COVID-19
ជាតិ
​កូវីដ-១៩៖ កោះកុង៦១នាក់, ព្រៃវែង២៤នាក់ ឯបាត់ដំបងមាន១២នាក់ និងស្លាប់១នាក់
21, Jun 2021 , 10:58 am        
រូបភាព
ខេត្តកោះកុង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦១នាក់ទៀតនៅថ្ងៃទី២០មិថុនា ខណៈខេត្តព្រៃវែង មាន២៤នាក់បន្ថែមដែរ។ ចំណែកខេត្តបាត់ដំបង មានករណីថ្មី១២នាក់ និងមានអ្នកជំងឺ១នាក់បានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ក្នុងខេត្តនេះមាន៤នាក់។ ខេត្តកំពង់ធំ មានអ្នកឆ្លងថ្មី ១៥នាក់, សៀមរាប ១១នាក់ , ព្រះវិហារ និងមណ្ឌលគិរីមាន៤នាក់រៀងខ្លួន ខណៈខេត្តឧត្តរមានជ័យ រកឃើញថ្មី២នាក់។

 
កោះកុង៖ ឆ្លងថ្មី ៦១នាក់ ភាគច្រើនជាអ្នកក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា 
 
​ខេត្តកោះកុង រកឃើញមនុស្ស ៦១នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ និងអ្នកជំងឺ២នាក់បន្ថែម បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មី៦១នាក់នោះ មាន២៩នាក់ជាពលរដ្ឋរស់នៅសង្កាត់ដងទង់ ស្មាច់មានជ័យ និងសង្កាត់ស្ទឹងវែង នៃក្រុងខេមរភូមិន្ទ។ ក្រៅពីនេះ ជាពលរដ្ឋនៅឃុំប៉ាក់ខ្លង ឃុំចាំយាម និងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។  
 
ព្រៃវែង៖ មាន២៤នាក់បន្ថែម ភាគច្រើននៅស្រុកបាភ្នំ
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៤នាក់ មាន១១នាក់ជាពលរដ្ឋរស់នៅស្រុកបាភ្នំ, ៤នាក់នៅស្រុកពារាំង ខណៈក្រុងព្រៃវែង ស្រុកពាមរ កំពង់ត្របែក និងស្រុកកញ្ជ្រៀច មាន២នាក់រៀងខ្លួន។ ចំណែក១នាក់ទៀត ជាពលរដ្ឋរស់នៅស្រុកស្វាយអន្ទរ។ ខេត្តព្រៃវែង មានករណីវិជ្ជមានកូវីដ-១៩ សរុប ១,១៩០នាក់ ក្នុងនោះ៧១៣នាក់បានជាសះស្បើយ ស្លាប់១៤នាក់ និងអ្នកជំងឺ ៤៦៣នាក់ទៀត កំពុងសម្រាកព្យាបាល។
 
កំពង់ធំ៖ ឆ្លងថ្មី១៦នាក់ ក្នុងនោះ១៣នាក់ជាពលករទើបមកពីថៃ
 
ខេត្តកំពង់ធំ មានករណីឆ្លងកូវីដ-១៩ បន្ថែម១៦នាក់ទៀត ក្នុងនោះ១៣នាក់ ជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ក្នុងចំណោមអ្នកវិជ្ជមានដែលទើបរកឃើញនោះ មាន១១នាក់ រស់នៅឃុំផាន់ញើម ស្រុកប្រាសាទបាល្ល័ង , ៣នាក់នៅស្រុកបារាយណ៍ និង២នាក់នៅស្រុកស្ទោង។  ជាមួយគ្នានេះ ក៏មានអ្នកជំងឺម្នាក់ បានជាសះស្បើយបន្ថែមដែរ។ បច្ចុប្បន្នខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៦៥១នាក់ ក្នុងនោះ៣០៤នាក់បានសះស្បើយ, ស្លាប់៤នាក់ និងអ្នកជំងឺ ៣៤៣នាក់ទៀត បន្តការព្យាបាល។​
 
