ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល សម្រេច​ចេញថ្លៃ​សិក្សា​ឱ្យ​និ​ស្សិ​ត​យោធា​ខ្មែរ​៦​នាក់ ដែល​អាមេរិកបញ្ចប់ការសិក្សាមុនកំណត់
02, Jul 2021 , 9:57 pm        
រូបភាព
ភ្នំពេញ​៖ រដ្ឋាភិបាល សម្រេច​ចេញថ្លៃ​សិក្សា​ឱ្យ​និ​ស្សិ​យ​យោធា​ខ្មែរ​៦​នាក់ នៅ​អាមេរិក​។ និស្សិត​កម្ពុជា ៦​នាក់ ត្រូវបាន​អាមេរិក ប្រាប់​ឲ្យ​ផ្អាក​ការសិក្សា​មុនពេល​កំណត់ នៃ​ការបញ្ចប់​ឆ្នាំ​សិក្សា​ឆ្នាំនេះ ក្រោម​ហេតុផល​ថា កម្ពុជា​បាន​បាត់បង់​ភាពស្របច្បាប់​ក្នុង​ការទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក​។​




​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ក្រសួង នឹង​ទាក់ទង​ទៅ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​និស្សិត​យោធា​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីនោះ​។ សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការពារជាតិ នៅយប់​ថ្ងៃទី​២ កក្កដា នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដោយ​មើលឃើញ​អំពី​ការលំបាក​របស់​សិស្ស​ប​ណ្ឌិ​ត​សភា​យោធា​កម្ពុជា​ទាំងអស់ ដែល​បណ្ដាលមកពី​ការបញ្ឈប់​នូវ​កាតព្វកិច្ច​នៃ​ការបង់ថ្លៃ​សិក្សា​ពី​សំណាក់ ភាគី​អាមេរិក និង​នៅក្នុង​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​អនាគត និង​ផលប្រយោជន៍​របស់​សិស្ស​បណ្ឌិតសភាយោធា​កម្ពុជា រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​បន្ត​បង់ថ្លៃ​សិក្សា​សម្រាប់​សិស្ស​បណ្ឌិត​យោធា​កម្ពុជា​ទាំង​៦​រូប រហូតដល់​បញ្ជ​ប់​ការសិក្សា​របស់ខ្លួន​ជា​ស្ថាពរ​»​។ 
 
​និស្សិត​ទាំង​៦​រូបនេះ ​ត្រូវបាន​អាមេរិក បញ្ចប់​ការសិក្សា​មុន​កំណត់​នោះ រួមមាន និស្សិត​២​រូប កំពុង​សិក្សា​នៅ​បណ្ឌិតសភាយោធា​ជើងគោក​West Point , ២​រូប​ទៀត សិក្សា​បណ្ឌិតសភា​ទ័ពអាកាស​, កងទ័ពជើងទឹក ១​រូប និង​ឆ្មាំ​សមុទ្រ ១​រូប​។ នេះ​បើតាម​ការចុះផ្សាយ​របស់​VOA ដែល​ទទួលបាន​ព័ត៌មាន​ពី​និស្សិត​និង​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​។​
 
​ក្នុងចំណោម​និស្សិត​ទាំងនេះ ក៏មាន​និស្សិត​ខ្លះ សិក្សា​ដល់​ឆ្នាំ​ទី​៤ ដែល​នឹងត្រូវ​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​២០២២​ខាងមុខ​។ ពួកគេ​ត្រូវបាន​ជ្រើសរើស តាមរយៈ​កម្មវិធី​អាហារូបករណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដោយ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ជ្រើសរើស​ដោយផ្ទាល់​។​
 
​បើតាម​VOA មូល​ហេតុដែល​អាមេរិក​បញ្ចប់​ការសិក្សា​និស្សិត​យោធា​កម្ពុជា មុន​ការកំណត់​នេះ ដោយសារ​បញ្ហា​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​។ «​បន្ទាប់ពី​កម្ពុជា​កាត់បន្ថយ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រពៃណី​រវាង​យោធា​និង​យោធា​គឺ​ប្រទេស​នេះ​បាន​បាត់បង់​ភាពស្របច្បាប់​ក្នុងការ​ទទួលបាន​កម្ម​វិធី​សិក្សា​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​»​។ នេះ​បើតាម​VOA ដែល​បាន​ស្រង​សម្តី​លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​។​

ជុំវិញ​ទង្វើ​របស់​អាមេរិក​នេះ ក៏បាន​ធ្វើឱ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ពេញចិត្ត ។ ពួកគេ ចាត់ទុក​ទង្វើ​អាមេរិក​នេះ​ថា គ្មាន​គុណធម៌ ដោយ​យក​ការអប់រំ មក​ផ្សារភ្ជាប់​នយោបាយ​ការបរទេស​។ បន្ថែម​ពីនេះ ពួកគេ​ចំអក​អាមេរិក​ទៀតថា «​ជំនួយ​អាមេរិក គឺជា​ចំណង​»​។ បានន័យថា មហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ តែងតែ​ជួយ​ប្រទេស​ដទៃ ដើម្បី​ទារ​សំណង​វិញ​ប៉ុណ្ណោះ​៕​

Tag:
 យោធា​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com