អន្តរជាតិ
ហេតុអ្វីមនុស្សគិតថាសំឡេងខ្លួនឯងនៅក្នុងឧបករណ៍ថតសំឡេង មិនពីរោះស្តាប់? រូបភាព៖ unsplash
× ចាប់តាំងពីមានឧបករណ៍ថតសំឡេងមក មនុស្សអាចស្តាប់សំឡេងខ្លួន បានដូចនឹងអ្នកដទៃស្តាប់ដែរ។ ប៉ុន្តែសំឡេង ចេញពីឧបករណ៍ថតសំឡេងនោះ អាចធ្វើឱ្យមនុស្សជាច្រើនមិនពេញចិត្ត ព្រោះវាមិនពីរោះ និងមិនចង់ឱ្យស្តាប់។ នេះដោយសារតែសំឡេងចេញពីឧបករណ៍ថត មិនដូចសំឡេងដែលអ្នកបាននិយាយផ្ទាល់។ តើហេតុអ្វីបានសំឡេងចេញពីឧបករណ៍ថត និងសំឡេងចេញពីការនិយាយរបស់អ្នកខុសគ្នា?
ជាការពិតណាស់ មានមនុស្សជាច្រើនសួរអ្នកដទៃអំពីសំឡេងរបស់ខ្លួន ដែលឮចេញពី ការថតសំឡេង ដោយចម្លែកចិត្តថា៖ «នេះជាសំឡេងរបស់ពួកគេមែនទេ»? មែនហើយ សំឡេងដែលឮចេញពីឧបករណ៍ ថតនោះ គឺដូចនឹងអ្វីដែលអ្នកដទៃស្តាប់ឮ។
ភាពខុសគ្នារវាងសំឡេងចេញពីឧបករណ៍ថត និងសំឡេងអ្នកនិយាយផ្ទាល់ កើតឡើងដោយសារ សំឡេងដែលអ្នកស្តាប់ឮពីឧបករណ៍ថតត្រូវបានបញ្ជូនទៅកាន់ខួរក្បាល តាមផ្លូវផ្សេងពីសំឡេងដែលឮពេលអ្នកកំពុងនិយាយ។ សំឡេងឮចេញពីការ ថតត្រូវបានបញ្ជូនតាមត្រចៀកក្រៅ ដោយភ្ញោចក្រដាសត្រចៀក និងឆ្អឹងត្រចៀក ហើយរលកសូរបន្តចូលទៅបំពង់រាងគូទខ្យងបង្កើតជាអាំងភ្លុចប្រសាទបញ្ជូនតាមសរសៃប្រសាទសោតវិញ្ញាណទៅកាន់ខួរក្បាល។
ផ្ទុយទៅវិញ សំឡេងដែលអ្នកឮពេលអ្នកកំពុងនិយាយត្រូវបានបញ្ជូនទៅខួរក្បាល តាមរបៀបផ្សេង។ សំឡេងនេះត្រូវបញ្ជូនតាមឆ្អឹងខាងក្នុងផងនិងតាមត្រចៀកក្រៅផង ប៉ុន្តែភាគច្រើនត្រូវបានបញ្ជូននៅផ្នែកខាងក្នុងតាមឆ្អឹងលលាដ៍ក្បាល។ ការបញ្ជូនរលកសូរ តាមឆ្អឹងខាងក្នុងនេះបានធ្វើឱ្យរលកសំឡេងមានកម្រិតប្រេកង់ទាបដែលធ្វើឱ្យយើងស្តាប់ឮសំឡេងធ្ងន់ល្អ ជាងសំឡេងដែលឮពីការថតសំឡេង។ សំឡេងដែលឮពីការថតសំឡេង មានប្រេកង់ខ្ពស់ដែលធ្វើឱ្យយើងឮសំឡេងស្រួយមិនគួរឱ្យចង់ស្តាប់។ នេះបើតាមការចុះ ផ្សាយលើទំព័រសុខភាពរបស់ទូរទស្សន៍ CNN។
ម៉្យាងវិញទៀត ការដែលអ្នកមិនពេញចិត្តនឹងឮសំឡេងខ្លួនឯងចេញពីការថតសំឡេងនោះ អាចបណ្តាលមកពីអ្នកមិនទម្លាប់ជាមួយសំឡេងដែលអ្នកមិនបានឮជាញឹកញាប់ រៀងរាល់ពេលអ្នកនិយាយ។ ទន្ទឹមនឹងនេះ អ្នកក៏មិនចូលចិត្តស្តាប់វា ដោយសារអ្នកមាន អារម្មណ៍ថាចម្លែកពីសំឡេងដែលអ្នកឮពីក្នុងខ្លួន ហើយអ្នកដទៃបានឮសំឡេងចម្លែកនោះ។
ទោះយ៉ាងណា សំឡេងដែលអ្នកឮមិនថាពេលអ្នកនិយាយ ឬចេញពីឧបករណ៍ថត វាសុទ្ធតែជាសំឡេងរបស់អ្នក។ ដូច្នេះ អ្នកត្រូវជឿជាក់លើខ្លួនឯង និងមិនគួរអនុញ្ញាត ឱ្យការគិតរបស់អ្នករិះគន់សំឡេងរបស់ខ្លួនអ្នកឡើយ។ ការគិតបែបនេះ ប្រៀបដូចជាការដាក់សម្ពាធលើខ្លួនឯងអ៊ីចឹងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com