្លែនេះក៏មានផ្ទុកវីតាមីននិងជាតិរ៉ែចាំបាច់ដទៃទៀតដូចជា riboflavin, សារធាតុ thiamine, វីតាមីន b1, វីតាមីន b2, វីតាមីន B3, កាល់ស្យូម និង beta carotene ជាដើមដែលជួយរក្សាសុខភាព។
 
សម្គាល់! ទោះជាយ៉ាងណាផ្លែម្រះក៏អាចផ្ដល់នូវផលប៉ះពាល់មួយចំនួនផងដែរ ដូច្នេះអ្នកមិនគួរទទួលទានច្រើនពេកឡើយ និងកុំភ្លេចពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនទើបប្រសើរ។ ក្នុងករណីមិនធ្លាប់ទទួលទានពីមុនមកទេ ចូរកុំព្យាយាមញ៊ាំបន្លែល្វីងនេះកំឡុងពេលមានផ្ទៃពោះដោយមិនបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com