ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការប្រឹក្សាផ្លូវចិត្តកើនឡើងគួរឱ្យបារម្ភ ខណៈអ្នកជំនាញលើកទឹកចិត្ត ឱ្យគិតវិជ្ជមានឱ្យច្រើន
30, Jun 2021 , 2:30 pm        
រូបភាព
អ្នកស្រី ស៊ុន សូលីដា អ្នកប្រឹក្សាផ្លូវចិត្តនៃអង្គការTPO
អ្នកស្រី ស៊ុន សូលីដា អ្នកប្រឹក្សាផ្លូវចិត្តនៃអង្គការTPO
ភ្នំពេញ៖ សុខភាពផ្លូវចិត្ត មានសារសំខាន់ មិនចាញ់សុខភាពផ្លូវកាយនោះទេ។ វិបត្តិកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយ បានធ្វើឱ្យមនុស្សជាច្រើនកើតក្តីបារម្ភ ភិតភ័យ ឬព្រួយចិត្ត រហូតដល់ពិបាកគេង ដែលជារោគសញ្ញាដំបូងនៃវិបត្តិផ្លូវចិត្ត ហើយដែលអាចវិវត្តទៅជាជំងឺថប់បារម្ភ ឬក៏ជំងឺធ្លាក់ទឹកចិត្តជាដើម។ អ្នកស្រី ស៊ុន សូលីដា អ្នកចិត្តសាស្រ្ត នៅអង្គការធីភីអូ(TPO)កម្ពុជា បានឱ្យដឹងថា ចំនួនពលរដ្ឋដែលបានស្វែងរកការប្រឹក្សាផ្លូវចិត្ត បានកើនឡើងគួរឱ្យបារម្ភ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ទន្ទឹមការកើនឡើងគួរឱ្យបារម្ភ អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យពលរដ្ឋ  យកចិត្តទុកដាក់ឡើងវិញពីរបបអាហារ និងការគេងឱ្យបានគ្រប់គ្រាន់ ជាពិសេស គឺការគិតវិជ្ជមានឱ្យបានច្រើន ដើម្បីរួចផុតពីជំងឺផ្លូវចិត្តធ្ងន់ធ្ងរនានា។

 
ការផ្លាស់ប្តូរបែបផែនរស់នៅ ការសិក្សា ការធ្វើការងារ ប៉ះពាល់ដល់អាជីវកម្ម ប្រាក់ចំណូលគួបផ្សំនឹងការព្រួយខ្លាចឆ្លងជំងឺកូវីដ-១៩ផងនោះ បានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវចិត្តរបស់ពលរដ្ឋកម្ពុជា។  អ្នកស្រី ស៊ុន សូលីដា អ្នកចិត្តសាស្រ្ត នៅអង្គការធីភីអូ(TPO)កម្ពុជា បានឱ្យដឹងថា ចំនួនពលរដ្ឋដែលបានស្វែងរកការប្រឹក្សាផ្លូវចិត្ត បានកើនឡើងគួរឱ្យបារម្ភ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈមក។ ចាប់តាំងពីដើមឆ្នាំ២០២១ មកទល់នឹងពាក់កណ្តាលខែមិថុនា TPO បានផ្តល់ប្រឹក្សា ដល់ពលរដ្ឋជិត ១៨០០នាក់ ដែលចំនួននេះកើនឡើងយ៉ាងគំហុក ខណៈពេញមួយឆ្នាំ២០២០ មានតែប្រមាណ១ពាន់នាក់ប៉ុណ្ណោះ។ 
 
 
អ្នកស្រី ស៊ុន សូលីដា បានឱ្យសារព័ត៌មានថ្មីៗដឹងទៀតថា ក្នុងចំណោមអ្នកដែលបានស្វែងរកការប្រឹក្សាពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តនោះ ភាគច្រើនមានអាយុចន្លោះ ១៩-៣៤ឆ្នាំ ពោលគឺជាសិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុន បុគ្គលិកអង្គការ និងមន្ត្រីរាជការ។ ក្រៅពីនេះ មានស្ត្រីមេផ្ទះ មនុស្សវ័យកណ្តាល និងមួយចំនួនទៀតជាកុមារ។ បើតាមអ្នកជំនាញផ្លូវចិត្ត អ្នកដែលស្វែងរកការប្រឹក្សាផ្លូវចិត្តនាអំឡុងវិបត្តិកូវីដ-១៩ នេះបន្ទាប់ពីពួកគាត់មានការព្រួយបារម្ភខ្លាំងពេក ស្របពេលដែលហាក់មានបន្ទុកកាន់ច្រើន ទាំងរឿងគ្រួសារ ការងារ ការព្រួយបារម្ភពីជំងឺឆ្លង និងបន្ទុកបន្ថែមអំឡុងពេលធ្វើការ និងសិក្សាពីចម្ងាយជាដើម។  
 


