ភ្នំពេញ៖ រដ្ឋាភិបាល កំពុងពិចារណាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យកុមារ និងអ្នកដែលត្រូវចាក់ដូសទី៣បន្ថែមទៀត ។ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងបែបនេះ ចំពោះអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៦ មិថុនា។
លោក វង្សី វិស្សុត បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងឱ្យយុវជន រហូតដល់មនុស្សចាស់នោះទេ នឹងបញ្ចប់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ មុនផែនការកំណត់។ ក្រោយចប់ផែនការនេះ រដ្ឋាភិបាល ក៏នឹងគិតគូចាក់លើកុមារវិញម្ដង។
ឆ្លើយតបអ្នកកាសែត នៅក្នុងពិធីទទួលវ៉ាក់សាំង១លានដូសពីចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក វង្សី វិស្សុត បានបញ្ជាក់ដូច្នេះថា៖«បន្តិចទៀតយើងនឹងមានការប្រជុំមួយ ពិនិត្យលទ្ធភាពកែសម្រួលនូវផែនការយុទ្ធសាស្រ្តចាក់វ៉ាក់សាំង ព្រោះយើងត្រូវគិតដល់ក្មេងដែរ ថាគួរតែចាក់ដែរអត់? កុមារក្រោមអាយុ១៨ឆ្នាំ ប៉ុណ្ណា អាយុប៉ុណ្ណាអាចចាក់ ឬមិនអាចចាក់។ ទី២ ដែលអាចមានលទ្ធភាពមួយទៀត ដែលគេកំពុងសិក្សាដែរ គឺចាក់វ៉ាក់សាំងដូសទី៣ ។ ដូច្នេះរដ្ឋាភិបាលគិតមួយជំហានទៅមុខឱ្យហើយរឿងក្មេង និងចាក់(វ៉ាក់សាំង)ដូសទី៣»។
បើតាមគម្រោងនោះ កម្ពុជា នឹងទទួលបានវ៉ាក់សាំង១លានដូសទៀត នៅថ្ងៃទី២៨ មិថុនា។ ចំណែកនៅខែកក្កដាវិញ កម្ពុជា នឹងទទួលបាន៥លានដូស ហើយខែសីហា នឹងទទួលបានវ៉ាក់សាំង៤លានដូសពីរដ្ឋាភិបាលចិន តាមរយៈការបញ្ជាទិញ។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ដែលបានសង្គត់ធ្ងន់ថា កម្ពុជា នឹងមានវ៉ាក់សាំង២០លានដូសនៅត្រឹមខែសីហាខាងមុខ សម្រាប់ចាក់វ៉ាក់សាំងឱ្យពលរដ្ឋ១០លាននាក់ តាមផែនការកំណត។ បើតាមលោក វិស្សុត កម្ពុជា បានត្រៀមថវិកា១៧០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងមកចាក់ជូនពលរដ្ឋនេះ។
«ក្នុងករណីមាន(វ៉ាក់សាំង)មកដល់ច្រើនហ្នឹង យើងអាចគិត(ចាក់វ៉ាក់សាំង)គ្រប់ខេត្តតែម្ដង ។ ហើយថ្ងៃពុធ(ទី៣០ មិថុនា) ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នឹងដឹកនាំប្រជុំការពិនិត្យឡើងវិញ នូវផែនការចាក់វ៉ាក់សាំងនេះ»។ នេះបើតាមលោក វង្សី វិស្សុត។
បើគិតទាំងវ៉ាក់សាំង Sinovac ១លានដូសនេះទៀត នៅថ្ងៃទី២៦ មិថុនានេះ កម្ពុជាមានវ៉ាក់សាំងចំនួន១០លានដូសហើយ សម្រាប់ចាក់ជូនពលរដ្ឋ។ ក្នុងនោះវ៉ាក់សាំង Sinoivac ៦,៥ លានដូស, Sinopham ៣,២លានដូស និង AstraZineca ៣២៤,០០០ដូស។ វ៉ាក់សាំង Sinopham ជាជំនួយរបស់ចិន ចំណែក AstraZineca ជាជំនួយពីCOVAX។
គិតមកដល់ពេលនេះ រដ្ឋាភិបាល បានចាក់វ៉ាក់សាំងឱ្យមន្ត្រីរាជការ និងពលរដ្ឋទូទាំងប្រទេសជាង៣,៨លាននាក់ហើយ ដែលស្មើ៣៨ភាគរយ នៃផែនការចាក់វ៉ាក់សាំងយ៉ាងតិចឱ្យបាន១០លាននាក់។ ក្នុងនោះអ្នកចាក់វ៉ាក់សាំងទាំង២ដូស មានជាង២,៨ លាននាក់។