កោះកុង​មាន​អ្នក​ឆ្លង​ថ្មី​ជិត​១០០​នាក់ ខណៈ​សៀមរាបនិង​ព្រៃវែង​សុទ្ធ​តែមាន​ករណី​ស្លាប់​
COVID-19
ជាតិ
កោះកុង​មាន​អ្នក​ឆ្លង​ថ្មី​ជិត​១០០​នាក់ ខណៈ​សៀមរាបនិង​ព្រៃវែង​សុទ្ធ​តែមាន​ករណី​ស្លាប់​
25, Jun 2021 , 9:50 am        
រូបភាព
ខេត្តកោះកុង នៅតែ​បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជិត​១០០​នាក់​បន្ថែមទៀត នៅ​ថ្ងៃទី​២៤ ខែមិថុនា ខណៈ​អ្នក​សះស្បើយ​មាន​៨​នាក់​។ ចំណែក​ខេត្តសៀមរាប មាន​៤៩​នាក់ បន្ថែម​និង​មាន​អ្នកស្លាប់​១​នាក់ ខណៈ​ព្រៃវែង ក៏មាន​អ្នកស្លាប់​ថ្មី​១​នាក់​ដែរ ហើយ​មាន​អ្នក​វិជ្ជមាន​១៤​នាក់​បន្ថែម​។  ឧ​ត្ត​រ​មានជ័យ មាន​៦០​នាក់ សុទ្ធតែជា​អ្នក​មកពី​ថៃ​, ស្ទឹងត្រែង និង​កំពត រកឃើញ​៣០​នាក់​រៀងខ្លួន​។ ខេត្តបាត់ដំបង មាន​២៥​នាក់​, កំពង់ធំ មាន​៧​នាក់​បន្ថែម​។



​កោះកុង​៖ ឆ្លង​ថ្មី ៩៣​នាក់ និង​ជាសះស្បើយ ៨​នាក់​
 
​ខេត្តកោះកុង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៩៣​នាក់​បន្ថែមទៀត ដែល​ក្នុងនោះ ៥៣​នាក់ ជា​ពលរដ្ឋ​ដែលមាន​ទីលំនៅ ក្នុង​ក្រុង​ខេមរភូមិន្ទ​។ ក្រៅពីនេះ គឺជា​ពលរដ្ឋ​រស់នៅ​ឃុំ​ប៉ាក់​ខ្លង និង​ឃុំ​ពាម​ក្រ​សោម ស្រុក​មណ្ឌលសីមា​។ ជាមួយគ្នានេះ ក៏មាន​អ្នកជំងឺ ចំនួន ៨​នាក់ បានជា​សះស្បើយ​ផងដែរ​។​
 
​ឧ​ត្ត​រ​មានជ័យ​៖ រកឃើញ​៦០​នាក់​ទៀត សុទ្ធតែជា​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ថៃ​
 
​មនុស្ស ៦០​នាក់​មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ដែល​សុទ្ធតែជា​ពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។ ជាមួយគ្នានេះ ក៏មាន​អ្នកជំងឺ​ម្នាក់​បានជា​សះស្បើយ​ដែរ​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៦០​នាក់​នោះ មាន​១០​នាក់​ជា​អ្នក​ឧ​ត្ត​រ​មានជ័យ​, ១៣​នាក់​ជា​អ្នក​ខេត្តសៀមរាប​, ១៦​នាក់​ជា​អ្នក​ខេត្តបាត់ដំបង​, ៥​នាក់​អ្នក​ខេត្តបន្ទាយមានជ័យ​, ៨​នាក់​នៅ​ត្បូងឃ្មុំ , ៣​នាក់​នៅ​កំពង់ធំ​, ៣​នាក់​នៅ​ពោធិ៍សាត់ ,២​នាក់​នៅ​កំពង់ចាម និង​១​នាក់​ទៀត​ជា​អ្នក​ខេត្តព្រៃវែង​។ គិ​ត្រឹម​ថ្ងៃទី​២៤ មិថុនា ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​២៨៧​នាក់ ក្នុងនោះ ២៥១​នាក់​ជា​ករណី​នាំចូល​។  បច្ចុប្បន្ន មាន​អ្នកជំងឺ ៩១​នាក់​ហើយ​បានជា​សះស្បើយ ខណៈ​២​នាក់​បាន​ស្លាប់ និង​ចំនួន ១៩៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។​
 
