ជាតិ
ទិន្នផលកសិកម្មអ្នកភូមិពាមតាអួរ ក្នុងស្រុកពួក លក់បានថោក និងគ្មានអ្នកប្រមូលទិញ
19, Jun 2021 , 7:29 pm        
រូបភាព
សៀមរាប៖ ម្ទេសទុំពេញដើម ដោយសារគ្មានឈ្មួញប្រមូលទិញ។ បើទិញ ក្នុងតម្លៃថោក ដែលមិនអាចកាត់ចំណាយលើកម្លាំងពលកម្មបាន។ ទិន្នផលផ្សេងៗទៀត មានល្ពៅ ត្រឡាច ជាដើមរបស់អ្នកភូមិពាមតាអួរ លក់បានក្នុងតម្លៃថោកជាខ្លាំង។ ទាំងកសិករ និងឈ្មួញ សុទ្ធតែថ្ងួរពីការបាត់ចំណូល និងខាត ខណៈដែលដំណាំទាំងនោះ គ្មានអ្នកប្រមូលទិញក្នុងវិបត្តិជំងឺកូវីដជាសកលនេះ។ ដំណាំទាំងនោះ បានចរាចរណ៍មួយផ្នែកតូចប៉ុណ្ណោះលើទីផ្សារក្នុងខេត្តសៀមរាប។

 
ភូមិពាមតាអួរ ជាភូមិបណ្ដែតទឹកតែមួយគត់ នៃឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ នារដូវវស្សា ផលនេសាទរបស់អ្នកភូមិដែលជាប់បឹងទន្លេសាបនេះ ផ្គត់ផ្គង់សេដ្ឋកិច្ចខេត្តសៀមរាបបានមួយផ្នែកធំ។ នារដូវប្រាំង នៅពេលទឹកទន្លេសាបរួមតូច ជាឱកាសឱ្យអ្នកភូមិបង្កបង្កើនផលដំណាំរួមផ្សំផ្សេងៗ នៅលើផ្ទៃដីដែលសម្បូរជីវជាតិ នៃភក់ដីល្បាប់បឹងទន្លេសាប។ កសិករនៅភូមិនេះ និយមដាំ ម្ទេស ល្ពៅ ត្រឡាច ត្រប់ ពោត ហើយមួយឆ្នាំៗ ឈ្មួញបានប្រមូលយកទៅលក់នៅក្នុងក្រុង តាមបណ្ដាខេត្តជុំវិញ និងមួយផ្នែកធំ នាំចេញទៅទីផ្សារប្រទេសថៃ និងវៀតណាម ពិសេសដំណាំ ម្ទេសអាចម៍សត្វ និងត្រឡាចទុំ។
 
យ៉ាងណា ដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យទិន្នផលនៅឆ្នាំនេះត្រូវស្ទះ និងគរចោល ខ្លះបង្ខំលក់ក្នុងតម្លៃថោកទៅឱ្យឈ្មួញ។ 
 


លោកយាយ យ៉ែម លាត វ័យ៦៣ឆ្នាំ កំពុងអង្គុយស្ងោរពោតនៅក្រោមផ្ទះ រៀបរាប់ថា លោកយាយមានដីដាំដុះជាង១ហិកតានៅរដូវទឹកស្រក ដោយដាំ ល្ពៅ ត្រឡាច ឪឡឹក ពោត និងម្ទេស។ ឆ្នាំនេះ ល្ពៅលក់បានតម្លៃមួយគីឡូក្រាម ១០០ទៅ២០០រៀល ត្រឡាចទុំ មួយថ្លៃ៤០០រៀលប៉ុណ្ណោះ។ ចំណែកម្ទេសវិញ ពីដើមរដូវលោកយាយ លាត លក់បានតម្លៃជាង១ពាន់រៀល និងចុងរដូវបាន២ពាន់រៀល។ 
 
លោកយាយ លាត រៀបរាប់ថា វិស័យកសិកម្មបានរួមចំណែកមួយផ្នែកទ្រទ្រង់ជីវភាពគ្រួសារលោកយាយ ក៏ដូចជាដល់ពលរដ្ឋភូមិពាមតាអួរ បន្ទាប់ពីផលនេសាទកាន់តែខ្សត់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកយាយបន្ថែមថា អ្នកភូមិចាប់ផ្តើមធ្វើចម្ការក្នុងផ្ទៃដីព្រៃទំនេរ ចាប់ពីខែ៣ រហូតដល់ខែទឹកឡើង គឺនៅអំឡូងខែ កក្កដា ឬខែ សីហា។ 
 
