អន្តរជាតិ
រដ្ឋាភិបាល​អេត្យូពី​ប្រកាស​បទ​ឈប់​បាញ់​ជាឯកតោភាគី​នៅតំបន់​ Tigray
30, Jun 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ សត្វគោ​មួយ​ហ្វូង​ដើរ​កាត់​រថក្រោះ​មួយ​គ្រឿង​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា​រវាង​រដ្ឋាភិបាល​អេត្យូពី និង​កងកម្លាំង​ Tigray នៅ​ក្បែរ​ក្រុង Humera ប្រទេស​អេត្យូពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ សត្វគោ​មួយ​ហ្វូង​ដើរ​កាត់​រថក្រោះ​មួយ​គ្រឿង​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា​រវាង​រដ្ឋាភិបាល​អេត្យូពី និង​កងកម្លាំង​ Tigray នៅ​ក្បែរ​ក្រុង Humera ប្រទេស​អេត្យូពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
ដោយ: VOA
រដ្ឋាភិបាល​អេត្យូពី​បាន​ប្រកាស​បទ​ឈប់​បាញ់​ជា​ឯកតោភាគី​នៅ​ក្នុង​តំបន់ ​Tigray ​ខណៈ​អតីត​គណបក្ស​កាន់​អំណាច​ និង​កងទ័ព​បាន​ចូល​ក្នុង​ទីក្រុង ​Mekelle​ នៃ​តំបន់​ Tigray ដែល​នាំ​ឱ្យ​មាន​ការ​ស្រែក​អបអរសាទរ​ពី​ប្រជាជន។​

 
រដ្ឋាភិបាល​អេត្យូពី​បាន​ធ្វើការ​ប្រកាស​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ ​ដោយ​និយាយ​ថា​បទ​ឈប់បាញ់​នឹង​ចូល​ជាធរមាន​ភ្លាមៗ។​ បទ​ឈប់បាញ់​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ជម្លោះ​ជិត​៨​ខែ​នៅ​ក្នុង​តំបន់​នេះ។
 
អ្នក​សារ​ព័ត៌មាន​របស់​ VOA ​នៅ​ក្នុង​ទីក្រុង ​Mekelle ​បាន​និយាយ​ថា ​ពួក​គេ​មិន​មាន​ឃើញ​ទាហាន​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​នេះ​ទេ​ ​តំាង​ពី​ថ្ងៃ​អាទិត្យ​មក។​
 
ទាហាន​បះបោរ​របស់​រណសិរ្ស​រំដោះ​ប្រជាជន​ Tigray ​ហៅ​កាត់​ថា ​ TPLF​ ដែល​ពី​មុន​កាន់​កាប់​តំបន់​នេះ ​បាន​ប្រកាស​តាម​វិទ្យុ​របស់​គណបក្ស​ថា​ ​កង​កម្លាំង​របស់​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ទីក្រុង Mekelle។ ​របាយ​ការណ៍​ពី​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​ជាច្រើន​អបអរ​នៅ​តាម​ផ្លូវ។​
 
អ្នក​នាំ​ពាក្យ​របស់​នាយក​រដ្ឋ​មន្ត្រី​អេត្យូពី​ និង​អ្នក​នាំ​ពាក្យ​កងទ័ព​មិន​បាន​ឆ្លើយ​ការ​ហៅ​ទូរស័ព្ទ ​ឬ​សារ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ឡើយ។​
 
ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ បាន​រាយ​ការណ៍​ថា ​រណសិរ្ស​រំដោះ​ប្រជាជន​ Tigray ​បាន​ធ្វើ​ការ​វាយ​លុក​ដ៏​ធំ​មួយ​កាល​ពី​សប្តាហ៍​មុន​ ​ហើយ​បាន​ស្រង់​សម្តី​មន្ត្រី​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មួយ​រូប​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​បាន​និយាយ​ថា​ ក្រុម​យុទ្ធជន​នោះ​បាន​វាយ​មក​ជិត​ទីក្រុង​ នៅ​ពេល​កង​កម្លាំង​រដ្ឋាភិបាល​ចាក​ចេញ។​
 
ព្រឹត្តិ​ការណ៍​កាលពី​ថ្ងៃ​ចន្ទ​កើត​ឡើង​បន្ទាប់​ពី​រដ្ឋបាល​បណ្តោះ​អាសន្ន​តំបន់​ Tigray ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋាភិបាល​សហ​ព័ន្ធ ​បាន​អំពាវ​នាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ដើម្បី​អនុញ្ញាត​ការ​ផ្តល់​ជំនួយ​ដល់​ប្រជាជន​រាប់ពាន់​នាក់​ដែល​ប្រឈម​នឹង​គ្រោះទុរ្ភិក្ស​នៅ​ក្នុង​តំបន់។​
 
អង្គការ​សហ​ប្រជាជាតិបាន​ឲ្យ​ដឹង​ថា​ ជម្លោះ​ដែល​មាន​អាយុជិត​៨​ខែ​នៅ​តំបន់​ Tigray ​បាន​រុញ​ច្រាន​មនុស្ស​៣​សែន​៥​ម៉ឺន​នាក់​ឲ្យធ្លាក់​ក្នុង​គ្រោះ​ទុរ្ភិក្ស ​ហើយ​ថា ​នេះ​ជា​គ្រោះទុរ្ភិក្ស​ដ៏​អាក្រក់​បំផុត​របស់​ពិភព​លោក​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​មក​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com