ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ការ​ខ្លាច​អ្នក​ធ្លាប់​កើត​ជំងឺ​កូវីដ-១៩ អាច​ជា​​រូប​ភាពនៃ​​ការ​រើស​អើងឬ​​ទេ?
27, Jun 2021 , 10:14 am        
រូបភាព
 
​ភ្នំពេញ​៖ ​ទូទាំង​ពិភព​លោក​ នៅ​ពុំ​ទាន់​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​​នៃ​ការ​រីក​រាល​ដាលជំងឺ​កូវីដ-១៩​ ក៏​ដូច​ជា​រក​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​បាន​នៅ​ឡើយទេ​​។ ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ខ្លាច​រអា​មេរោគ​​នេះ​ ហើយ​ការ​ពារ​ខ្លួន​រៀង​ៗ​ខ្លួន​។ តើ​ការ​ការ​ពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩ និង​ការ​ភ័យ​ខ្លាច​ខ្លាំង​ពេក​ ចំពោះ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​​ អាច​មាន​រូប​ភាពជា​ការ​រើស​អើង​ទេ​?


កុំ​ថា​ឡើយ​តែ​មនុស្ស​ដែល​ធ្លាប់​មាន​ជំងឺ​កូវីដ-១៩​ ហើយបាន​​ព្យាបាល​ជា​សះ​ស្បើយ សូម្បី​តែ​មនុស្ស​ធម្មតា​ ដែល​ពុំ​មាន​ជំងឺ​អ្វី​សោះ​នោះ ក៏​ត្រូវ​បាន​គេ​ខ្លាច​ និង​រក្សា​គម្លាតជា​និច្ច​ដែរ​។ ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ ក្រសួង​សុខា​ភិបាល​កម្ពុជា តម្រូវ​ឱ្យ​ប្រជា​ជន​គ្រប់​រូ​ប ​​​អនុវត្ត​វិធាន​ការ​៣​ការពារ​៣កុំ​ ឱ្យ​បាន​ខ្ទាប់​ខ្ជួន​ជានិច្ច​ ដើម្បី​ធានា​ថា​ ពួក​គេ​មិនបាន​​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ ការ​ណ៍​នេះ​ ធ្វើ​ឱ្យ​គេ​ពិបាក​សន្និដ្ឋាន​​បន្តិច​ ថាការ​ខ្លាច​មនុស្ស​​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​កូវីដ-១៩​ខ្លាំង​ពេក​ អាច​ជា​​​រូប​ភាព​នៃ​​​ការ​​រើស​អើង​ឬ​យ៉ាង​ណា​នោះ​។

​ទោះ​ជា​យ៉ាង​ណា​ ករណី​របស់​កញ្ញា សុភាព​ ដែល​ធ្លាប់​បាន​ជួប​ប្រទះ​កន្លង​មក​ ក៏​គួរ​ឱ្យ​មាន​ការ​ពិចារណា​ដែរ​។ សុភាព​ គឺ​ជា​ឈ្មោះ​ថ្មី​ របស់​នារី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែលនាង​​ត្រូវ​បាន​គេ​ខ្លាច​រអាខ្លាំង​ ក្រោយ​ពី​នាង​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ភ្លាម​ៗ​​។

ក្រោយ​ពី​​​ធ្វើ​ចត្តាឡីស័កក្នុង​មណ្ឌល​រួម​ ចំនួន​១៤​ថ្ងៃ នា​អំឡុង​ខែ​មេសា​ ឆ្នាំ​២០២១​ កន្លង​ទៅ​ កញ្ញា សុភាព តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ​រយៈ​ពេល​១៤​ថ្ងៃ​បន្ត​ទៀត​ ដើម្បីប្រាកដ​ថា​ នាង​ពុំ​​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​។ អះ​អាង​ថា​ខ្លួន​មិនមាន​​ផ្ទុក​ជំងឺ​កូវីដ-១៩​ នារី​រាង​តូចស្គម​រូប​នេះ​​ ថា​នាង​​ទៅ​ធ្វើ​ចត្តាឡីស័ក​​ ក៏​ព្រោះ​តែ​នាងមាន​អាការក្ដៅខ្លួន​ខ្លាំង​ បន្ទាប់​ពី​នាង​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ-១៩​រួច​។ ទោះ​ជា​យ៉ាង​ណា​ នារី​វ័យ​២២​ឆ្នាំ​រូប​នេះ​ ពុំ​បាន​ដឹង​ពី​មូល​​ហេតុដែល​នាំ​ឱ្យ​នាង​ក្ដៅ​ខ្លួនខ្លាំង​នោះ​​ឡើយ​។ ​
លោក ប៉ា ចាន់រឿន
សុភាព​ បញ្ជាក់​៖«​ក្រោយ​ពី​​គ្រូពេទ្យពិនិត្យ​សំណាករួច​​ គាត់​ថា​ខ្ញុំ​ស្ថិត​ក្នុង​កម្រិត​សង្ស័យ​ គាត់​​ឱ្យ​ខ្ញុំ​នៅ​តាម​ដាន​អាការនៅ​ផ្ទះ​ខ្លួន​ឯង ប៉ុន្តែ​ខ្ញុំ​ខ្លាច​ហើយ​អត់​ហ៊ាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ ខ្ញុំ​ក៏​សុំ​ឱ្យ​ពេទ្យ​យក​ឡាន​មក​ដឹង​ខ្ញុំ​។ ក្រោយ​ពី​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ហើយ​ ខ្ញុំ​អត់​មាន​ជំងឺ​កូវីដ-១៩​ទេ​»។​

