ជាតិ
សង្គមជាតិ
លោក គង់ វិមាន៖ ស្ពានរំលងអង្គតាសោម មិនមែនចេះតែសង់តាមការនឹកឃើញរបស់ក្រសួងឡើយ
25, Jun 2021 , 6:59 pm        
រូបភាព
ដោយ:
សំណង់ស្ពានអង្គតាសោម ដែលជាស្ពានអាកាសថ្មើរជើងតាមបណ្តោយផ្លូវជាតិលេខ៣ តំបន់ផ្សារអង្គតាសោម ខេត្តតាកែវ គោរពតាមស្តង់ដារបច្ចេកទេសខ្ពស់ ដោយមានការសិក្សាយ៉ាងច្បាស់លាស់ពីអ្នកជំនាញ។ អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន បានអះអាងយ៉ាងដូច្នេះដើម្បីឆ្លើយតបទៅនឹងមតិរិះគន់មួយ ចំនួន ក្រោយដំណើរការដ្ឋានស្ពានរំលងមួយនេះ កាលពីថ្ងៃទី២២ ខែមិថុនា មក។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក គង់ វិមាន បានពន្យល់ថា៖ «មុននឹងសាងសង់ស្ពាននេះឡើង យើងបានសិក្សាច្បាស់លាស់ណាស់ ដោយមានការ ចូលរួមពិភាក្សាយ៉ាងល្អិតល្អន់ ពីអាជ្ញាធរដែនដី អ្នករស់នៅជុំវិញ តំបន់ហ្នឹង ដោយមិនមែនចេះតែធ្វើតម្រូវចិត្តរបស់ក្រសួង ឬរបស់អ្នកបច្ចេកទេសទេ  គឺយើងសិក្សាលើប្លង់គោល»។ 
 
អនុរដ្ឋលេខាធិការ និងនាយកខុទ្ទកាល័យរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ក្រសួងបានសិក្សាយ៉ាងល្អិតល្អន់ជាមួយវិស្វករបរទេស ហើយសំណង់គោរពទៅតាមស្តង់ដារ បច្ចេកទេស គុណភាពត្រឹមត្រូវ និងតាមរចនាប័ទ្មខ្មែរ។ 
 
កាលពីថ្ងៃទី២២ ខែមិថុនា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានចែករំលែកតៗគ្នាពីរូបភាពស្ពានរំលងអង្គតាសោម ដោយខ្លះថា វែងជ្រុលដែលត្រូវចំណាយពេលយូរជាងឆ្លងផ្លូវធម្មតា ហើយអ្នកខ្លះថា មិនផ្តល់ភាពងាយសម្រាប់ជនពិការក្នុងការធ្វើដំណើរ។


ស្ពានអាកាសថ្មើរជើងត្រង់តំបន់ផ្សារអង្គតាសោម ខេត្តតាកែវ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន  
 
ជាការឆ្លើយតប លោក គង់ វិមាន បានសង្កត់ធ្ងន់ថា ក្រសួងសាធារណការ បានគិតគូររួចហើយពីការ ធ្វើជណ្តើរ ជំរាល សម្រាប់ជនពិការ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការថ្មើរជើងឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាពខ្ពស់។ លោកបាន បញ្ជាក់ថា៖«យើងបានគិតគូរច្បាស់ណាស់ពីការធ្វើចំណោត និងជំរាលសម្រាប់ជនពិការឡើងចុះ គឺមាននៅក្នុងប្លង់ អស់ហើយ។ ប៉ុន្តែគ្រាន់តែការអនុវត្ត គម្រោងមិនទាន់រួចរាល់ ហើយអស់ទេ»។
 
បើតាមលោកអនុរដ្ឋលេខាធិការស្ពានរំលងថ្មើរជើងនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងមានសុវត្ថិភាព។ លោក គង់ វិមាន បានអំពាវនាវដល់ពលរដ្ឋចូលរួមថែរក្សា ការពារ និងផ្តល់តម្លៃចំពោះស្ពានថ្មើរជើងដែលរដ្ឋាភិបាលខិតខំកសាងឡើង។ 
 
សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅតំបន់ផ្សារអង្គតាសោមនេះសម្រេចការសាងសង់ឡើងបាន៩០ភាគរយហើយ ដោយចំណាយថវិកាចំនួន៤០ម៉ឺនដុល្លារ។ 
 
បច្ចុប្បន្នកម្ពុជាមានស្ពានអាកាសថ្មើរជើងមួយចំនួន៤ គឺមានដូចជាស្ពានអាកាសថ្មើរជើងដែលឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់សាលាបឋមសិក្សាជម្ពូវ័ន្ត,ត្រង់វិទ្យាល័យចំណេះទូទៅហ៊ុនសែនជម្ពូវ័ន្ត ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ, ស្ពានអាកាសថ្មើរជើងស្តុបនាងគង្ហីង, ស្ពានអាកាសថ្មើរជើង ត្រង់ផ្សារដើមគរ។ រដ្ឋាភិបាលក៏កំពុងសាងសង់ស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក និងស្ពានអាកាសថ្មើរជើងមួយចំនួននៅតាមបណ្តាខេត្តផងដែរ៕  








 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com