ជាតិ
សេដ្ឋកិច្ច
កម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់ និងទំនិញបង្កកពីឥណ្ឌាវិញ តែភ្ជាប់លក្ខខណ្ឌ២យ៉ាង
22, Jun 2021 , 10:36 am        
រូបភាព
លោក គុណ ញឹម  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា។ (រូបថត៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា)
លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា។ (រូបថត៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា)
កម្ពុជា សម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងៗ ដែលមានប្រភពពីប្រទេសឥណ្ឌា បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា មានសភាពធូរស្រាល ហើយសាច់បង្កក និងទំនិញបង្កកពីប្រទេសនេះកន្លងមកមានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩។ នេះបើតាមលិខិតរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១៩ មិថុនា។


តាមលិខិតដដែល ដ្បិតតែរដ្ឋាភិបាលដកចេញបម្រាមនាំចូល ប៉ុន្តែកម្ពុជាក៏តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមថាទំនិញទាំងនោះគ្មានកូវីដ-១៩ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដើមកំណើតទំនិញ។ បន្ថែមពីនេះ នៅពេលទំនិញទាំងនោះមកដល់កម្ពុជា ត្រូវយកសំណាកធ្វើតេស្តរកកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រ មុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។
 
លិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បញ្ជាក់ដែរថា លក្ខខណ្ឌទាំង ២ខាងលើនេះ អាចនឹងត្រូវបន្ធូរបន្ថយ ឬដកចេញតែម្តង ផ្អែកលើស្ថានភាពធូរស្រាលនៃការរាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញ និងបើសិនជាលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កក ទាំងនោះ អវិជ្ជមាន ជាបន្តបន្ទាប់នោះ។
 
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១ ឧសភាមក កម្ពុជា បានផ្អាកនាំចូលសាច់បង្កក និងទំនិញបង្កកពីប្រទេសឥណ្ឌាជាបណ្តោះអាសន្ន ដោយសារ គ្រានោះជំងឺកូវីដ-១៩ បានរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា៕
 
 

Tag:
 ទំនិញបង្កក
 សាច់បង្កក
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com