ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នករាយការណ៍ថ្មីរបស់ UN នឹងពិភាក្សាលើកដំបូងជាមួយភាគីកម្ពុជា ជុំវិញបញ្ហាសិទ្ធិមនុស្ស
20, Jun 2021 , 9:55 am        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (ឆ្វេងដៃ) និង លោក វិទិត មុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ រូបលោក កែវ រ៉េមី ពីគណនីហ្វេសប៊ុករបស់លោក, រូបលោក វិទិត មុនតាបន ពី OHCHR
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (ឆ្វេងដៃ) និង លោក វិទិត មុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ រូបលោក កែវ រ៉េមី ពីគណនីហ្វេសប៊ុករបស់លោក, រូបលោក វិទិត មុនតាបន ពី OHCHR
លោក វិទិត មុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នឹងជំនួបពិភាក្សាជាលើកដំបូងតាមប្រព័ន្ធអនឡាញ ជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ លោក កែវ រេមី បានបង្ហោះព័ត៌មាននៃជំនួបតាមអនឡាញនេះ លើគណនីហ្វេសប៊ុករបស់លោក។



លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៩ ខែមិថុនាថា តាមពិត វា ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក វិទិត មុនតាបន មកកាន់កម្ពុជា ក្នុងនាមជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ប៉ុន្តែដោយសារតែស្ថានភាពជំងឺកូវីដ-១៩ លោក មិនអាចមកបាន ទើបសម្រេចពិភាក្សាគ្នាជាមួយភាគីកម្ពុជាតាមប្រព័ន្ធអនឡាញ។ 
 
លោក ជិន ម៉ាលីន ដែលនឹងចូលរួមពិភាក្សាក្នុងកិច្ចប្រជុំដែរនោះ មានប្រសាសន៍ថា៖«ជំនួបតាមអនឡាញនេះ ជាការសម្តែងការគួរដាក់គ្នា និងដើម្បីឲ្យបានយល់គ្នា ហើយក៏អាចពិភាក្សាពីស្ថានភាពសិទ្ធិមនុស្សទូទៅនៅកម្ពុជាដែរ»។  
 
លោក វិទិត មុនតាបន ដែលជាជនជាតិថៃ ត្រូវបានតែងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត។ លោក ចូលកាន់តួនាទីជាអ្នករាយការណ៍ពិសេសជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ លោក គឺជាសាស្រ្តាចារ្យច្បាប់ ហើយធ្លាប់កាន់តួនាទីសំខាន់ៗរបស់អង្គការសហប្រជាជាជាតិ ដូចជា ធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការជួញដូរកុមារ និងធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងត្បូង ជាដើម៕ 
 

Tag:
 សិទ្ធិមនុស្ស
  កែវ រ៉េមី
  វិទិត មុនតាបន
© រក្សាសិទ្ធិដោយ thmeythmey.com