ចំណែកអ្នកភូមិមួយរូបទៀត គឺលោក លី សុវណ្ណា ដែលបោះទុនដាំម្ទេសប្រមាណ៨ហិកតា ត្រូវបង្ខំចិត្តចោលម្ទេសទាំងអស់ ដោយសារគ្មានអ្នកទិញ។ លោករៀបរាប់ថា៖« ក្រុមហ៊ុនមួយនៅក្រុងសៀមរាប ឱ្យដាំ និងសន្យាប្រមូលទិញទាំងអស់ តែដល់ពេលបានផល គាត់ថាមិនដឹងយកទៅលក់ឯណា ចឹងខ្ញុំនិយាយមិនចេញទេ ម្ទេសទុំពេញចម្ការ អត់បានលក់មួយគ្រាប់ទេ»។ និយាយលាយទឹកមុខហាក់ហួសចិត្តចំពោះទង្វើមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនខាងលើ លោក សុវណ្ណា បន្ថែមថា  រាល់ឆ្នាំលោកដាំម្ទេសតែ៣ ទៅ៤ហិកតា និងបោះឱ្យឈ្មួញបោះដុំដែលធ្លាប់រកស៊ីជាមួយគ្នាកន្លងមក តែឆ្នាំនេះលោកត្រូវខាតប្រាក់ជាង ១៦,០០០ដុល្លារ ដោយសារជឿក្រុមហ៊ុនដែលសន្យាទិញម្ទេសក្នុងទំហំធំបែបនេះ។ លោកបន្ត៖« មិនដឹងច្នៃទៅណា បើយើងជួលគេបេះ យើងត្រូវចំណាយលុយមួយតង់ទៀត...វាអត់ចំណូលផង វាមានតែចំណាយ»។


 
ឆ្នាំទៅ ម្ទេសអាចម៍សត្វ ដែលអ្នកភូមិនិយមដាំជាងគេនៅលើដីសណ្ដរទន្លេសាប និងមានទីផ្សារល្អសម្រាប់ការនាំចេញទៅប្រទេសថៃ និងវៀតណាម មានតម្លៃចាប់ពី ៣,៨០០ រហូតដល់ ១៣,០០០រៀលក្នុងមួយគីឡូក្រាម និងមានឈ្មួញចុះទៅទិញដល់ចម្ការតែម្ដង។ លោក សុវណ្ណា បន្ថែមទៀតថា ចំណូលវិស័យកសិកម្ម បានជួយសេដ្ឋកិច្ចមួយផ្នែកធំដល់អ្នកភូមិពាមតាអួរ ខណៈផលនេសាទកាន់តែធ្លាក់ចុះ។ 
 
ឈ្មួញកណ្ដាលដែលចុះទៅប្រមូលទិញផលកសិកម្មអ្នកភូមិពាមតាអួរ អ្នកស្រី នាង បានឱ្យដឹងថា ទីផ្សារកសិផលរាល់ថ្ងៃ មានភាពរាំងស្ទះជាខ្លាំង ក្រោយច្រកព្រំដែនប៉ោយប៉ែត និងច្រកសំខាន់ៗបានបិទ ដោយសារបញ្ហាជំងឺកូវីដ១៩។ អ្នកស្រីបន្ថែមថា សព្វថ្ងៃដំណាំទាំងនេះលក់បានតែទីផ្សារក្នុងខេត្ត ដូចជាយកទៅបោះនៅផ្សារសាមគ្គី ហ៊ុយ គាំង កណ្ដាលក្រុងសៀមរាបតែប៉ុណ្ណោះ។ 
 
