ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ចម្លាក់មករ និងតម្លៃដ៏ពិសេសក្នុងតំបន់បេងមាលា
27, Jun 2021 , 8:30 pm        
រូបភាព
 សៀមរាប៖ ចម្លាក់មករ ទទួលបានភាពទាក់ទាញខ្លាំង នៅពេលបណ្ដាញសង្គមបានផ្សព្វផ្សាយពីការប្រទះឃើញចម្លាក់នេះកាលពីឆ្នាំទៅ។ ជាចម្លាក់ដ៏ធំស្កឹមស្កៃមិនធ្លាប់មានពីមុន មករ ដែលអ្នកខ្លះច្រឡំនឹងក្បាលសឹង្ហ ត្រូវគេប្រទះឃើញក្នុងព្រៃនាតំបន់ប្រាសាទបេងមាលា ដែលស្ថិតនៅស្រុកស្វាយលើ ខាងកើតខេត្តសៀមរាប។ សម្រាប់អ្នកសិក្សាស្រាវជ្រាវ វត្តមានក្បាលមករគឺមានតម្លៃពិសេសក្នុងតំបន់បេងមាលា។



ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចតទៅនេះ៖




ដ្បិតថា មានការផ្សព្វផ្សាយច្រើនក៏ពិតមែន តែតម្លៃពិតប្រាកដនៃចម្លាក់មករ មិនទាន់បានដឹងច្រើននៅឡើយ។ បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា កន្លងមកគេធ្លាប់ឃើញចម្លាក់នេះ នៅតាមផ្ដែរ ជណ្ដើរ និងអមជាមួយរូបទេពផ្សេងប៉ុណ្ណោះ តែនៅបេងមាលា គេប្រើចម្លាក់នេះជាទបង្ហូរទឹកទៅវិញ។

លោក អ៊ឹម សុខរិទ្ធី បន្ថែមថា៖«មករដែលមានចម្លាក់ក្បាល ត្រូវបានរៀបចំជាទនៅផ្នែកខាងក្រោយជាដងខ្លួន បានរៀបចំជាទប្រមូលទឹកហូរពីភ្នំគូលែន បញ្ចេញមកក្រោម។ ទឹកដែលហូរចេញពីក្បាលមករ ហូរធ្លាក់ចូលអូរថ្មដាប់ រួចហូរចូលកសិន្ធុខាងជើងប្រាសាទបេងមាលា ហើយបន្តហូរចាក់ទៅក្នុងសំណង់រក្សាទឹកដ៏ធំមួយ ដែលអ្នកស្រុកហៅថា«វាល» នៅខាងកើត ដែលមានទំហំធំប្រៀបដូចបារាយណ៍នៅក្នុងតំបន់អង្គរ ដែលនៅទីនោះមានប្រាសាទមួយទើបនឹងជួសជុលរួច គឺ ប្រាសាទផ្ទី»។

អ្នកស្រាវជ្រាវរូបនេះ បានទាញសេចក្ដីដ្ឋានចំពោះការរៀបចំចម្លាក់ក្បាលមករជាទបង្ហូរទឹក ដោយដោយតំណាងទន្លេគង្គា ដ្បិតមករជារូបតំណាងព្រះនាងគង្គា ហើយទឹកហូរចុះពីភ្នំគូលែនតាមការរៀបចំទំនប់ស្ទាក់មួយឱ្យហូរចុះក្រោមបន្តតាមទថ្មភក់ រួចហូរចេញតាមមាត់មករ ទម្លាក់ចូលក្នុងអូរថ្មដាប់ កសិន្ធុ និងវាលលំហនៅខាងកើត ដែលគេប្រដូចទៅនឹងទន្លេគង្គាហូរចុះពីភ្នំព្រះហេមពាន្តនោះដែរ។ ដូច្នេះទឹកហូរពីភ្នំគូលែន បានបន្សុទ្ធខ្លួន ពីទឹកធម្មតា មកជាទឹកមន្តស័ក្ដិសិទ្ធិ ស្រោចស្រពតំបន់បេងមាលាទាំងមូល៕






(រូបភាពដោយ៖ លោក លឹម ប៊ុនហុង)

Tag:
 មករ
  បេងមាលា
© រក្សាសិទ្ធិដោយ thmeythmey.com