ជាតិ
ពីនេះ ពីនោះ
ស្រាថ្នាំចិនសែជាង២,៧ម៉ឺនដប ត្រូវបំផ្លាញចោល ក្រោយមានអ្នកស្លាប់៧នាក់ នៅបន្ទាយមានជ័យ
19, Jun 2021 , 11:33 am        
រូបភាព
ស្រាថ្នាំតាំងគួយយផ្ទុកសារធាតុគីមីមេតាណុល ជិត3ម៉ឺនដប ត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយជ័យ យកមកបំផ្លាញ កាលពីថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ ក្រោយស្រាថ្នាំនេះ បណ្ដាលឱ្យមានអ្នកស្លាប់៧នាក់។ រូបភាពពី ក.ប.ប។
ស្រាថ្នាំតាំងគួយយផ្ទុកសារធាតុគីមីមេតាណុល ជិត3ម៉ឺនដប ត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយជ័យ យកមកបំផ្លាញ កាលពីថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ ក្រោយស្រាថ្នាំនេះ បណ្ដាលឱ្យមានអ្នកស្លាប់៧នាក់។ រូបភាពពី ក.ប.ប។
ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ ស្រាថ្នាំចិនសែ តាំង គួយ ជាង២,៧ម៉ឺនដប ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ បំផ្លាញចោល បន្ទាប់ពីមនុស្ស៧នាក់ ពុលស្លាប់ ខណៈម្ចាស់សិប្បកម្មផលិតស្រានេះ បានរត់គេចខ្លួន។


នៅថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ មន្ត្រីសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យបានបំផ្លាញ ស្រាថ្នាំតាំងគួយ ចំនួន២៧,៧៥៦ដប ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្រោយរឹបអូសបានពីកន្លែងអាជីវកម្មផ្សេងៗ ក្នុងក្រុងប៉ោយប៉ែត ក្រុងសេរីសោភណ្ឌ័ និងស្រុកម៉ាឡៃ កាលពីខែមិថុនា ឆ្នាំ២០២០។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទ លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន ក.ប.ប ប្រចាំខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្រាថ្នាំ ដែលអាជ្ញាធរ រឹបអូស និងបំផ្លាញនោះ ជាស្រាមានសារធាតុពុល បានបង្កឱ្យអ្នកទទួលទានពុលស្លាប់ ដោយសារការប្រើប្រាស់កម្រិតមេតាណុលខ្ពស់ រហូតដល់១៤ភាគរយ ។
 
ស្រាថ្នាំ តាំង គួយ ត្រូវបានមន្ត្រីប្រមូលបាន កាលពីខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែទើបទទួលបានការឯកភាពពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងការអនុញ្ញាតឲ្យបំផ្លាញចោល។ នេះជាការលើកឡើងរបស់ លោក សាន វិជ្ជាសារ៉ាវុធ ដែលបញ្ជក់បន្ថែមដូច្នេះថា៖«ខាងតុលាការបានបញ្ចប់នីតិវិធី ខ្ទង់ប្រហែលជា ៣-៤ខែ និងបានចេញសាលក្រមសម្រេច ដើម្បីចោទជនប្រព្រឹត្ត ដូច្នេះការចោទសម្រេចជាស្ថាពរហើយ ទើបយើងអាចបំផ្លាញចោលបាន។ ឯអ្នកផលិតរត់គេច និងបានចេញដីកាចាប់ខ្លួនគាត់ហើយ»។
 
បើតាមព័ត៌មានពីក.ប.ប ស្រាថ្នាំ តាំង គួយ ដែលបង្កឱ្យមានអ្នកពុលស្លាប់ចំនួន៧នាក់នោះ ត្រូវបានមន្ត្រីជំនាញពិនិត្យឃើញថា ក្នុងស្រានេះមានវត្តមានសារធាតុមេតាណុលកម្រិតខ្ពស់រហូតដល់ ១៤ភាគរយ ខណៈដែលកម្រិតអនុញ្ញាតប្រើមានត្រឹម ០,២ ភាគរយប៉ុណ្ណោះ។ 
 
ក.ប.ប បានឱ្យដឹងបន្ថែមទៀតថា សិប្បកម្មផលិតស្រា តាំង គួយនេះ លើ្មសនឹងច្បាប់ស្ដីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា គឺត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្ម នូវផលិតផលម្ហូបអាហារ ដែលមានសភាពប្រែប្រួល ខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះ មិនស្របទៅនឹងលក្ខណៈវិនិច្ឆ័យគុណភាព ផ្នែកអតិសុខុមជីវសាស្ត្រ អនាម័យ ដែលអ្នកផលិតប្រឈមជាប់ទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ៥លានរៀល ទៅ ១០លានរៀល៕
 

Tag:
 ThmeyThmey25
  ស្រាថ្នាំពុល
  តាំង គួយ
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com