COVID-19
ជាតិ
សេដ្ឋកិច្ច
លោក វ​ង្សី វិស្សុត​៖ បើ​កម្ពុជា គ្រប់គ្រង​កូ​វីដ​-១៩ បាន គឺជា​ឱកាស​ធំ ខណៈ​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដេ​ស ជា​គូប្រជែង​កំពុង​ជាប់ដៃ​
26, Jun 2021 , 9:44 pm        
រូបភាព
​ភ្នំពេញ​៖ ដ្បិត​ផ្ទុះ​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កំពុង​អូសបន្លាយ​យូរ​ក្តី ប៉ុន្តែ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា នៅតែ​ស្ថិតនៅ​ចំណុច​ល្អ ហើយ​ថែមទាំង​មានឱកាស​ធ្វើ​ពិពិធ​កមុ្ម​សេដ្ឋកិច្ច សម្រាប់​ការនាំចេញ​កាន់តែ​ខ្ពស់​ទៀតផង​។ ហើយ​បើសិន​កម្ពុជា គ្រប់គ្រង​កូ​វីដ​-១៩ បាន​ទៀត​នោះ គឺជា​ឱកាស​ធំ ខណៈ​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដេ​ស ដែលជា​គូប្រជែង​កំពុង​ជាប់ដៃ​ប្រយុទ្ធប្រឆាំង​ជំងឺ​កាច​សាហាវ​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​


 
​លោក វ​ង្សី វ​ង្សុ​ត បាន​បញ្ជាក់ថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ រយៈពេល​៥​ខែ​មកនេះ មាន​សន្ទុះ​ប្រហាក់ប្រហែល​នឹង​ការនាំចេញ​៥​ខែ​ឆ្នាំមុន​។ ក្រៅពី​សម្លៀកបំពាក់​នេះ ក៏មាន​ផលិត​មួយចំនួន នៅ​រក្សា​លំនឹង ហើយ​មាន​កំណើន​ផងដែរ​។ 
 
​បើតាម​លោក វិស្សុត គ្រឿង​បង្គុំ​អេឡិចត្រូនិក កង់ ទំនិញ​កសិកម្ម ក្តាប​ន្ទះ បន្ទះ​សូ​ឡា​ជាដើម បាន​កើនឡើង ៥២​ភាគរយ ដែល​ឆ្លុះបញ្ចាំង​ពី​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩ បើទោះជា​វិស័យ​ទេសចរណ៍ និង​វិស័យ​លក់រាយ ជួប​វិបត្តិ​ក្តី​។​
 
​ឆ្លើយតប​អ្នកកាសែត នៅក្នុង​ពិធី​ទទួល​វ៉ាក់សាំង​១​លាន​ដូ​ស​ពី​ចិន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការនាំចេញ​ទំនិញ​នៅ​រយៈពេល​៥​ខែ​នេះ បាន​ឆ្លុះបញ្ចាំង​ថា កម្ពុជា​នៅ​រឹងមាំ​ត្រង់​ថា ទំនិញ​ដែល​យើង​នាំ​ចេញទៅ​ក្រៅ​ដក​មាស​ចេញ នៅតែ​កើន ១៧​ភាគរយ​»​។​
 

លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ 

​កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ធនាគារពិភពលោក បាន​ព្យាករ​ឃើញ​ដូចគ្នា​ថា សេដ្ឋកិច្ចកម្ពុជា នឹងមាន​កំណើន​៤​ភាគរយ នៅ​ឆ្នាំ​២០២១​នេះ​។ ដោយឡែក នៅ​ឆ្នាំ​២០២២ សេដ្ឋកិច្ចកម្ពុជា អាច​ងើបឡើង​បាន​រង្វង់​៥​ភាគរយ ដោយសារ​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូ ពាណិជ្ជកម្ម​សំខាន់ៗ ដែល​ជួយ​ជំរុញ​ដ​ល់ការ​នាំចេញ​របស់​កម្ពុ​ជា​។​
 