«តម្លៃល្ពៅ ទាបណាស់ លក់មិនចេញ តម្លៃ៣០០ ទៅ៤០០ (ក្នុងមួយគីឡូក្រាម) គ្មានអ្នកទិញទៀត។ ត្រឡាចទុំ ប្រមូលទៅថៃ យួន ដល់កូវីដគេបិទអស់ ឥឡូវប្រមូលស្ដុកមិនដឹងថាមានអ្នកយកអត់»។ នេះជាការលើកឡើងរបស់អ្នកស្រី នាង ដែលកំពុងអង្គុយលើអង្រឹងក្រោមតង់ជាប់មាត់ច្រាំងទន្លេ សម្រាប់ប្រមូលទិញកសិផលអ្នកភូមិ។ អ្នកស្រីរៀបរាប់ទៀតថា ចំណូលពីរបរនេះធ្លាក់ចុះជាខ្លាំងបើធៀបនឹងពេលមុន។ ពីមុនក្នុងមួយថ្ងៃ អ្នកស្រីអាំចនាំល្ពៅចេញ ១០តោន ឯសព្វថ្ងៃ ល្ពៅ ៥០០គីឡូក្រាម ក៏លក់ពិបាកលក់ ឬលក់មិនចេញផង។ ពីមុនតម្លៃល្ពៅ អាចលក់បានចន្លោះ ១៣០០រៀល រហូតដល់ ២៤០០រៀល ក្នុងមួយគីឡូក្រាម។ នេះជាការបញ្ជាក់របស់អ្នកស្រី នាង។
 
ជំទប់ទី២ ឃុំកែវពណ៌ លោក សាម ឈឿយ មានប្រសាសន៍ថា ផ្ទៃដីកសិកម្មក្នុងភូមិពាមតាអួរ មានជាង ១៦៤ ហិកតា និងមានពលរដ្ឋជាង១០០គ្រួសារ ដែលកំពុងបង្កបង្កើនផល។ លោកបន្ថែមថា ភូមិនេះមានប្រជាជនសរុប ៣១០គ្រួសារ (ឆ្នាំ២០២១) និងពឹងអាស្រ័យផលសំខាន់លើការនេសាទ និងកសិកម្ម។ 


 
លោក សាម ឈឿយ បន្តថា៖« ឆ្នាំនេះទិន្នផលកសិកម្មផលិតបានដូចមុនៗ តែគ្មានអ្នកប្រមូល តម្លៃបានថោក ម្ទេសអីបានមួយគីឡូ ១៥០០ ឬ២០០០ បើជួលគេបេះក៏គេគិតតម្លៃប៉ុណ្ណឹង អ្នកខ្លះក៏ទុកចោលទៅ»។ 
 
ដូចតំបន់ដទៃទៀតដែរ បម្រែបម្រួលអាកាសធាតុ ធ្វើឱ្យផលនេសាទនៃសហគមន៍ភូមិពាមតាអួរ ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ លោក សាម ឈឿយ ពន្យល់ថា ផ្ទៃបឹងក្នុងភូមិនេះកាន់តែរាក់ គោក ដែលតែងធ្វើឱ្យពលរដ្ឋមានបញ្ហាកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង។ លោកបន្ត៖« ទឹកល្អក់ខ្លាំង ដូច្នេះមុនយកទៅប្រើប្រាស់ គាត់ត្រូវកូរ (ថ្នាំ) ឱ្យវាថ្លាសិន»។ ចំណុចនេះ អាជ្ញាធរកំពុងសម្របសម្រួលដើម្បីជួយជីកស្រះចំនួន២ សម្រាប់ប្រើប្រាស់នារដូវប្រាំង។ លោកទំនប់ទី២ បញ្ជាក់ថា គម្រោងជីកស្រះនេះ អាចធ្វើនៅឆ្នាំក្រោយ។ 
 
ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក សាម ឈឿយ បានសំណូមពរឱ្យសាធារណជន ពិសេសពលរដ្ឋក្នុងខេត្តសៀមរាប ជួយទិញកសិផលពលរដ្ឋភូមិពាមតាអួរ ឬទិញសម្រាប់ការធ្វើម្ហូបអាហារនៅតាមមណ្ឌលចត្តាឡីស័ក។ជួយឧបត្ថម្ភសម្រាប់ពលរដ្ឋខ្វះខាត ខណៈដែលពួកគេមួយចំនួនធំ មិនអាចចេញប្រកបរបរទទួលទានបាន ដោយសារបារម្ភពីការរាលដាលនៃជំងឺកូវីដ១៩នេះ៕
 
 





Tag:
 សហគមន៍មេជ្រៃ
  ភូមិពាមតាអួរ
 ល្ពៅ
  ត្រឡាច
 ម្ទេស
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com