ជាតិ
ទូតឥណ្ឌូណេស៊ីរៀបចំកម្មវិធីជិះកង់នៅតំបន់អង្គរ ពង្រឹងចំណងមិត្តភាព និងផ្សព្វផ្សាយទេសចរណ៍
03, Jul 2021 , 9:59 am        
រូបភាព
សៀមរាប៖  ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី បានរៀបចំកម្មវិធីជិះកង់នៅតំបន់អង្គរ ក្រោមពាក្យស្លោក បាទីក្រមា ដើម្បីពង្រឹងទំនាក់ទំនងផ្នែកវប្បធម៌ និងផ្សព្វផ្សាយវិស័យទេសចរណ៍។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជាលក្ខណៈផ្លូវការដំបូងបង្អស់ ក្រោយមានការវាយលុកដោយសារជំងឺកូវីដ១៩។

 
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោក ស៊ូរឌើរមាន់ ហាសាំង (Sudirman Haseng) បានបង្ហាញសុទិដ្ឋិនិយមចំពោះកម្មវិធីជិះកង់នៅពេលនោះថា វានឹងក្លាយជាគំរូដ៏ល្អមួយដើម្បីស្ដារឱ្យមានសកម្មភាពទេសចរណ៍ឡើងវិញនៅតំបន់អង្គរ។ លោកបន្តថា គេមិនត្រូវផ្ដេកផ្តួលជាមួយស្ថានការណ៍ដ៏លំបាកនេះទេ ផ្ទុយទៅវិញ ចាំបាច់ត្រូវធ្វើអ្វីមួយ ដើម្បីឱ្យចរន្តសេដ្ឋកិច្ចងើបឡើងវិញ។ លោកបន្ថែមថា៖« យើងបានរង់ចាំឱកាសនេះជាងមួយឆ្នាំមកហើយ បើបន្តធ្វើឱ្យស្ថានភាពនេះមិនអាចដោះស្រាយបញ្ហាអ្វីនោះទេ ដូច្នេះត្រូវតែស្វែងរកនូវការរួបរួមមួយ ដើម្បីបង្កើតជាកម្មវិធីអ្វីមួយឡើង»។
 
លោកទូតមានប្រសាសន៍ទៀតថា បើទោះបីស្ថានការណ៍នៅពេលនេះហាក់លំបាកបន្ដិចមែន តែលោកជឿជាក់ថា ក្រោយចប់វិបត្តិជំងឺកូវីដ១៩ វិស័យនានារួមនិងវិស័យទេសចរណ៍ដែលជាវិស័យស្នួលនៅខេត្តសៀមរាប នឹងដំណើរការល្អប្រសើរឡើងវិញ ក្នុងនោះប្រជាជននៃប្រទេសកម្ពុជា-ឥណ្ឌូណេស៊ី ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើដំណើរទៅកម្សាន្តទៅវិញទៅមកផងដែរ។
 
ព្រឹត្តិការណ៍ជិះកង់ក្រោមកិច្ចសហប្រតិបត្តិការរវាងស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានអ្នកចូលរួមសរុបប្រមាណ៦០នាក់។ ថ្លែងក្នុងពិធីដែលធ្វើនៅព្រឹកព្រលឹមថ្ងៃទី៣០ មិថុនា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម មានប្រសាសន៍ថា ព្រឹត្តិការណ៍បានបង្ហាញពីការផ្លាស់ប្ដូរ ភាពប្រហាក់ប្រហែលគ្នាលើផ្នែកវប្បធម៌ អារ្យធម៌ រវាងប្រទេសទាំងពីរដែលមានជាយូរលុងមកហើយ។ លោកបន្ថែមថា ព្រឹត្តិការណ៍នេះនឹងជំរុញលើកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព ពិសេសលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
 

លោក ស៊ូរឌើរម៉ាន់ ហាសាំង (លើកដៃ) និងភរិយា ជិះកង់ក្នុងតំបន់អង្គរ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១។















Tag:
 ជិះកង់
  បាទីក្រមា
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com