ជាតិ
យុវជនសកម្ម សេវាល្អ
សិស្សសាលា​បឋមសិក្សា​ហ៊ុន សែន ជុំ​គ្រៀល ចំនួន​៣៣​នាក់​បោះបង់​ការសិក្សា​អំឡុង​កូ​វីដ​-១៩
29, Jun 2021 , 1:06 pm        
រូបភាព
​ដោយ​៖ ង៉ែត ស្រី​កា​(យុវជនឃុំជុំគ្រៀល) 
​កំពត​៖ លោក ងាវ ឈី​ម ជា​នាយក​សាលាបឋមសិក្សា ហ៊ុន សែន ជុំ​គ្រៀល ដែល​ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត។ លោក ងាវ ឈីម បានឱ្យដឹងថា នៅក្នុង​អំឡុងពេល​កូ​វីដ​-១៩ ជាពិសេស​តាំងពី​ព្រឹត្តិការណ៍​២០​កុម្ភៈ​មក មាន​កុមារ​ចំនួន​៣៣​នាក់​បាន​បោះបង់​ការសិក្សា​។ ក្នុងចំណោម​កុមារ​ទាំងនោះ ភាគច្រើន​ជា​កុមារី​។ តាម​លោក ងាវ ឈី​ម កង្វះ​សម្ភារ​សិក្សា​តាម​អន​ឡាញ និង​ការផ្លាស់​ទីលំនៅ​តាម​ឪពុកម្តាយ គឺជា​មូលហេតុ​ចម្បង​នៃ​ការខកខាន​កា​សិក្សា​របស់​ពួកគេ​។


 
​នៅក្នុង​អំឡុង​បិទ​ខ្ទប់​សាលា​នេះ​លោកគ្រូ អ្នកគ្រូ​នៃ​សាលាបឋមសិក្សា ហ៊ុន សែន ជុំ​គ្រៀល ដែល​ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ បាន​បន្ត​ការបង្រៀន​ពី​ចម្ងាយ​ដល់​សិស្សានុសិស្ស​។ តាម​លោក ងាវ ឈី​ម ដែលជា​នាយក​សាលា បាន​ថ្លែងថា អំឡុង​ពេលនេះ សាលា​បាន​អនុវត្តន៍​ការបង្រៀន​តាម​កម្មវិធី​បង្រួញ ដោយ​បង្រៀន​តែ​មុខវិជ្ជា​ភាសា​ខ្មែរ និង​គណិតវិទ្យា​ប៉ុណ្ណោះ​។ ទោះយ៉ាងណា សិស្សានុសិស្ស​ដែល​បាន​បន្ត​ការសិក្សា​ពេញលេញ​ជាមួយ​គ្រូ តាម​ប្រព័ន្ធ​បង្រៀន​ពី​ចម្ងាយ​នេះ មាន​ប្រមាណ​៦៥​ភាគរយ​ប៉ុណ្ណោះ​។ មួយចំនួន​នៅ​ខ្វះចន្លោះ និង​មួយចំនួន​មិនបាន​រៀន​តែម្តង​។ 
 


​តាម​លោក ងាវ ឈី​ម ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​សិស្ស​ចំនួន​៣៣​នាក់ ដែល​ភាគច្រើន​ជា​សិស្ស​ថ្នាក់​ទី​១ ដល់ទី​៤ បាន​បោះបង់ចោល​ការសិក្សា​។ ចំនួន​នេះ​ស្មើនឹង​ជាង​២.៦​ភាគរយ ធៀប​នឹង​ចំនួន​សិស្ស​សរុប​ជិត​៥០០​នាក់​។ នេះ​ជាការ​អះអាង​របស់លោក ងាវ ឈី​ម នាយក​សាលាបឋមសិក្សា ហ៊ុន សែន ជុំ​គ្រៀល ដោយ​លោក​បាន​ឱ្យដឹងទៀតថា ក្នុងចំណោម​សិស្ស​ដែល​បោះបង់​ការសិក្សា​នោះ មាន​ក្មេងស្រី ២១​នាក់​។  លោក ងាវ ឈី​ម បានឱ្យដឹងថាមូលហេតុ​ចម្បង​មួយចំនួន​នៃ​ការខកខាន​សិក្សា​របស់​សិស្សានុសិស្ស​ទាំង​នោះ គឺ​មកពី​ការខ្វះខាត​សម្ភារ​សម្រាប់​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​, កា​រអាក់រអួល​នៃ​សេវា​អ៊ីនធឺណិត​, ឪពុកម្តាយ​មិនមាន​ពេលវេលា​នៅ​ជាមួយ​កូនតូចៗ​ក្នុង​ម៉ោង​សិក្សា​តាម​អន​ឡាញ និង​មួយចំនួន​បាន​ផ្លាស់ប្តូរ​ទីលំនៅ​តាម​ឪពុកម្តាយ​ជាដើម​។ 
 
