ជាតិ
យុវជនសកម្ម សេវាល្អ
មេឃុំជុំគ្រៀល ហៃ សេង៖ យុវជន បានរួមចំណែកឱ្យការផ្តល់សេវាសាធារណៈកាន់តែប្រសើរ
25, Jun 2021 , 4:16 pm        
រូបភាព
ដោយ៖ ទូច ស្រីពេជ្រ

កំពត៖ លោក ហៃ សេង ជាមេឃុំជុំគ្រៀល បានសម្តែងក្តីសប្បាយចិត្តយ៉ាងខ្លាំង ក្រោយឃើញវត្តមានយុវជនជាច្រើន បានចូលរួមធ្វើការងារស្ម័គ្រចិត្តនៅឃុំ។ តាមលោកមេឃុំ ហៃ សេង កន្លងមក យុវជន បានចូលរួមក្នុងកិច្ចការងារចែកបណ្ណព៌ត័មាន និងចុះអប់រំផ្សព្វផ្សាយពីបញ្ហានានាដល់ពលរដ្ឋ និងមានសកម្មភាពជួយចែកជាអំណោយផ្សេងៗផងដែរ។ សម្រាប់លោក ហៃ សេង ការចូលរួមយ៉ាងសកម្មភាពរបស់យុវជននេះ ធ្វើឱ្យការងារកាន់តែដំណើរការរលូន និងមានភាពល្អប្រសើរ ហើយក៏គឺជាផ្នែកមួយជួយដឹកនាំឃុំជុំគ្រៀល ឱ្យមានការរីកចម្រើនផងដែរ។ 
 
លោក ហៃ សេង មេឃុំជុំគ្រៀល បានបន្ថែមថា កន្លងមកយុវជនស្ម័គ្រចិត្តទាំងអស់ នៅក្នុងឃុំជុំគ្រៀល នៃស្រុកទឹកឈូក ខេត្តកំពត។ កន្លងមក យុវជន បានចូលរួមសកម្មភាពជាច្រើននៅក្នុងភូមិឃុំដូចជា ការចែកបណ្ណព៌ត័មាន ចុះអប់រំផ្សព្វផ្សាយព័ត៌មាន ដល់ពលរដ្ឋ និងជួយចែកជាអំណោយផ្សេងៗជាដើម។ បើតាមលោកមេឃុំ ការចូលរួមរបស់យុវជននេះ ធ្វើឱ្យការងារកាន់តែដំណើរការរលូន និងមានភាពល្អប្រសើរ។ « រាល់កិច្ចការផ្សេងៗប្រសិនបើមានយុវជន ចូលរួមនោះ នឹងដំណើរទៅបានរលូន និងឆាប់រហ័ស ព្រោះយុវជនមានកម្លាំង ធ្វើការមាំមួន មានគំនិតច្រើន ហើយថែមទាំងចេះ ពីបច្ចេកវិទ្យាកុំព្យូទ័រទៀតផង» ។ នេះជាការបញ្ជាក់ របស់ លោក ហៃ សេង។ 


 
ជាមួយគ្នានេះ លោក កើត ណាវី ជាបុគ្គលិកអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា(CWDCC) បានសាទរចំពោះសកម្មភាព ដែលយុវជនបានចូលរួមយ៉ាងផុសផុលលើកិច្ចការងាររដ្ឋាបាលនេះ។ លោក កើត ណាវី អះអាងថា ការចូលរួមរបស់យុវជន បន្តវេននៅឃុំជុំគ្រៀលនេះ ជាផ្នែកមួយជួយអភិវឌ្ឍន៍ប្រទេសជាតិ ហើយពួកគេ ក៏ជាគំរូដល់យុវជនដទៃទៀតនៅក្នុងសហគមន៍ផងដែរ។ ម្យ៉ាងវិញទៀត យុវជនក៏ជាកញ្ចក់មួយ សម្រាប់ឆ្លុះបញ្ជាំងនូវស្ថានភាពជាក់ស្ដែងផ្សេងៗ ដូចជាសិទ្ធិ និងការបញ្ចេញមតិ។ 
 


