ជាតិ
យុវជនសកម្ម សេវាល្អ
មេភូមិត្រពាំងសង្កែ លោក កន ទីន ពន្យល់ពីការធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋខ្លួន
28, Jun 2021 , 9:39 am        
រូបភាព
ដោយ៖ កើត សើឡើមីយ៉ះ (យុវជនឃុំត្រពាំងសង្កែ) 
 
 
កំពត៖ លោក កន ទីន ជាមេភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ មេភូមិរូបនេះ ស្នើឱ្យពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវធ្វើអត្តសញ្ញាណបណ្ណ ព្រោះវាផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេ។

 
លោកមេភូមិ កន ទីន ខ្នះខ្នែងកៀរគរពលរដ្ឋ ក្នុងភូមិត្រពាំងសង្កែ ឱ្យធ្វើអត្តសញ្ញាណបណ្ណ ដោយភ្ជាប់មកជាមួយឯកសារ២ប៉ុណ្ណោះ គឺសំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ។ លោក បានផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋគ្រប់រូប ព្រោះយល់ថា វាជាការផ្ដល់ជូននូវសេវាសាធារណៈមួយសំខាន់ ពីអាជ្ញាធរ។ លោក បញ្ជាក់ថា៖ «អត្តសញ្ញាណបណ្ណ ធ្វើត្រឹមរយៈពេលចន្លោះពីមួយខែ ទៅពីរខែប៉ុណ្ណោះ ហើយពលរដ្ឋអាចយកទៅប្រើប្រាស់បាន»។ លោក បន្តទៀតថា ពលរដ្ឋអាយុចាប់ពី១៥ឆ្នាំឡើងទៅ អាចមកចុះឈ្មោះធ្វើបាន នៅសាលាឃុំរៀងរាល់ថ្ងៃ លើកលែងតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ។
 
អត្តសញ្ញាណបណ្ណ គឺមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋគ្រប់រូប ពោលគឺវាអាចបញ្ជាក់ពីសញ្ញាតិ ប្រទេស ភេទ អាយុ ទីកន្លែងកំណើត ភិនភាគរបស់បុគ្គលម្នាក់ៗ ងាយស្រួលរកការងារធ្វើជាដើម។ លោក កន ទីន បានលើកឡើងបន្ថែមថា ការធ្វើអត្តសញ្ញាណបណ្ណ គឺបើកទូលាយសម្រាប់ប្រជាពលរដ្ឋដោយឥតគិតប្រាក់ឡើយ។ ម្យ៉ាងការធ្វើអត្តសញ្ញាណបណ្ណនេះ មិនប្រើប្រាស់ពេលវេលាច្រើនផងដែរ។ 
 
លោកមេភូមិ កន ទីន ពេញចិត្តនឹងការងារខ្លួន ដែលបានបំពេញភាពខ្វះចន្លោះនៅក្នុងភូមិត្រពាំងសង្កែ ដោះស្រាយបញ្ហា និងផ្ដល់សេវាសាធារណៈនានាជូនពលរដ្ឋ។ ជាមួយគ្នានេះ ក្នុងនាមជាមេភូមិម្នាក់ លោក កន ទីន ក៏ជួបប្រទះបញ្ហាមួយចំនួនផងដែរ។ លោក បានលើកឡើងដូច្នេះថា ប្រជាពលរដ្ឋមួយចំនួនមិនសូវជាមានការសហការជាមួយភូមិឃុំ ខ្លះមិនខ្វល់ខ្វាយពីការផ្សព្វផ្សាយរបស់ភូមិឃុំឡើយ ពេលខ្លះទាល់តែមានបញ្ហាទើបពួកគេគិតគូរពីរឿងទាំងនេះ។
 
ទោះជាយ៉ាងណា លោកមេភូមិរូបនេះ នៅតែបន្តធ្វើការងារខ្លួនឱ្យបានល្អបំផុត ដោយលោក ប្តេជ្ញា លះបង់នូវពេលវេលា និងកម្លាំងកាយខ្លួន បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ឱ្យមានភាពរីកចម្រើន សុខសន្តិភាព និងសុវត្ថិភាពក្នុងការរស់នៅ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 
 
 
 

Tag:
 កន ទីន
  អត្តសញ្ញាណបណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com