សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើខ្ទឹមស មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះចំពោះសុខភាព?
28, Jun 2021 , 8:30 am        
រូបភាព
ខ្ទឹមស។ រូបភាព៖  Sanjay Dosajh-Unsplash
ខ្ទឹមស។ រូបភាព៖ Sanjay Dosajh-Unsplash
 
ខ្ទឹមស គឺជាប្រភេទរុក្ខជាតិមើម ដែលពេញនិយមនៅតំបន់អាស៊ី។ ខ្ទឹមសត្រូវបានយកមកធ្វើជាគ្រឿងទេស បង្កើនរសជាតិអាហារ និងបង្កើនក្លិនឈ្ងុយ។ មិនត្រឹមតែអាចប្រើជាគ្រឿងទេស ខ្ទឹមស ថែមទាំងអាចជួយការពារជំងឺផ្សេងជាច្រើន ទាក់ទងប្រព័ន្ធឈាម និងបេះដូង បានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ មើមរុក្ខជាតិមួយនេះ ក៏ផ្តល់ផលប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើបរិភោគមិនបានត្រឹមត្រូវ។ ពេលនេះ សារព័ត៌មានថ្មីៗ សូមលើកយកគុណប្រយោជន៍ និងផលប៉ះពាល់របស់ខ្ទឹមសមកបង្ហាញ។



ដូចដែលអ្នកបានដឹង ខ្ទឹមស មានរសជាតិហិរជាមួយនិងក្លិនឆួលតិចៗ។ រសជាតិហិរនេះ កើតឡើងដោយសារ ខ្ទឹមស មានសារធាតុម៉្យាងហៅថា អាលីស៊ីន ហើយវាមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាព។ អាលីស៊ីន ក្នុង ខ្ទឹមស អាចជួយកាត់បន្ថយឈាមបានយ៉ាងមានប្រសិទ្ធភាព។ ក្នុងន័យនេះ វាល្អបំផុតសម្រាប់អ្នកមានជំងឺលើសឈាម។

ថ្លែងប្រាប់ទំព័រសុខភាពទូរទស្សន៍ CNN តាម Email លោក Alan Slusarenko សាស្ត្រាចារ្យផ្នែកសរីរសាស្ត្ររុក្ខជាតិនៃសកលវិទ្យាល័យ RWTH Aachen របស់អាល្លឺម៉ង់បានអះអាងថា ខ្ទឹមស ក៏ជួយកាត់បន្ថយជាតិកូលេស្តេរ៉ូល, ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ, ការពារការកើតជំងឺមហារីកមួយចំនួន, និងជំងឺទឹកនោមផ្អែមទៀតផង។ លើសពីនេះ ខ្ទឹមស ក៏បានជួយការពារសរីរាង្គកាយមនុស្សពីការពុល ដែលបង្កដោយផ្សែងនៃចំហេះចេញពីរោងចក្រ និងសារធាតុគីមីបំពុលទឹក ឬចំណីអាហារ។

ទោះយ៉ាងណា ប្រសិទ្ធភាពរបស់ខ្ទឹមស ក៏អាស្រ័យលើការប្រើប្រាស់ដែរ។ មានន័យថា បើអ្នកប្រើជាគ្រឿងទេស វានឹងបាត់បង់ប្រសិទ្ធភាព ព្រោះសមាសធាតុ អាលីស៊ីន នឹងត្រូវបំផ្លាញដោយសារកម្តៅ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកគួរតែបរិភោគខ្ទឹមសស្រស់ ក្នុងបរិមាណសមល្មម ព្រោះវាអាចកាត់បន្ថយកម្រិតឈាមច្រើន ប្រសិនបើអ្នកបរិភោគវាច្រើនពេក។ ជាការល្អ អ្នកគួរតែបរិភោគខ្ទឹមសស្រស់ ត្រឹមមួយ ឬពីរកំពឹស ប៉ុណ្ណោះក្នុងមួយថ្ងៃ។

មិនត្រឹមតែមានសមត្ថភាពកាត់បន្ថយកម្រិតឈាមខ្លាំង ខ្ទឹមស ក៏មានផលប៉ះពាល់លើផ្នែកខ្លះនៃប្រព័ន្ធរំលាយអាហារដែរ។ លោក Eric Block អតីតសាស្ត្រាចារ្យគីមីវិទ្យានៃសកលវិទ្យាល័យ Albany ក្នុងទីក្រុងញូវយ៉ក បានអះអាងថា ខ្លឹមសបណ្តាលឱ្យល្បឿនមេតាប៉ូលីសថយចុះ ដោយសារការរលាកក្រពះ និង រលាកបំពង់អាហារជាដើម។

ទន្ទឹមនេះ លោក Block បានបន្ថែមថា ខ្ទឹមស មិនត្រូវបានណែនាំឱ្យយកមកត្រដុសលើស្បែកផ្ទាល់នោះទេ ពិសេសត្រង់កន្លែងស្បែកងាយប្រតិកម្ម ព្រោះវាអាចបង្កឱ្យរលាកស្បែកបាន។

គ្រប់អាហារទាំងអស់សុទ្ធតែមានផលល្អ និងអាក្រក់អាស្រ័យលើរបៀបប្រើប្រាស់ និងកម្រិតទទួលទាន។ ដូចគ្នានឹង ខ្ទឹមសដែរ វាជាអាហារដែលផ្តល់អត្ថប្រយោជន៍ល្អជាច្រើនដល់សុខភាពអ្នក ប៉ុន្តែវាក៏អាចក្លាយជាអាហារដែលបង្កគ្រោះថ្នាក់ដលសុខភាពដែរ ប្រសិនបើអ្នកបរិភោគវាលើពីបរិមាណ៕  


© រក្សាសិទ្ធិដោយ thmeythmey.com