ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក ធន សារាយ លាពីតួនាទីប្រធានសមាគមអាដហុកដែលលោកបានដឹកនាំ៣០ឆ្នាំ
02, Jul 2021 , 5:45 pm        
រូបភាព
លោក ធន សារាយ បង្កើត និងដឹកនាំអាដហុកអស់រយៈពេល​៣០ឆ្នាំ។ រូបថត AFP
លោក ធន សារាយ បង្កើត និងដឹកនាំអាដហុកអស់រយៈពេល​៣០ឆ្នាំ។ រូបថត AFP
លោក ធន សារាយ ស្ថាបនិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានចាកចេញពីតួនាទីប្រធានអង្គការដ៏ធំមួយនេះ ក្រោយដឹកនាំអស់រយៈពេល៣០ឆ្នាំ។ នេះបើតាមលិខិតថ្លែងអំណរគុណរបស់លោក នី សុខា ប្រធានបច្ចុប្បន្ន ចុះថ្ងៃទី១ ខែកក្កដា។



សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកអាដហុក លោក ធន សារាយ ជាអ្នកការពារសិទ្ធិមនុស្សស្ទើរពេញមួយជីវិត ដោយលោកបានលះបង់កម្លាំងកាយ ចិត្តដើម្បីបុព្វហេតុលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

លោកបានទទួលបានរង្វាន់អន្តរជាតិជាច្រើន រួមមានពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សរបស់ប្រទេសបារាំង» ឆ្នាំ១៩៩៣ ពាន «មូលនិធិសិទ្ធិមនុស្សប្រចាំអាស៊ីលើកទី៣» នៅតូក្យូ ឆ្នាំ១៩៩៨ ពានពីក្រុមអ្នកច្បាប់ក្រុងញូវយ៉ក ឆ្នាំ១៩៩៩។

កាលពីឆ្នាំ១៩៩៩ដដែល ស្ថាបនិកអាដហុករូបនេះ បានពាន «មូលនិធិសិទ្ធិមនុស្សសាធារណរដ្ឋបារាំង» ពីលោកនាយករដ្ឋមន្ត្រី Lionel Jospin និងកាលពីឆ្នាំ២០១៧ បានពានរង្វាន់ណូបែល «Martin Ennals Award» សម្រាប់អ្នកការពារសិទ្ធិមនុស្ស ផ្តល់ដោយអង្គការអន្តរជាតិធំៗចំនួន១០នៅក្រុងហ្សឺណែវ ប្រទេសស្វីស។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក នី សុខា បានបញ្ជាក់ថា លោក ធន សារាយ ដែលបច្ចុប្បន្នស្នាក់នៅប្រទេសកាណាដា ឈានដល់វ័យចូលនិវត្តន៍ ហើយចង់ប្រើប្រាស់ពេលផ្ទាល់ខ្លួនក្នុងជីវិត។ បច្ចុប្បន្នលោក នី សុខា ជាប្រធានសមាគមអាដហុក ជំនួសលោក ធន សារ៉ាយ។

អត្ថបទទាក់ទង
 

អាដហុក ជាសមាគមសិទ្ធិមនុស្សកម្ពុជាដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមការដឹកនាំរបស់លោក ធន សារាយ ដែលជាអតីតអ្នកធ្លាប់ជាប់ពន្ធនាគារនៅចុងទសវត្សឆ្នាំ១៩៨០ ដើម្បីធ្វើការតស៊ូមតិលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្រោយពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាដោយខ្មែរទាំងបួនភាគី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពី ”ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា“ នាទីក្រុងបារីស ប្រទេសបារាំង។

ការិយាល័យដំបូងបង្អស់របស់សមាគមនេះមានទីតាំងស្ថិតនៅក្នុងវត្តអារាមមួយកន្លែង ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រពីអ្នកស្ម័គ្រចិត្តមួយក្រុមតូច ដែលជឿជាក់លើសារៈសំខាន់នៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

សមាគមអាដហុក ត្រូវបានទទួលស្គាល់ និងយល់ព្រមឱ្យបង្កើតឡើងជាផ្លូវការដោយ សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩២ កាលពីពេលដែលព្រះអង្គនៅមានព្រះរាជតួនាទីជា ព្រះប្រមុខរដ្ឋ និងជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា និងដោយ សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩២ ដែលនៅពេលនោះសម្តេច មានតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា ព្រមទាំងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០០៕




© រក្សាសិទ្ធិដោយ thmeythmey.com