បាត់ដំបង៖ ឆ្លងថ្មី ១២នាក់ និងស្លាប់ ១នាក់បន្ថែម
 
មនុស្ស ១២នាក់ វិជ្ជមានកូវីដ-១៩ ខណៈអ្នកជំងឺ ១២នាក់ បានជាសះស្បើយ និង១នាក់បានស្លាប់។ បើតាមរដ្ឋបាលខេត្តបាត់ដំបង ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១២នាក់នោះមានពាក់កណ្តាលជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ ពលរដ្ឋទាំងនោះ ជាមន្ត្រីរាជការ, មេផ្ទះ, ជាងម៉ៅការសំណង់,បុគ្គលិកកាស៊ីណូ និងអាជីវករ។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំងនោះ មាន៥នាក់មានទីលំនៅក្នុងក្រុងបាត់ដំបង, ៣នាក់នៅស្រុកមោងឫស្សី, ស្រុករុក្ខគិរី គាស់ក្រឡ ភ្នំព្រឹក និងស្រុកថ្មគោល មាន១នាក់រៀងខ្លួន។ ចំពោះករណីស្លាប់១នាក់បន្ថែមនោះ គឺជាបុរសវ័យ ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៤៤នាក់ ក្នុងនោះ៣៤៤នាក់ បានជាសះស្បើយ, ៤នាក់ស្លាប់ និង២៩៦នាក់ កំពុងសម្រាកព្យា​បាល។
 
សៀមរាប៖ មាន១១នាក់បន្ថែម ភាគច្រើននៅក្រុងសៀមរាប
 
មនុស្ស ១១នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ២នាក់ជាពលករត្រឡប់មកពីប្រទេសថៃ។ អ្នកជំងឺ​ភាគច្រើនជាពលរដ្ឋនៅសង្កាត់ស្លក្រាម និងគោកចក ក្រុងសៀមរាប។ ក្រៅពីនេះមានរាយប៉ាយនៅស្រុកសូទ្រនិគម, អង្គរជុំ , ប្រាសាទបាគង និងស្រុកស្វាយលើ ។ ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ-១៩ សរុប  ៥៨៧នាក់ ក្នុងនោះ១៦៦នាក់ បាន​ជាសះស្បើយ , ស្លាប់ ៥នាក់ និង៤១៦នាក់ កំពុងបន្តការ​ព្យាបាល។
 
ព្រះវិហារ៖ មាន៤នាក់បន្ថែម ក្នុងនោះ២នាក់ជាអ្នកត្រឡប់មកពីថៃ ​

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤នាក់នោះ មាន២នាក់ជាអ្នកដែលត្រឡប់មកពីប្រទេសថៃ ដោយអ្នកទាំង ២ មានទីលំនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែក២នាក់ទៀត ជាពលរដ្ឋរស់នៅក្រុងភ្នំពេញ ដែលធ្វើដំណើរទៅខេត្តព្រះវិហារ និងមា្នក់ទៀត ពលរដ្ឋស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលបានធ្វើដំណើរមកពីខេត្តកំពង់ធំ។ ​​បច្ចុប្បន្ន ខេត្តព្រះវិហាររកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៤នាក់ ក្នុងនោះ២០នាក់ បាន​ជាសះស្បើយ និង៣៤នាក់កំពុងសម្រាកព្យាបាល។
 
មណ្ឌលគិរី៖ រកឃើញ៤នាក់ ដែលជាអ្នករស់នៅក្រុងសែនមនោរម្យ

​មនុស្ស៤នាក់ទៀត បានឆ្លងកូវីដ-១៩ ដោយ៣នាក់ជាពលរដ្ឋរស់នៅសង្កាត់សុខដុម និង១នាក់ទៀតរស់នៅសង្កាត់ស្ពានមានជ័យ ក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 
 
ឧត្តរមានជ័យ៖ ឆ្លងថ្មី២នាក់ និង៧នាក់បានជាសះស្បើយ

មនុស្ស ២នាក់ មានតេស្តវិជ្ជមានកូវីដ-១៩ និងមានអ្នកជំងឺ ៧នាក់បានជាសះស្បើយ។ អ្នកឆ្លងថ្មីទាំង២នាក់នោះ មានម្នាក់គឺបុរសវ័យ ៣៤ឆ្នាំ ជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានទីលំនៅក្នុងភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី។ ចំណែកម្នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ ហើយអ្នកជំងឺជាបុរសវ័យ ២២ឆ្នាំរស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។  គិតត្រឹមថ្ងៃទី២០មិថុនា ខេត្ត​ឧត្តរមានជ័យ មានករណីវិជ្ជមានកូវីដ-១៩ សរុប១៧៩នាក់ ក្នុងនោះ ១៥០នាក់ ជាករណីនាំចូល​។ អ្នកជំងឺ ៧៧នាក់ហើយជាសះស្បើយ , ស្លាប់ ២នាក់ និង១០០នាក់ទៀតកំពុងបន្តការព្យាបាល។
 
 

Tag:
 កោះកុង
  ព្រៃវែង
  បាត់ដំបង
  សៀមរាប
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com