កាល​ពី​បិទ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័កដោយ​ខ្លួន​ឯង​​ភ្លាម​ៗ សុភាព​​ បាន​កត់​សម្គាល់​ឃើញ​ថា​ មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ ហាក់​មាន​ការ​ខ្លាច​រអា​ខ្លួន​យ៉ាង​ខ្លាំង ដោយ​មាន​អ្នក​ខ្លះ​គ្រាន់​តែ​ឃើញ​នាង​ ពួក​គេ​នាំ​គ្នា​រត់​គេច​ទៅ​ឆ្ងាយ​ភ្លាម​​។ នាង​មិន​ប្រាកដ​ថា ​នេះ​គឺ​ជា​ទម្រង់​នៃ​ការ​រើស​អើង​ឬ​យ៉ាង​ណា​ឡើយ​ ប៉ុន្តែ​សម្រាប់​នាង​ បាន​ប្រកដ​ថា​ខ្លួន​​អន់​ចិត្ត​។

«ខ្ញុំ​ចាំ​បាន​ថ្ងៃ​មួយ​ខ្ញុំ​ទៅ​ទិញ​ទំនិញ​នៅ​ផ្ទះ​ចាប់​ហួយ​មួយ​ កូន​ស្រី​អ្នក​លក់​២​នាក់​ ដែល​មាន​អាយុ​ស្របាល​នឹង​ខ្ញុំ​ដែរ គេ​គ្រាន់​តែ​ឃើញ​ខ្ញុំ​ គេ​នាំ​គ្នា​រត់​ចូល​ផ្ទះ​បាត់​ ហើយ​ហៅ​ម្ដាយ​គេ​ឱ្យ​មក​លក់​ឱ្យ​ខ្ញុំ​។ ខ្ញុំ​អត់​ខឹង​ទេ ប៉ុន្តែ​ខ្ញុំ​អន់​ចិត្ត​។ បើ​គេ​ចង់​ការ​ពារ​ខ្លួន​ គេ​អាច​ពាក់​ម៉ាស​ និង​រក្សា​គម្លាត​ ប៉ុន្តែ​នេះ​គ្រាន់តែ​ឃើញ​ខ្ញុំ​ភ្លាម​ គេ​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​អស់ ទាំង​ដែល​ខ្ញុំ​មិន​ផ្ទុក​កូវីដផង ខ្ញុំ​គ្រាន់​តែ​ទៅ​ធ្វើ​ចត្តាឡីស័ក​សោះ​​»។