​សៀមរាប​៖ វិជ្ជមាន ៤៩​នាក់ ជា​៦២​នាក់ និង​១​នាក់​ទៀត​ស្លាប់​
 
​សៀមរាប​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៩​នាក់​ទៀត ខណៈ​អ្នកជំងឺ​៦២​នាក់ បានជា​សះស្បើយ និង​មាន​ស្លាប់​ម្នាក់ទៀត​។ ក្នុងចំណោម​ករណី​ថ្មី មាន​៤០​នាក់​ជា​អ្នកក្រុង​សៀមរាប មាននៅ​សង្កាត់​ស្រ​ង៉ែ គោកចក ស្លក្រាម ស្វាយដង្គំ នគរធំ ជ្រាវ និង​សង្កាត់​សាលា​កំរើក​។ អ្នកជំងឺ​២​នាក់ នៅ​ស្រុក​សូទ្រនិគម​, ស្រុក​ជីក្រែង ក្រឡាញ់ និង​ស្រុក​ស្វាយ​លើ មាន​១​នាក់​រៀងខ្លួន​។ អ្នក​វិជ្ជមាន ៣​នាក់ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​១​នាក់​ទៀត ជា​អ្នកស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។  ករណី​ស្លាប់ គឺជា​ស្ត្រី​វ័យ ៧២​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ អ្នកជំងឺ​ស្លាប់​ព្រោះ​រលាក​សួត ដែល​បង្កដោយ​កូ​វីដ​-១៩​។ ខេត្តសៀមរាប មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​៧៥១​នាក់ ក្នុងនោះ​២៦៧​នាក់ បាន​សះស្បើយ ៩​នាក់​ស្លាប់ និង​៤៧៥​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។​

​ស្ទឹងត្រែង​៖ មាន​៣០​ករណី ភាគច្រើន​នៅ​ក្រុង​ស្ទឹងត្រែង​
 
​ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង​៣០​នាក់​នោះ មាន​២០​នាក់​ជា​ពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​ស្រះ​ឫស្សី និង​សង្កាត់​ស្ទឹងត្រែង នៃ​ក្រុង​ស្ទឹងត្រែង​។ អ្នកជំងឺ​ម្នាក់​មាន​អាសយដ្ឋាន​នៅ​ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ាត និង​ម្នាក់ទៀត​ជា​អ្នកស្រុក​មេសាង ខេត្តព្រៃវែង​។ 
 
​កំពត​៖ មាន​៣០​នាក់​ទៀត​ភាគច្រើន​ជា​កម្មករ​រោងចក្រ​
 
​ក្នុងចំណោម​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​៣០​នាក់​នោះ មាន​១១​នាក់​នៅ​ស្រុក​កំពង់ត្រាច​, ៥​នាក់​នៅ​ស្រុក​ឈូក ខណៈ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​មាន​៤​នាក់​រៀងខ្លួន​។ ចំណែក​នៅ​ស្រុក​អង្គរជ័យ ស្រុក​ដងទង់ និង​ស្រុក​បន្ទាយមាស មាន​២​នាក់​រៀងខ្លួន​។ បច្ចុប្បន្ន​ខេត្តកំពត​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​១១៣៦​នាក់ ក្នុងនោះ​៧២៤​នាក់​បានជា​សះស្បើយ ១២​នាក់​បាន​ស្លាប់ និង​មាន​អ្នកជំងឺ ៤០០​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។​
 
