កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo តាមទាន់កំណត់ត្រា Ali Daei និងបំបែកកំណត់ត្រា Klose ក្រោយស៊ុត២គ្រាប់ក្នុងជំនួបបារាំង
24, Jun 2021 , 9:52 am        
រូបភាព
Cristiano Ronaldo បានឈានដល់កំណត់ត្រាប្រវត្តិសាស្ត្របាល់ទាត់ថ្មីបន្ថែមទៀត ក្រោយរូបគេរកបាន២គ្រាប់ក្នុងការប្រកួតដែលព័រទុយហ្កាល់ស្មើបារាំង ២-២ ក្នុងជំនួបចុងក្រោយពូល F នៃពានរង្វាន់ Euro 2020។ ជួយព័រទុយហ្កាល់ឡើងទៅវគ្គ១៦ក្រុមចុងក្រោយផង និងតាមស្មើកំណត់ត្រាពិភពលោកអ្នកស៊ុតច្រើនជាងក្នុងការប្រកួតអន្តរជាតិចំនួន១០៩គ្រាប់របស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ផង។


 
Ali Daei កាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេលើលោក១០៩គ្រាប់ឱ្យអ៊ីរ៉ង់ចន្លោះឆ្នាំ១៩៩៣ ដល់ ២០០៦ ខណៈ Ronaldo ជាកីឡាករបាល់ទាត់ផ្នែកបុរសទីពីរ២ និងតែពីរនាក់គត់ដែលអាចរកគ្រាប់បាល់បាន៩០គ្រាប់ ឬលើសពីនេះនៅក្នុងការប្រកួតអន្តរជាតិ។
 
ឈានដល់ចំណុចនេះ ប្រធានក្រុមព័រទុហ្កាល់វ័យ៣៦ឆ្នាំត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធអស្ចារ្យបំផុតលើលោករួចទៅហើយ ព្រោះរូបគេនៅមានឱ្យកាសច្រើនដើម្បីបំបែកកំណត់ត្រាដ៏កម្រនេះ។
 
៣ប្រកួតរបស់ព័រទុយហ្កាល់ក្នុងវគ្គសន្សំពិន្ទុពូល F ខ្សែប្រយុទ្ធ Juventus រូបនេះរបស់បានដល់ទៅ៥គ្រាប់ ដោយ២គ្រាប់ក្នុងជំនួបជាមួយហុងគ្រី ១គ្រាប់ជាមួយអាល្លឺម៉ង់ និង២គ្រាប់ជាមួយបារាំង។
 
Ronaldo បានបំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងក្នុងព្រឹត្តិការណ៍អឺរ៉ុបនេះពីអតីតខ្សែប្រយុទ្ធបារាំងលោក Michel Platini រួចទៅហើយ។ មកដល់ពេលនេះ Ronaldo រកបាន១៣គ្រាប់ ដោយនាំមុខ Platini ដែលរកបាន៩គ្រាប់។
 
ក្រោយស៊ុតបញ្ចូលទីបារាំងបាន២គ្រាប់នេះទៀតសោធ  Ronaldo ក៏ ក្លាយជាកីឡាកររកគ្រាប់បានច្រើនជាងគេបំផុតលើលោកបូកបញ្ចូលគ្នាទាំងនៅពានអឺរ៉ុប Euro និង World Cup សរុប២០គ្រាប់ នាំមុខអតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose ដែលធ្វើបាន១៩គ្រាប់។
 
ព័រទុហ្កាល់ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ពូល F នឹងត្រូវឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយដោយត្រូវជួបបែលហ្ស៊ិកដែលឈរកំពូលតារាងពូល B។
 
ខាងក្រោមនេះជាកីឡាករទាំង១១រូបដែលរកគ្រាប់ស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិច្រើនជាងគេក្នុងការប្រកួតអន្តរជាតិ៖
 
១- Ali Daei (អ៊ីរ៉ង់) ១០៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៤៩ប្រកួត
២- Cristiano Ronaldo (ព័រទុយហ្កាល់) ១០៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៧៧ប្រកួត
៣- Mokhtar Dahari (ម៉ាឡេស៊ី) ៨៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៤២ប្រកួត
៤- Ferenc Puskás (ហុងគ្រី) ៨៤គ្រាប់ ក្នុងការបង្ហាញខ្លួន៨៥ប្រកួត
៥- Godfrey Chitalu (សំប៊ី) ៧៩គ្រាប់ ក្នុងការបង្ហាញខ្លួន១១១ប្រកួត
៦- Hussein Saeed (អ៊ីរ៉ាក់) ៧៨គ្រាប់ ក្នុងការបង្ហាញខ្លួន១៣៧ប្រកួត
៧- Pelé (ប្រេស៊ីល) ៧៧គ្រាប់ ក្នុងការបង្ហាញខ្លួន៩២ប្រកួត
៨- Ali Mabkhout (អេមីរ៉ាតអារ៉ាប់រួម) ៧៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩២ប្រកួត
៩- Sándor Kocsis (ហុងគ្រី) ៧៥គ្រាប់ ក្នុងការបង្ហាញខ្លួន៦៨ប្រកួត
១០- Kunishige Kamamoto (ជប៉ុន) ៧៥គ្រាប់ ក្នុងការបង្ហាញខ្លួន៧៦ប្រកួត
១១- Bashar Abdullah (កូវ៉ែត) ៧៥គ្រាប់ ក្នុងការបង្ហាញខ្លួន១៣៤ប្រកួត៕
 

Tag:
 Cristiano Ronaldo
  Euro 2020
  Ali Daei
© រក្សាសិទ្ធិដោយ thmeythmey.com