 រូបថត៖ ហ្វេសប៊ុកអង្គការ TPO
 
អ្នកស្រី ស៊ុន សូលីដា រៀបរាប់ដូច្នេះ៖ «បញ្ហាប្រឈមទី១ ទាក់ទងនឹងសេដ្ឋកិច្ចគ្រួសារគាត់។ ទី២ ទាក់ទងនឹងការព្រួយបារម្ភសមាជិកគ្រួសារគាត់។ ទី៣ ទាក់ទងទៅនឹងសម្ពាធនៃកិច្ចការបន្ថែម គាត់ធ្វើការនៅផ្ទះផង គាត់ត្រូវមើលកូនផង ហើយទី៤ គាត់ត្រូវមានតួនាទីផ្តល់ការគាំទ្រទៅដល់កូន ដែលអាចថាមានវិបត្តិអាកប្បកិរិយាមួយចំនួន ឬការប្រែប្រួលផ្លូវចិត្តមួយចំនួនអំឡុងពេលពួកគាត់នៅផ្ទះ ឬក៏រៀនអនឡាញ។ អីចឹងវិបត្តិ ក្នុងវិបត្តិមួយទៀតដែលអាចកើតឡើង ជាពិសេសក្មេងតែម្តង»។ 
 
សម្រាប់អ្នកជំនាញ មានវិធីសាស្ត្រជាច្រើន នៅក្នុងការកាត់បន្ថយនូវការតានតឹងផ្លូវចិត្ត ឬរួចផុតពីជំងឺផ្លូវចិត្តនានាក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ។ វិធីសាស្ត្រទាំងនោះ មានការទទួលទានអាហារដែលសម្បូរជីវជាតិ, ការធ្វើលំហាត់ប្រាណ និងការធ្វើលំហាត់ផ្លូវចិត្តជាដើម។ ក្រៅពីនេះ អ្នកស្រី ស៊ុន សូលីដា ក៏លើកទឹកចិត្តអ្នកពលរដ្ឋទាំងអស់ គិតវិជ្ជមានឱ្យបានច្រើន ដូចជាការឆ្លៀតប្តូរវិបត្តិនេះ ទៅជាការបង្កើនភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ, ធ្វើកិច្ចការងារផ្សេងៗដែលជាចំណូលចិត្ត ឬកិច្ចការដែលពួកគេ មិនមានពេលធ្វើពីមុនបាននោះ ឬពង្រឹងចំណេះដឹង និងគំនិតច្នៃប្រឌិបន្ថែមទៀតនៅក្នុងវិបត្តិនេះ។ 
 
អ្នកស្រី ស៊ុន សូលីដា រីករាយនឹងដល់អ្នកដែលមានបញ្ហាផ្លូវចិត្ត

អ្នកស្រី ស៊ុន សូលីដា បានធ្វើការងារពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តនេះ ជាង១០ឆ្នាំមកហើយ បន្ទាប់ពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកចិត្តសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង អ្នកជំនាញវ័យ៣៦ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា អ្នកស្រីសប្បាយចិត្តខ្លាំងណាស់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវចិត្តដល់សាធារណជនជាមួយទស្សវត្សមកនេះ។ អ្នកស្រី សូលីដា កាន់តែរីករាយ នៅពេលបានជួយដល់ពលរដ្ឋ ដែលកំពុងជួបប្រទះនឹងវិបត្តិផ្លូវចិត្ត។ 
 


 អ្នកស្រី ស៊ុន សូលីដា អ្នកប្រឹក្សាផ្លូវចិត្តនៃអង្គការTPO

 
អ្នកស្រី ស៊ុន សូលីដា រៀបរាប់ដូច្នេះ៖ «អ្វីដែលខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំសប្បាយចិត្តជាងគេ នៅពេលដែលខ្ញុំពន្យល់គេ ហើយគេស្តាប់ខ្ញុំ ហើយគេលើកថា អ្នកគ្រូ ខ្ញុំអត់ដែលដឹងសោះថាអាហ្នឹងផ្លូវចិត្ត។ ពេលខ្ញុំពន្យល់ប្រាប់គេ គេស្តាប់ខ្ញុំ ហើយគេញញឹមតបមកខ្ញុំវិញ គឺខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំបានឱ្យគេញញឹម។ ហើយអ្នកខ្លះ គេយំនៅមុខយើង គេយំដោយសេចក្តីសុខ ដោយជឿជាក់ ដោយទំនុកចិត្ត ក៏ខ្ញុំសប្បាយចិត្ត ព្រោះថាខ្ញុំកម្របានឃើញមនុស្សយំចេញពីអស់ពីខ្លួន នៅមុខយើង»។ 
 
 
សម្រាប់អ្នកស្រី ស៊ុន សូលីដា សុខភាពផ្លូវចិត្ត មានសារសំខាន់ មិនចាញ់សុខភាពផ្លូវកាយនោះឡើយ ក៏ប៉ុន្តែអ្នកជំនាញចិត្តសាស្ត្រ និងវេជ្ជបណ្ឌិតចិត្តវិកល នៅកម្ពុជា មានចំនួនមិនច្រើននោះទេ បើធៀបនឹងតម្រូវការដែលកាន់តែច្រើន។ ខណៈការបង្កើនអ្នកជំនាញផ្នែកផ្លូវចិត្ត នៅមានដំណើរវែងឆ្ងាយទៀត អ្នកស្រី ស៊ុន សូលីដា លើកទឹកចិត្តឱ្យសាធារណជន សិក្សា រៀនសូត្រអំពីសុខភាពផ្លូវចិត្តខ្លួនឯងបានច្រើន ដើម្បីរៀបចំជីវិតឱ្យរីករាយ និងកាន់តែមានគុណភាព៕
 
 
 
 
 

Tag:
 ស៊ុន សូលីដា
  បញ្ហាផ្លូវចិត្ត
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com