​បាត់ដំបង​៖ ឆ្លង​ថ្មី​២៥​នាក់ ក្នុងនោះ​១៣​នាក់​ជា​ពលករ​មកពី​ប្រទេស​ថៃ​
 
​នៅ​ខេត្តបាត់ដំបង មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៥​នាក់​បន្ថែមទៀត ក្នុងនោះ​១៣​នាក់​ជា​អ្នក​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។  ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​នេះ មាន​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង  ស្រុក​កំរៀង ប​វេ​ល ភ្នំព្រឹក សង្កែ ថ្មគោល សំពៅ​លូន និង​ស្រុក​បាណន់​។ ជាមួយគ្នានេះ ក៏មាន​អ្នកជំងឺ​១៣​នាក់​ទៀត​ដែរ បានជា​សះស្បើយ​។  ខេត្តបាត់ដំបង មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៧៣៣​នាក់ ក្នុងនោះ​៤២៦​នាក់ បានជា​សះស្បើយ ស្លាប់​៦​នាក់ និង​មាន​អ្នកជំងឺ​នៅសល់​៣០១​នាក់​ទៀត កំពុង​បន្ត​ការព្យាបាល​។ 
 
​ព្រៃវែង​៖ ឆ្លង​ថ្មី​១៤​នាក់ និង​ស្លាប់​១​នាក់​
 
​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ១៤​នាក់​នោះ មាន​៣​នាក់​នៅ​ស្រុក​មេសាង​, ៣​នាក់​ទៀត នៅ​ស្រុក​ពាម​រក៍ ខណៈ​ស្រុក​ពារាំង និង​កញ្ជ្រៀច​មាន ២​នាក់​រៀងខ្លួន​។ ស្រុក​ស្វាយ​អ​ន្ទ​រ ស៊ីធរ​កណ្តាល ពោធិ៍​រៀង និង​កំចាយ​មាន មាន​១​នាក់​រៀងខ្លួន​។ រដ្ឋបាលខេត្ត​ព្រៃវែង ក៏​បញ្ជាក់ថា​មាន​ករណី​ស្លាប់​១​នាក់​បន្ថែម​ដែរ​។ បច្ចុប្បន្ន ខេត្តព្រៃវែង មាន​ករណី​ឆ្លង​សរុប ១២៩១​នាក់ ក្នុងនោះ​៨១២​នាក់​ជាសះស្បើយ ១៨​នាក់​ស្លាប់ និង​៤៦១​នាក់​ទៀត​កំពុង​បន្ត​ការព្យាបាល​។ 

​កំពង់ធំ​៖ ករណី​ថ្មី ៧​នាក់ និង​ជាសះស្បើយ ២១​នាក់​
 
​ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង​៧​នាក់​នោះ មាន​៤​នាក់​ជា​ពលករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ដែល​ពួកគេ​មាន​ទីលំនៅ​ក្នុងស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ​។ ៣​ករណី​ទៀត ឆ្លង​ក្នុង​សហគមន៍ ដែល​អ្នក​ទាំង​៣ រស់នៅ​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​ប្រាសាទ​បា​ល្ល័​ង​។ ជាមួយគ្នា​រដ្ឋបាលខេត្ត ក៏​បញ្ជាក់ថា​មាន​អ្នកជំងឺ​២១​នាក់​បន្ថែម​បានជា​សះស្បើយ​។ ខេត្តកំពង់ធំ មាន​អ្នក​កើត​កូ​វីដ​-១៩ សរុប ៧៣០​នាក់ ក្នុងនោះ ៣៤៥​នាក់​បានជា​សះស្បើយ ៨​នាក់​ស្លាប់ និង​៣៧៧​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​។​
 
 
 

Tag:
 កោះកុង​
 ​សៀមរាប​
  ព្រៃវែង​
  ស្ទឹងត្រែង​
  ឧ​ត្ត​រ​មានជ័យ​
 ​កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com