​ដោយ​បារម្ភ​ពី​ការសិក្សា​របស់​សិស្ស លោក ងាវ ឈី​ម ក៏​អះអាង​ដែរ​ថា កន្លងមក​លោក​ធ្លាប់ បាន​ជួប​ពន្យល់​អាណាព្យាបាល​សិស្ស អំពី​បញ្ហា​ប្រឈម​របស់​ក្មេងៗ​នៅពេល​បោះបង់​ការសិក្សា​។ ក៏ប៉ុន្តែ​អាណាព្យាបាល​សិស្ស​មួយចំនួន នៅតែ​បណ្តែតបណ្ដោយ ឱ្យ​កូនៗ​របស់​ពួកគេ ផ្អាក​ការសិក្សា​ដដែល​។ 
 
​ទោះយ៉ាងណា លោក នាយក​សាលា ក៏​ទទួលស្គាល់​ដែរ​ថា នៅក្នុង​អំឡុងពេល​នៃ​បិទ​សាលា​បណ្តោះអាសន្ន​ដែល​ចាប់ផ្តើម​តាំងពី​ខែមីនា ឆ្នាំ​២០២១​មក ការបង្រៀន​សិស្ស​ពី​ចម្ងាយ​របស់លោក​គ្រូ​អ្នកគ្រូ ក៏មាន​ភាពរអាក់រអួល​ដែរ ដោយ​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា​។ «​ការបង្រៀន​ពី​ចម្ងាយ​របស់​យើង នៅមានកម្រិត ដោយសារ​គ្រូ​គាត់​មិនមាន​ជំនាញ​ខាង​ព័ត៌មានវិទ្យា អីចឹង​ហើយ​មានការ​រអាក់រអួល ប៉ុន្តែ​យើង​បាន​ចែក​សន្លឹក​កិច្ចការ​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ​។ អីចឹង​យើង​ណាត់​សិស្ស ដោយ​យើង​មាន​រក្សា​គម្លាត ឱ្យ​គាត់​ទទួល​កិច្ចការ​ហើយ វិលត្រឡប់​ទៅផ្ទះ​វិញ​។ ដល់​ថ្ងៃ​ណាត់ ត្រូវយក​កិច្ច​ការដែល​ធ្វើ​ហើយ​ជូន​គ្រូ​វិញ ដើម្បី​គ្រូ​កែ ដាក់ពិន្ទុ​ប្រចាំខែ​»​។  នេះ​ជា​ពន្យល់​របស់​លោកនាយ​ក​សាលា​។ 
 


​លោក ងាវ ឈី​ម បារម្ភ​ពី​អនាគត​ក្មេងៗ​ទាំងនោះ ព្រោះ​ពួកគេ​ត្រូវ​បាត់បង់​ចំណេះដឹង​តាំង​កុមារភាព​។ នាយក​សាលា​វ័យ​៥១​ឆ្នាំ​រូបនេះ លើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​បារម្ភ​ខ្លាំង​ចំពោះ​អនាគត​កុមារ​ម្នាក់ៗ​។ បើ​នៅតែមាន​កុមារ​បោះបង់​ការសិក្សា​ច្រើន ប្រទេសជាតិ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព ចំណេះដឹង ដើម្បី​ជាស​សរ​កសាង​ប្រទេសជាតិ​ខ្លួន​»​។ ទន្ទឹមនឹងនេះ លោក ងាវ ឈី​ម ក៏​លើកទឹកចិត្ត​ចំពោះ​សិស្ស បន្ត​សិក្សា​ឱ្យខិត​ខំរៀន​សូត្រ ទាំង​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​ស្វ័យ​សិក្សា​ផងដែរ ខណៈ​អាណាព្យាបាល​សិស្ស ក៏មាន​តួនាទី​សំខាន់​ណាស់ដែរ ក្នុងការ​ជំរុញ និង​តាមដាន​ការសិក្សារ​របស់​កូនៗ​។ លោក ងាវ ឈី​ម ក៏​សង្ឃឹមថា​ដែរ សិស្សានុសិស្ស​ដែល​បាន​ឈប់រៀន​ក្នុងអំឡុង​កូ​វីដ​-១៩​នេះ នឹង​ត្រឡប់​ចូលរៀន បន្ទាប់ពី​កូ​វីដ​-១៩ ឬ​នៅពេល​សាលា​បើក​ឡើងវិញ​៕

អាន​អត្ថបទ​ពាក់ព័ន្ធ​ផ្សេងទៀត​៖ យុវជន​សកម្ម សេវា​ល្អ 
 
(​អត្ថបទ​នេះ គឺជា​ស្នាដៃ​របស់​ក្រុមយុវជន នឹង​ត្រូវបាន​រៀបរៀងឡើង ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត តាមរយៈ​អង្គការ​តម្លាភាព​កម្ពុជា និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​។ រាល់​ខ្លឹមសារ​នៅក្នុង អត្ថបទ​និង​វីដេអូ នេះ​គឺជា​ការទទួលខុសត្រូវ របស់​ស្មេរ​/​ផលិតករ ហើយ​មិន​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត​នោះទេ​) 
 
 

Tag:
 ងាវ ឈី​ម​
 ​អប់រំ​
 ​កូ​វីដ​-១៩
 ​ជុំ​គ្រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com