ក្រៅ​ពី​អ្នក​ជិត​ខាង​ ប្រវត្តិ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ ក៏​បាន​ធ្វើ​ឱ្យមិត្ត​របស់​​នារី​កើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​  មួយ​ចំនួន​ខ្លាច​រអានាង​ដែរ​។ សុភាព​ បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា នាង​បាន​បាត់​បង់​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ពួក​គេ​។ នារី​សម្ដី​មួយ​ៗ​រូប​នេះ​ អះ​អាង​ថា គ្រា​នោះ​​នាង​ពិត​ជា​ពិបាក​ទទួល​យកស្ថាន​ភាព​នោះ​​ណាស់​។
​សុភាព​ ដែល​មាន​សម្បុរ​ស​ ពន្យល់​បន្ថែម​ដូច្នេះ​៖«បើ​មនុស្ស​ច្រើន​គ្នា​ ធ្វើ​បែប​នេះ​(បង្ហាញ​ភាព​ភ័យ​ខ្លាច​ខ្លាំង​ រហូត​រត់​គេច​) ពេល​គេ​ឃើញ​​​អ្នក​ធ្លាប់​មាន​ជំងឺ​កូវីដ-១៩​ ឬ​អ្នក​ធ្លាប់​ធ្វើ​ចត្តា​ឡីស័ក​ វា​នឹង​បង្កើត​ឱ្យ​ពួក​គេ​​អន់​ចិត្ត​ ឬ​បាក់​ទឹក​ចិត្ត​បាន​»។

រីឯលោក​ ឧត្តម​ គឺ​ជា​ឈ្មោះ​ថ្មី​របស់​បុរស​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​។ លោក​ ឧត្តម​ ធ្លាប់​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​ ហើយ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​នាំ​យក​ទៅ​ព្យាបាល​នៅ​ក្នុង​មណ្ឌល​រួម​មួយ​ កាល​ពី​ពេល​កន្លង​ទៅ​។ ​បុរស​ម្នាក់​នេះ ​បាន​ជា​សះ​ស្បើ​យ​ពី​ជំងឺកូវីដ-១៩ ជិត​២​ខែ​​ហើយ​។

ខុស​ពី​ សុភាព លោក​​ ឧត្តម​ មិន​ត្រូវ​បាន​គេ​ខ្លាច​រអា​ឡើយ​ ហើយ​ក្រោយ​​ជា​ពី​ជំងឺ​កូវីដ-១៩​​ គាត់​បាន​បើក​អាជីវកម្ម​ម៉ាសា នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។ ឧត្តម​ ដែល​ជា​ជន​មាន​ពិការភាព​ភ្នែក​ទាំង​សង​ខាង​ពី​កំណើត​នោះ​ ពន្យល់​បន្ថែម​៖«​ខ្ញុំ​អត់​បាន​ចេញ​ទៅ​ណា​ទេ គឺ​ខ្ញុំ​នៅ​តែ​ក្នុង​ផ្ទះ​ប៉ុណ្ណោះ​។ មិន​មាន​អ្នក​ណា​ខ្លាច​ខ្ញុំ​ទេ។​ មាន​ភ្ញៀវ​ចូល​មក​ម៉ាសា​កន្លែង​របស់​ខ្ញុំ​តាម​​ធម្មតា»​។
សម្រាប់​លោក​ ប៉ា ច័ន្ទរឿន​ នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា មើល​ឃើញ​ថា​ ស្ថាន​ភាព​ដែល​​កញ្ញា សុភាព បាន​ជួប​ប្រទះ​ អាច​មាន​ពីរទម្រង់​។ មួយ​ជា​ការ​ខ្លាច​ព្រោះ​តែ​ប្រវត្តិ​ធ្លាប់​មាន​ជំងឺ​ ហើយ​មួយ​ទៀត​ អាច​ជា​ការ​រើស​អើង​។

