ការដែលមនុស្សម្នាក់មានការប្រឈមនឹងការឈឺចង្កេះកាន់តែខ្លាំងនោះមានន័យថា ឱកាសនៃការកើតវាក៏កាន់តែខ្ពស់ដែរ។ ខាងក្រោមនេះគឺជាកត្តាប្រឈមមុខមួយចំនួនដែលអ្នកគួរតែយល់ដឹង៖
កត្តារាងកាយ និងគ្រួសារ
• អាយុវ័យកណ្តាល ឬអាយុច្រើន
• មនុស្សប្រុស
• គ្រួសារធា្លប់មានប្រវត្តិឈឺចង្កេះ
• ធ្លាប់មានរបួសនៅចង្កេះពីមុនមក
• កំពុងមានផ្ទៃពោះ ព្រោះតែសម្ពាធរបស់ទារកដាក់លើចង្កេះខ្លាំង
• កំពុងមានតែជិតបាក់ឆ្អឹងកងខ្នង
• ធ្លាប់វះកាត់ខ្នងកាលពីមុន
• មានបញ្ហាឆ្អឹងខ្នងតាំងពីកំណើត
កត្តាដែលអ្នកអាចផ្លាស់ប្តូរបានដោយផ្លាស់ប្តូររបៀបរស់នៅ
• មិនបានហាត់ប្រាណទៀងទាត់
• ធ្វើការងារ ឬសកម្មភាពទាំងឡាយណាដែលទាមទារឲ្យអង្គុយរយៈពេលយូរ, លើករបស់ធ្ងន់ៗ, ឱន ឬរមួលខ្លួន, ធ្វើចលនាដដែលៗ ឬស្ថិតនៅកន្លែងមានរំញ័រជាប់យូរ។
• អ្នកដែលជក់បារីទំនងជាឆាប់ជួបបញ្ហាឈឺចង្កេះច្រើនជាងអ្នកមិនជក់។
• ការធាត់ជ្រុលជាពិសេសការដុះក្បាលពោះ ប្រហែលជាត្រូវដាក់សម្ពាធទៅលើចង្កេះខ្លាំង ប៉ុន្តែរឿងនេះមិនទាន់មានការយល់ស្របពេញលេញនៅឡើយទេ។ ការធាត់ជ្រុលច្រើនតែមានន័យថា បុគ្គលនោះមិនសូវចេះហាត់ប្រាណ, ខ្សោយសាច់ដុំ និងមិនសូវមានភាពបត់បែនច្រើនឡើយ ហេតុដូច្នេះហើយវាងាយនឹងប្រឈមនឹងឈឺចង្កេះណាស់។
• ជំហរមិនល្អ៖ ការអង្គុយកោងខ្នងដោយខ្លួនឯងប្រហែលជាមិនធ្វើឲ្យឈឺចង្កេះទេ។ ប៉ុន្តែក្រោយពីខ្នងនោះរងសម្ពាធ ឬរបួសរួច ជំហរមិនត្រឹមត្រូវអាចនឹងធ្វើឲ្យការឈឺចាប់កាន់តែធ្ងន់បាន។ ចំពោះជំហរដ៏ល្អវិញមានន័យថា ត្រចៀក, ស្មា និងសន្លាក់ត្រគាកស្ថិតនៅបន្ទាត់ត្រង់ស្មើគ្នា។ បើសិនជាជំហរបែបនេះបង្កឈឺចាប់វិញ អ្នកប្រហែលជាមានជំងឺណាមួយផ្សេងហើយដូចជា បញ្ហាទាក់ទងនឹងទ្រនាប់នៅឆ្អឹងខ្នង ឬឆ្អឹងខ្នងផ្ទាល់។
• កំពុងតែស្ត្រេស៖ ស្ត្រេស និងកត្តាផ្លូវចិត្តផ្សេងៗទៀតត្រូវបានគេជឿថាដើរតួនាទីដ៏សំខាន់ចំពោះការឈឺចង្កេះ ជាពិសេសការឈឺចាប់រ៉ាំរ៉ៃតែម្តង។ មានមនុស្សច្រើនណាស់មានបញ្ហាតឹងសាច់ដុំនៅចង្កេះដោយមិនដឹងខ្លួននៅពេលពួកគេស្ថិតក្នុងអារម្មណ៍តានតឹង។
កត្តាដែលអ្នកអាចផ្លាស់ប្តូរបានដោយការព្យាបាល
• កំពុងតែមានបញ្ហាបាក់ទឹកចិត្តរយៈពេលយូរ
• កំពុងប្រើថ្នាំរយៈពេលយូរ ដែលវាជាហេតុនាំឲ្យខ្សោយឆ្អឹងបាន ដូចជាថ្នាំសរសៃ (Corticosteroid)។
• កំពុងមានជំងឺធ្វើឲ្យក្អករ៉ាំរ៉ៃ។