អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​មន្ត្រី​ប៉ូលិស​លោក Derek Chauvin ​ត្រូវ​តុលាការ​កាត់ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​២២ឆ្នាំ​កន្លះ
27, Jun 2021 , 9:27 am        
រូបភាព
 រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​ផ្តល់​ឲ្យ​ដោយ​ការិយាល័យ​ប៉ូលិស​ប្រចាំ​ស្រុក Ramsey នេះ គឺ​អតីត​មន្រ្តីប៉ូលិស ក្រុង Minneapolis លោក Derek Chauvin ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​ផ្តល់​ឲ្យ​ដោយ​ការិយាល័យ​ប៉ូលិស​ប្រចាំ​ស្រុក Ramsey នេះ គឺ​អតីត​មន្រ្តីប៉ូលិស ក្រុង Minneapolis លោក Derek Chauvin ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
ដោយ: VOA
អតីត​មន្ត្រី​ប៉ូលិស​លោក Derek Chauvin ដែល​ត្រូវគណៈ​វិនិច្ឆ័យមួយ ​សម្រេចឱ្យ​មានទោស​ក្នុង​ការ​សម្លាប់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​មួយរូប គឺលោក George Floyd ​ត្រូវកាត់​ទោសដោយ​តុលាការ​ នៅ​ទីក្រុង​ Minneapolis រដ្ឋ Minnesota កាត់​ឱ្យ​ជាប់​ទោស​២២ឆ្នាំ​កន្លះ កាល​ពី​ថ្ងៃ​សុក្រ។



កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១ លោក Chauvin ត្រូវ​បាន​គណៈវិនិច្ឆ័យនៅ​រដ្ឋ Minnesota សម្រេច​ឱ្យ​មាន​ទោស​ពី​បទ​ឃាតកម្ម​មិន​មាន​ការ​គិត​ទុក​ជា​មុន​កម្រិត​មធ្យម (second-degree murder) បទ​ឃាតកម្ម​មិន​មាន​ការ​គិត​ទុក​ជា​មុន​កម្រិត​ស្រាល (third-degree murder) និងបទ​មនុស្សឃាត​ដោយ​អចេតនា​កម្រិត​មធ្យម (second-degree manslaughter) ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក​ George Floyd ដែល​ជា​រឿង​ក្តី​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នូវ​បាតុកម្ម​នៅ​ទូទាំង​ពិភពលោកប្រឆាំង​នឹងអំពើ​ហិង្សា​របស់​ប៉ូលិសទៅ​លើ​ប្រជាពលរដ្ឋ។ អតីត​មន្ត្រី​ប៉ូលិស​រូប​នេះ​ កំពុង​ត្រូវ​ឃុំ​ក្នុង​ពន្ធនាគារ​ ចាប់​តាំង​ពី​ការ​សម្រេច​ទោស​នោះ​មក។

លោក Floyd ត្រូវបានសម្លាប់កាលខែ​ឧសភា​ឆ្នាំ​មុន​ បន្ទាប់ពី​លោក Chauvin ដែល​ជា​ប៉ូលិស​ស្បែកស បាន​សង្កត់​ជង្គង់​ពី​លើ​ ​ឬ​គៀក​នឹង​ក​របស់​បុរស​ស្បែក​ខ្មៅ​វ័យ​៤៦​ឆ្នាំរូប​នោះ ​រយៈ​ពេល​ប្រហែល​៩នាទី​កន្លះ។

ទោស​ធ្ងន់​ជាង​គេ​សម្រាប់​លោក Chauvin ​ គឺ​សម្រាប់​បទ​ឃាតកម្ម​មិន​មាន​ការ​គិត​ទុក​ជា​មុន​កម្រិត​មធ្យម ដែលអាច​ជាប់ពន្ធនាគារ​រហូត​ដល់​៤០​ឆ្នាំ។

នៅ​មុន​ការ​កាត់​ទោស​ថ្ងៃ​សុក្រ ​អ្នក​ជំនាញ​ខាង​ច្បាប់ បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទោស​ដែល​អាច​អនុវត្ត​ជាក់​ស្តែង​បាន​ គឺ​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ ដោយសារ​ការ​សម្រេចដាក់​ទោស​អប្បបរិមា​លើស​ពី​៣០​ឆ្នាំ ងាយនឹង​ត្រូវ​សាលា​ឧទ្ធរណ៍​បដិសេធ​វិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com