COVID-19
ជាតិ
កូវីដ-១៩៖ កំពង់ចាម៤០នាក់, កំពត៣០នាក់ រតនគិរី២៤នាក់ ខណៈកែបមាន១៤នាក់
21, Jun 2021 , 3:29 pm        
រូបភាព
មនុស្ស ៤០នាក់ មានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តកំពង់ចាមនៅថ្ងៃទី២០មិថុនា ខណៈខេត្តកំពតមានករណីថ្មី៣០នាក់ និង១៥៨នាក់បានជាសះស្បើយ។ ខេត្តរតនគិរីរកឃើញ២៤នាក់ ខណៈកែបមានករណីថ្មី ១៤នាក់។

 
កំពង់ចាម៖ ករណីថ្មី ៤០នាក់ ដោយស្រុកកងមាសមានអ្នកឆ្លងច្រើនជាងគេ
 
ពលរដ្ឋ២៤នាក់នៅស្រុកកងមាស មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងសរុប ៤០នាក់ នៅ​ថ្ងៃទី២០មិថុនា។ ក្រៅពីនេះ មាន ១៤នាក់ជាពលរដ្ឋរស់នៅស្រុកបាធាយ និង២នាក់ទៀត ជាអ្នកស្រុកចំការលើ។ 
 
កំពត៖ ករណីថ្មី៣០នាក់ ជាសះស្បើយ ១៥៨នាក់

ខេត្តកំពត មានករណីថ្មីចំនួន៣០នាក់បន្ថែម ខណៈអ្នកជំងឺ ចំនួន ១៥៨នាក់បានជាសះស្បើយ។ អ្នកទើបរកឃើញវិជ្ជមានកូវីដ-១៩ គឺជាបុគ្គលិកកាស៊ីណូ, កម្មកររោងចក្រ, សិស្ស,កុមារ, មេផ្ទះ, កសិករ, អាជីវករ និងអ្នករត់ម៉ូតូឌុប។ ក្នុងចំណោមអ្នកវិជ្ជមានទាំង ៣០នាក់នេះ មាន១២នាក់ជាពលរដ្ឋនៅស្រុកកំពង់ត្រាច និង៩នាក់អ្នករស់នៅសង្កាត់កំពង់បាយ និងសង្កាត់កំពង់កណ្តាល ក្រុងកំពត។ ស្រុកជុំគិរី ​និងស្រុកបន្ទាយមាស មាន៣នាក់រៀងខ្លួន ខណៈស្រុកទឹកឈូមាន២នាក់។ ចំណែកអ្នកវិជ្ជមានម្នាក់ទៀត ជាពលរដ្ឋនៅស្រុកគិរីវង់ ខេត្តតាកែវ។ បច្ចុប្បន្ន ខេត្តកំពត មានករណីវិជ្ជមានកូវីដ-១៩ សរុប ១០៣១នាក់ ក្នុងនោះ៥៨០នាក់បានជាសះស្បើយ ១០នាក់ស្លាប់ និង៤៤១នាក់ទៀត កំពុងបន្តការព្យាបាល។  
 
រតនគិរី៖ រកឃើញ២២នាក់បន្ថែម ភាគច្រើននៅក្រុងបានលុង

មនុស្ស២២នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តរតនគិរី នៅថ្ងៃទី២០ មិថុនា ដែលធ្វើករណីសរុប នៅក្នុងខេត្តនេះកើនដល់១៦២នាក់។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ២២នាក់នោះមាន ១៥នាក់ ជាពលរដ្ឋរស់នៅសង្កាត់ឡាបានសៀក, សង្កាត់កាចាញ និងសង្កាត់បឹងកន្សែង ក្រុងបានលុង ។ ៦នាក់ជាពលរដ្ឋរស់នៅឃុំជ័យឧត្តម និងឃុំបាតាង ស្រុកលំផាត់។ ចំណែកម្នាក់ទៀត ជាពលរដ្ឋនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរនគិរី។ បច្ចុប្បន្ន ខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ១៦២នាក់ ក្នុងនោះ៨នាក់ជាសះស្បើយ ហើយអ្នកជំងឺ ១៥៤នាក់ទៀត កំពុងសម្រាកព្យាបាល។  
 
កែប៖ ឆ្លងថ្មី​១៤នាក់ទៀត ភាគច្រើនជាកម្មកររោងចក្រ

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៤នាក់នោះ មាន១១នាក់ជាកម្មកររោងចក្រ, ១នាក់ជាកសិករ និង២នាក់ទៀតជាកុមារ។ ក្នុងចំណោមអ្នកវិជ្ជមានទាំង ១៤នាក់នេះ មាន១៣នាក់ ជាពលរដ្ឋនៅឃុំពងទឹក ហើយ១នាក់ទៀត ជាពលរដ្ឋនៅឃុំអង្កោល នៃស្រុកដំណាក់ចង្អើរខេត្តកែប។​ 
សរុបទូទាំងប្រទេស៖ ករណីថ្មី៧៣៥នាក់ សះស្បើយ​៥១៤នាក់ និងស្លាប់១០នាក់ទៀត

កម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៧៣៥ករណីបន្ថែមទៀត រីឯអ្នកសះស្បើយថ្មីមាន៥១៤នាក់ និងស្លាប់១០នាក់បន្ថែម។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមិថុនា។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៤៣ ៤៤៦នាក់ ក្នុងនោះសះស្បើយ៣៩ ០០៣នាក់ និងស្លាប់៤៤១នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com