លោក​ ច័ន្ទ​រឿន​ បញ្ជាក់​ថា​ ​ករណី​ខាង​លើ​អាចគេ​​នៅ​ខ្លាច​ថា​ សុភាព ​នៅ​មាន​ផ្ទុក​ជំងឺ​នៅ​ឡើយ​ ទើប​បាន​ជាគេ​រត់​គេច​។ ប៉ុន្តែបើ​​ក្នុង​ករណី​ដែល​គេ​បាន​ដឹង​ថា​ សុភាព ឬ​មនុស្ស​ដទៃ​ទៀត​ដែល​ធ្លាប់​កើត​ជំងឺ​កូវីដ-១៩ បាន​ព្យាបាល​ជាសះ​ស្បើយ​​ហើយ​ ប៉ុន្តែ​គេ​នៅ​តែ​រត់​គេច ឬ​បង្ហាញ​ការ​ខ្លាច​រអា​ខ្លាំង​ជ្រុល​ពេក​​ទៀត​ នោះគឺ​​ស្ថិត​ក្នុង​ទម្រង់​នៃ​ការ​រើស​អើង​ហើយ​។
«នៅ​ពេល​គាត់​យក​ការ​ភ័យ​ខ្លាច​ដាក់​មុខ​ពេក​ ​ហើយ​គាត់​មិន​ផ្ដល់​សេវាកម្ម​ ឬ​លក់​ទំនិញ​ឱ្យអ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​កូវីដ-១៩​ នោះ​​ក្លាយ​ជា​ការ​រើស​អើងហើយ​។​ វា​បង្ហាញ​ពី​​ភាពអយុត្តិធម៌​​ អសីលធម៌ ចំពោះ​អ្នក​ដែល​ធ្លាប់​ឈឺ តែគេ​​ព្យាបាល​ជា​ហើយ​នោះ​។​ ពល​រដ្ឋ​គ្រប់​រូប​ គួរ​ឈ្វេង​យល់​ថា ​អ្នក​កើត​ជំងឺនេះ​​គឺ​ជា​ជន​រក​គ្រោះ ដូច្នេះ​ពួក​យើង​គួរ​តែ​សារ​ទរ លើក​ទឹក​ចិត្ត​ ហើយភ្ជាប់​​ទំនាក់​ទំនង​ដដែលនៅ​ពេល​ដែល​ពួក​គេ​ជា​​ ដោយ​គ្រាន់​តែ​រក្សា​គម្លាត​ និង​ពាក់​ម៉ាស​ ដើម្បី​ការ​ពារ​ខ្លួន​​»។

ចំណែក​អ្នក​នាង ធន​ ស្រីពៅ ប្រធាន​ផ្នែក​ពិគ្រោះ​យោបល់ នៃ​បណ្ដាញ​ទូរសព្ទ​ជំនួយ​កុមារ​កម្ពុជា បាន​លើក​ឡើង​ថា ករណី​អ្នក​ធ្លាប់​មាន​ជំងឺ​កូវីដ-១៩ ឬ​អ្នក​ធ្លាប់​ធ្វើ​ចត្តាឡីស័ក​ ជួប​បញ្ហា​ដូច​ខាង​លើ​ ហើយ​ពួក​គេ​គិត​ថា​អន់​ចិត្ត​ ឬ​បាក់​ទឹក​ចិត្ត​ពួក​គេ​គួរ​តែ​រក​សេវា​ពិគ្រោះ​ផ្លូវ​ចិត្ត​។

អ្នក​នាង​ ស្រីពៅ​ ពន្យល់​បន្ថែម​៖«អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​គាំ​ទ្រ​ផ្លូវ​ចិត្ត​គាត់​ និង​លើក​ទឹក​ចិត្ត​គាត់​។ បើ​សួរ​ថា​ធ្វើ​ម៉េច​ ខ្ញុំ​មិនអាច​ឆ្លើយ​បាន​ទេ ព្រោះ​វា​ជា​ជំនាញ​នៃ​ការពិគ្រោះ​យោបល់​​ ហើយ​នឹង​ការ​លើក​ទឹកចិត្ត​។​ ការ​គាំ​ទ្រ​អារម្មណ៍​គឺ​ស្ថិត​ក្នុង​ការ​ពិគ្រោះ​យោបល់​»។

ក្រសួង​សុខាភិបាល​ បាន​ប្រកាស​ថា​ ជំងឺ​កូវីដ-១៩ អាច​ឆ្លង​ទៅ​មនុស្ស​គ្រប់​គ្នាបាន​គ្រប់​ពេល​ ប្រសិន​បើ​ពួក​គេ​ពុំ​បាន​ការ​ពារ​។ ​ទោះ​បី​ជា​ពួក​គេ​បាន​ចាក់​​វ៉ាក់​សាំង ​ការ​ពារ​បាន​គ្រប់​ចំនួនហើយ​ក៏​ដោយ ក៏​នៅ​តែ​អាច​ឆ្លង​បាន​ ប្រសិន​បើ​ពួក​គេ​ពុំ​បាន​ការ​ពារ​ខ្លួន​​​ត្រឹម​ត្រូវ​​​។ អ្នក​ធ្លាប់​កើត​ជំងឺ​នេះ​ម្ដង​ហើយ​ ក៏​អាច​កើត​ទៀត​ដែរ។ ក្រសួង​បាន​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ គោរព​វិធាន​ការ​៣​ការពារ​ និង​៣​កុំ​ ឱ្យ​បាន​ខ្ជាប់​ខ្លួន​ ដើម្បី​បញ្ចៀស​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​៕





© រក្សាសិទ្ធិដោយ thmeythmey.com