​ប៉ុន្តែ​ការ​ព្យាករ​នេះ មិនទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​ការផ្ទុះ​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កំពុង​អូស​បន្លាយពេល​។ លោក វ​ង្សី វិស្សុត បាន​បន្ថែម​ដូច្នេះ​៖«​ដូច​អ្វីដែល​យើង​គ្រោងទុក​ពី​ដើមឆ្នាំ​មក កំណើនសេដ្ឋកិច្ច ៤​ភាគរយ មានការ​ប៉ះពាល់ ហើយ​ការប៉ះពាល់​នេះ ត្រូវ​រង់ចាំ​ដល់​ចុងឆ្នាំ​ទៀត ។ បើសិន​សេដ្ឋកិច្ច​យើង​ងើប បាន​ក្នុង​កំឡុង​ខែកញ្ញា​-​តុលា យើង​នៅតែមាន​សង្ឃឹម អត្រាកំណើន​៤​ភាគរយ​នៅ​សម្រេចបាន​…»​។​
 
​ទន្ទឹមនឹង​ការ​ប្រឹង​ស្ដារ​សេដ្ឋកិច្ច ក្នុង​វិបត្តិ​កូ​វីដ​-១៩​នេះ កម្ពុជា ក៏​ប្រឹងប្រែង​ទប់ស្កាត់ និង​កាត់ផ្ដាច់​ជំងឺ​កាច​សាហាវ​នេះដែរ​។ ហើយ​បើ​កម្ពុជា អាច​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ បាន​ទៀត​នោះ សេដ្ឋកិច្ចកម្ពុជា នឹង​ស្ទុះ​លឿន​ជាង​ការរំពឹងទុក ខណៈដែល​គូប្រជែង​របស់​កម្ពុជា កំពុង​ជាប់រវល់​នឹង​ការប្រយុទ្ធ​ជំងឺ​នេះ​។ នេះ​ជាការ​អះអាង​របស់​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​។​
 
​លោក វ​ង្សី វិស្សុត បាន​និយាយ​ដូច្នេះ​៖«​ប៉ុន្តែ​បើ​យើង​គ្រប់គ្រង​កូ​វីដ​-១៩ បានល្អ​វិញ វា​ជា​ឱកាស​ធំ​បំផុត ព្រោះ​ដៃគូ​ប្រជែង​(​ទីផ្សារ​សេដ្ឋកិច្ច​ក្នុង​តំបន់​) យើង​កំពុង​ជាប់ដៃ​ដែរ ដូចជា​ភូមា (​មី​យ៉ាន់​ម៉ា​) បង់​ក្លា​ដេ​ស កំពុង​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​បើ​យើង​ធ្វើ​បានល្អ​ជាងគេ អ្នកបញ្ជា​រទិញ អ្នកវិនិយោគ អ្នករកស៊ី នឹង​មករក​យើង​ច្រើន​»​។​
 
​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដេ​ស ទាក់ទាញ​ការវិនិយោគ​ច្រើន ដោយសារ​តែកម្លាំង​ពលកម្ម​ទាប ក្រៅពី​ទីផ្សារ​សេដ្ឋកិច្ច​ធំ​ជាង​កម្ពុជា​។ ប៉ុន្តែ​ដោយសារ​កាលៈទេសៈ​កូ​វីដ​-១៩​នេះ បានធ្វើឱ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក រួមទាំង​កម្ពុជា មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដេ​ស សុទ្ធតែ​រងគ្រោះ​។ 
 
​បច្ចុប្បន្ននេះ បង់​ក្លា​ដេ​ស មាន​អ្នក​ជាង​៨៧​ម៉ឺន​នាក់ ជាសះស្បើយ​ជាង​៧៩​ម៉ឺន​នាក់ និង​ស្លាប់​១,៣ ម៉ឹ​ន​នាក់​។ ចំណែក​មី​យ៉ាន់​ម៉ា មាន​អ្នក​ឆ្លង​ជាង​១៥​ម៉ឺន​នាក់ សះស្បើយ​១៣​ម៉ឺន​នាក់ និង​ស្លាប់​ជាង​៣​ពាន់​នាក់ ។ មិនតែប៉ុណ្ណោះ​មី​យ៉ាន់​ម៉ា កំពុង​ជួប​បញ្ហានយោបាយ​ក្នុងប្រទេស រវាង​អ្នកគាំទ្រ​អ្នកស្រី អង់ សាន​ស៊ូ​ជី និង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​របប​យោធា​ផងដែរ​។​
 
