ជាតិ
ទោះបើកឡើងវិញ តែសហគមន៍អូរសោម ទទួលតែភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ
24, Jun 2021 , 9:59 pm        
រូបភាព
ដោយ:
សហគមន៍អេកូទេសចរណ៍អូរសោមបើកទទួលទេសចរវិញ ដោយគោរពវិធានការសុខាភិបាលតឹងរ៉ឹង។ សម្រាប់ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទាំង២ដូសរួច ទើបអាចទៅសម្រាកកម្សាន្ត នៅសហគមន៍នេះបាន។


អូរសោម ជាសហគមន៍អេកូទេសចរណ៍មួយ ដែលមានសក្តានុពលសម្បូរបែប ពិសេសនៅដើមរដូវវស្សា មានដំណាំហូបផ្លែជាច្រើនប្រភេទ ជាផ្នែកមួយទាក់ទាញទេសចរយ៉ាងសំខាន់។ ក្រៅពីដំណាំហូបផ្លែ ការស្ទូចត្រីនៅអាងទឹកអាតៃ ក៏បានជំរុញភ្ញៀវទេសចរមិនតិចដែរ ឱ្យទៅអូរសោម។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ សហគមន៍នេះទទួលតែភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំងហើយប៉ុណ្ណោះ។
 
លោក នួន លីម មគ្គុទេសក៍ទេសចរណ៍ក្នុងសហគមន៍អេកូទេសចរណ៍អូរសោម បានប្រាប់សារព័ត៌មានThmeyThmey25 ថា ភ្ញៀវដែលទៅកម្សាន្តនៅអូរសោម ត្រូវទៅជួបមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពឃុំអូរសោម ដើម្បីពិនិត្យសុខភាពសិន។ បើតាមលោក លីម ភ្ញៀវទេសចរក៏ត្រូវចុះឈ្មោះ បង្ហាញកាតចាក់វ៉ាក់សាំង និងពិនិត្យកម្ដៅ មុននឹងដើរកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងសហគមន៍នេះ។ 
 
លោក នួន លីម បន្តទៀតថា ទោះត្រូវគោរពវិធានសុខាភិបាលតាំងរ៉ឹង និងផ្លូវពិបាកដោយសាររដូវវស្សា ប៉ុន្តែសហគមន៍នៅតែមានទេសចរមិនចេះដាច់។ « ថ្ងៃចុងសប្តាហ៍អាចមានភ្ញៀវរហូតដល់ ១០០នាក់ ប៉ុន្តែភ្ញៀវចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង២ដូសរួចរាល់ទើបអាចសម្រាកនៅទីនេះបាន។ តែបើអ្នកមិនទាន់ចាក់វ៉ាក់សាំង ប្រជាជននៅទីនេះគេអត់ទទួលទេ» ។ នេះជាការបញ្ជាក់របស់លោក នួន លីម ដោយបន្តថា ភ្ញៀវភាគច្រើនមកទិញទុរេន ប័រ និងស្ទូចត្រី។ 
 
សូមជម្រាបផងដែរថា សហគមន៍អេកូទេសចរណ៍អូរសោម ស្ថិតឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងសហគមន៍នេះមានតំបន់ទេសចរណ៍ ដូចជា ទឹកធ្លាក់ឆាយប្រុយ, តំបន់អភិរក្សក្រពើភ្នំ, អាងទឹកអាតៃ និងតំបន់កសិ-ទេសចរណ៍ជាច្រើនទៀត៕  
 

Tag:
 អូរសោម
  ពោធិ៍សាត់
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com