លោក កើត ណាវី រៀបរាប់ដូច្នេះ៖«ខ្ញុំរំពឹងថា នៅពេលខាងមុខ យុវជននឹងមានសមត្ថភាព និងទំនុកចិត្តកាន់តែប្រសើរ ក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងឃុំសង្កាត់ដូចជា ការចូលរួមកិច្ចសន្ទនាជាមួយអាជ្ញាធរឃុំ បង្កើតវេទិកាយុវជនដើម្បីលើកពីតម្រូវការជូនអាជ្ញាធរឃុំ ចូលរួមវេទិកាសាធារណៈ»។
 
យុវតី នឿន ចន្ទ័ណែត ជាយុវជនស្ម័គ្រចិត្តនៅឃុំជុំគ្រៀល ពន្យល់ថានាងសម្រេចចិត្តធ្វើជាយុវជនស្ម័គ្រចិត្ត ដោយសារតែចង់ជួយអភិវឌ្ឍន៍ឃុំ និងមើលឃើញនៅឃុំ មានចំណុចខ្វះចន្លោះនៅឡើយ។ យុវតីវ័យ១៦ឆ្នាំរូបនេះ អះអាងដូច្នេះ៖«ចំពោះការប្រើប្រាស់សេវាសាធារណៈ នៅក្នុងឃុំសង្កាត់វិញ ខ្ញុំមើលឃើញថា នៅមានកម្រិតនៅឡើយទេ។ វាមានភាពរអាក់រអួល ក្នុងការចូលរួម រវាងអ្នកស្នើសុំ និងអ្នកផ្តល់ឱ្យ។ ម្យ៉ាងវិញទៀត គឺនៅមានការខ្វះខាតផ្នែកហិរញ្ញវត្ថុ»។



មិនខុសពីយុវតី ច័ន្ទណែត  យុវតី សារឿន ស៊ីណាតវត្តី ជាយុវជនស្ម័គ្រចិត្តនៅឃុំជុំគ្រៀល បានឱ្យដឹងថា យុវជនស្មគ្រ័ចិត្តទាំងអស់ សុទ្ធតែបានឆ្លងកាត់វគ្ដបណ្ដុះបណ្តាល រយៈពេលជាច្រើនខែកន្លង ដូចជាការសិក្សាពាក់ព័ន្ធទៅនឹងសេវាសាធារណៈ និងយេនឌ័រ និងការដឹកនាំអភិបាលកិច្ចល្អជាដើម។ 
  


យុវតីកំពុងសិក្សាថ្នាក់ទី១១រូបនេះ បានប្ដេជ្ញាចិត្ត ជួយលើកកម្ពស់សេវាសាធារណៈ ក្នុងឃុំជុំគ្រៀល ឱ្យមានមានភាពរីកចម្រើនជាងមុន។ «ខ្ញុំប្តេជ្ញាចិត្តថា នឹងជួយការងារសង្គម ឲ្យអស់ពីលទ្ធភាពដែលខ្ញុំមាន។ ហើយខ្ញុំសង្ឃឹមថា វានឹងមានភាពល្អប្រសើរឡើង ទៅតាមអ្វីដែលពួកខ្ញុំខិតខំប្រឹងប្រែង ជួយកន្លងមក»។ 
  


ទន្ទឹមនឹងការតាំងចិត្តរបស់យុវជនស្ម័គ្រចិត្ត លោកមេឃុំ ហៃ សេង សង្ឃឹមថា តាមរយៈកាសកម្មភាពដ៏សកម្មនេះ យុវជនទាំងអស់ នឹងក្លាយជាអ្នកបន្តវេន ដ៏មានសក្ដានុពលក្នុងការដឹកនាំអភិវឌ្ឍន៍ឃុំជុំគ្រៀល។  លោក ហៃ សេង បានបញ្ជាក់ដូច្នេះ៖« អនាគតខ្ញុំសម្លឹងមើលឃើញថា នៅឃុំជុំគ្រៀល នឹងមានការវិវត្តន៍កាន់តែឆាប់រហ័ស ព្រោះឃុំជុំគ្រៀល គឺជាទឹកដីកំពង់ផែទេសចរណ៍មួយ។ ហើយខ្ញុំក៏មិនអាចនៅកាន់តំណាងរហូតដែរ គឺមានតែក្មេងៗដែលជាយុវជនទេ ដែលអាចបន្តវេន ជួយដល់ភូមិឃុំយើងបាន»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ហៃ សេង
  សេវាសាធារណៈ
 យុវជន
 យុវជនសង្កាត់ជុំគ្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com