​ងាក​មក​កម្ពុជា​វិញ មាន​អ្នក​ឆ្លង​សរុប​៤៦,៨១០​នាក់ ក្នុងនោះ​ករណី​នាំចូល​២១០០​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​៤១,៤៣៩ នាក់ និង​ស្លាប់​៥២៣ នាក់​។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​រដ្ឋាភិបាល​កម្ពុជា មានសង្ឃឹម​អាច​ស្ដារ​សេដ្ឋកិច្ច​វិញ​បាន​នេះ ដោយសារតែ​កម្ពុជា អាចមាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់ឱ្យ​ប្រជាពលរដ្ឋ​។​
 
​បើ​គិត​ទាំង​វ៉ាក់សាំង Sinovac ១​លាន​ដូ​ស​នេះ​ទៀត នៅ​ថ្ងៃទី​២៦ មិថុនា​នេះ កម្ពុ​ជាមាន​វ៉ាក់សាំង​ចំនួន​១០​លាន​ដូ​ស​ហើយ សម្រាប់​ចាក់​ជូន​ពលរដ្ឋ​។ ក្នុងនោះ​វ៉ាក់សាំង Sinoivac ៦,៥ លាន​ដូ​ស​, Sinopham ៣,២​លាន​ដូ​ស និង AstraZineca ៣២៤,០០០​ដូ​ស​។ វ៉ាក់សាំង Sinopham ជា​ជំនួយ​របស់​ចិន ចំណែក AstraZineca ជា​ជំនួយ​ពី​COVAX​។​
 
​បើតាម​គម្រោង​នោះ កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​១​លាន​ដូ​ស​ទៀត នៅ​ថ្ងៃទី​២៨ មិថុនា​។ ចំណែក​នៅ​ខែកក្កដា​វិញ កម្ពុជា នឹង​ទទួលបាន​៥​លាន​ដូ​ស ហើយ​ខែសីហា នឹង​ទទួលបាន​វ៉ាក់សាំង​៤​លាន​ដូ​ស​ពី​រដ្ឋាភិបាល​ចិន តាមរយៈ​ការបញ្ជាទិញ​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច ដែល​បា​នស​ង្គ​ត់​ធ្ងន់​ថា កម្ពុជា នឹងមាន​វ៉ាក់សាំង​២០​លាន​ដូ​ស​នៅត្រឹម​ខែសីហា​ខាងមុខ សម្រាប់​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​១០​លាន​នាក់ នៅ​អំឡុង​ខែវិច្ឆិកា ដែល​បញ្ចប់​មុន​ផែនការ​កំណត់ ។ បើតាម​លោក វិស្សុត កម្ពុជា បាន​ត្រៀម​ថវិកា​១៧០​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​មកចាក់​ជូន​ពលរដ្ឋ​នេះ​។​
 
​ដោយសារ​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​នេះ ទើប​លោក វ​ង្សី វិស្សុត ហ៊ាន​អះអាងថា កម្ពុជា​មានឱកាស​ស្ដារ និង​ប្រជែង​ទីផ្សារ​សេដ្ឋកិច្ច លឿន​ជាង​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដេ​ស​។​
​ក្រៅពីនេះ​ទីផ្សារ និង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ក៏​ជា​ប្រភព​សេដ្ឋកិច្ច​សំខាន់ សម្រាប់​ការធ្វើ​ពិពិធ​កិ​ម្ម​សេដ្ឋកិច្ច និង​ការនាំចេញ​របស់​កម្ពុជា​ដែរ​។ 

បច្ចុប្បន្ន​អ្នកវិនិយោគ​ចិន និង​អ្នកវិនិយោគ​បរទេស​ខ្លះ បាន​រើ​ទី​តាំងពី​ប្រទេស​ចិន មក​បោះទុន​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ដែរ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ ៕​។ នេះ​បើតាម​លោក វ​ង្សី វិស្សុត ៕
 

Tag:
 សេដ្ឋកិច្ច​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com