ជាតិ
យុវជនសកម្ម សេវាល្អ
នៅឃុំជុំគ្រៀល អ្នកស្រី បូកណ្ណារី ជាអ្នកភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ និងអ្នកផ្ដល់សេវាសុខាភិបាល
22, Jun 2021 , 3:59 pm        
រូបភាព
ដោយ៖ ទូច ស្រីពេជ្រ(យុវជនឃុំជុំគ្រៀល)
 
កំពត៖ អ្នកស្រី ជឹង បូកណ្ណារី ជាប្រធានមណ្ឌលសុខភាព អ៊ី ទួនស៊ាង ជុំគ្រៀល ដែលមានទីតាំងនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ក្រៅពីការងារជាគ្រូពេទ្យ អ្នកស្រី ជឹង បូកណ្ណារី បានខ្នះខ្នែងចូលរួមអភិវឌ្ឍឃុំជុំគ្រៀល ដោយផ្សារភ្ជាប់ទំនាក់ទំនងពលរដ្ឋ ជាមួយអាជ្ញាធរ លើការផ្ដល់សេវាសុខាភិបាល និងការប្រឹក្សាយោបល់ពីបញ្ហាសុខភាព ដល់ស្រី្តមានផ្ទៃពោះជាដើម។



រយៈពេលជាង១០ឆ្នាំហើយ ដែលអ្នកស្រី ជឹង បូកណ្ណារី បានបំពេញការងារជាអ្នកគ្រប់គ្រងមណ្ឌលសុខភាព អ៊ី ទួនស៊ាងជុំគ្រៀល ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ កន្លងមកនេះ មណ្ឌលសុខភាព អ៊ី ទួនស៊ាងជុំគ្រៀល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់សេវាសុខាភិបាល ជូនដល់ពលរដ្ឋទាំងអស់ក្នុងសហគមន៍ ពិសេសបញ្ហាសុខភាពរបស់ ស្រ្តីមានផ្ទៃពោះ។ 

ក្រៅពីបំពេញការងារជាគ្រូពេទ្យ គ្រប់គ្រងបុគ្គលិក និងមណ្ឌលសុខភាពទាំងមូលនោះ អ្នកស្រី ជឹង បូកណ្ណារី ក៏បានចូលរួមផ្សព្វផ្សាយព័ត៌មាននានា ទាក់ទងនឹងការផ្ដល់សេវាសុខាភិបាលពីអាជ្ញាធរ ទៅកាន់ពលរដ្ឋក្នុងសហគមន៍ខ្លួនផងដែរ។ លើសពីនេះ អ្នកស្រី បូកណ្ណារី ក៏ជាអ្នក ផ្ដល់ការបឹក្សាយោបល់ លើកទឹកចិត្ត ណែនាំ និងដំណោះស្រាយបញ្ហាជូនពលរដ្ឋក្នុងសហគមន៍ផងដែរ។ តាមរយៈសកម្មភាពចូលរួមអភិវឌ្ឍសហគមន៍ អ្នកស្រី បូកណ្ណារី ទទួលបានការកោតសរសើរ និងផ្ដល់តម្លៃ ពីពលរដ្ឋក្នុងសហគមន៍ ហើយចាត់ទុកអ្នកស្រី ជាស្រ្តីឆ្នើមគំរូម្នាក់ ក្នុងឃុំជុំគ្រៀលផងដែរ។ 


 
 
ទន្ទឹមនឹងនេះ អ្នកស្រី បូកណ្ណារី មើលឃើញពីបញ្ហាខ្លះៗដូចជា ពលរដ្ឋមួយចំនួនហាក់មិនខ្វល់ខ្វាយចូលរួម ឬសហការ នឹងសកម្មភាពអភិវឌ្ឍសហគមន៍ខ្លួន និងខ្វះការយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនជាដើម។ ក្នុងនាមជាពលរដ្ឋក្នុងសហគមន៍ម្នាក់ អ្នកស្រី បូកណ្ណារី ចង់ឲ្យសហគមន៍ចូលរួមប្រើប្រាស់សេវានៅមណ្ឌលសុខភាពក្នុងភូមិសង្កាត់ខ្លួន ដើម្បីលើកស្ទួយសេវាសុខុមាលភាព និងអភិវឌ្ឍឲ្យកាន់តែមានភាពរីកចម្រើន។ 
 


ស្រ្តីវ័យ៤៨ឆ្នាំរូបនេះ បានរៀបរាប់ដូច្នេះថា៖«កាលណាប្រជាពលរដ្ឋមានសុខភាពល្អ ជីវភាពនៅក្នុងគ្រួសារក៏ល្អប្រសើរ ព្រោះមិនត្រូវចំណាយថវិកាច្រើន ហើយភូមិឃុំ ក៏បានកាត់បន្ថយការចំណាយ ថែមទាំងមានការវិវត្តន៍ទៅមុខទៀតផង»។ 
 
អ្នកស្រី ជឹង បូកណ្ណារី រីករាយនឹងឃើញពីភាពរីកចម្រើនក្នុងសហគមន៍ ហើយអ្នកស្រី ពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលបានរួមចំណែក ក្នុងការការពារ និងថែរក្សាសុខភាពជូនដល់ប្រជាជនក្នុងឃុំសង្កាត់របស់ខ្លួន។ អ្នកស្រី បានលើកឡើងបន្ថែមយ៉ាងដូច្នេះថា៖«កាលណាប្រជាពលរដ្ឋនៅក្នុងភូមិឃុំ មានសុខភាពល្អ នោះសហគមន៍ក៏មានការរីកចម្រើន ទៅតាមនោះដែរ»។
 
អ្នកស្រី ជឹង បូកណ្ណារី ប្តេជ្ញាចិត្ត និងលះបង់នូវពេលវេលា រួមទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមបម្រើដល់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់ប្រយោជន៍សហគមន៍ និងសង្គមទាំងមូល ដើម្បីធ្វើឲ្យសង្គមជាតិ មានការវិវត្តន៍ទៅមុខបន្ថែមទៀត៕
 
 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕
 
 

Tag:
 យុវជន
 សេវាសាធារណៈ
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com