កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អ៊ីតាលី និងអេស្ប៉ាញ ឡើងទៅជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
03, Jul 2021 , 6:42 am        
រូបភាព
រូបថត UEFA Euro 2020
រូបថត UEFA Euro 2020
ដោយ: រួបរួម
អ៊ីតាលី បានទទួលជ័យជម្នះ ២-១ លើបែលហ្ស៊ិក បន្ទាប់ពីអេស្ប៉ាញ បានយកឈ្នះស្វីសដោយបាល់ប៉េណាល់ទី ៣-១ ក្រោយលទ្ធផលស្មើ ១-១ នាជំនួបវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Euro 2020។ អ៊ីតាលី និងអេស្ប៉ាញ ត្រូវឡើងទៅជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈបែលហ្ស៊ិក និងស្វីស ហាលអាវទាំងខកចិត្ត។

 
ជំនួបនៅក្នុងមុយនិច Nicolo Barella និង Lorenzo Insigne រកបានម្នាក់១គ្រាប់នាំមុខសម្រាប់ អ៊ីតាលីនៅនាទី៣១ និង៤៤ ហើយ Romelu Lukaku ទាត់ប៉េណាល់ទីវាយបក១គ្រាប់វិញនៅនាទី៤៥+២។ 
 
លទ្ធផល ២-១ ត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួតដែលធ្វើឲ្យបែលហ្ស៊ិករងនូវការខកចិត្ត ខណៈខ្សែប្រយុទ្ធអ៊ីតាលី Lorenzo Insigne ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត Star of the Match។
 
រីឯជំនួបគូដំបូងនៅកីឡដ្ឋាន Saint Pertersburg ការប្រកួតតានតឹងយ៉ាងខ្លាំង ដោយស្វីសបាត់បង់ សមាជិក ម្នាក់តាំងពីនាទី៧៧ ព្យាយាមទប់អេស្ប៉ាញរហូតដល់បាល់ប៉េណាល់ទី។ ខ្សែបម្រើ Denis Zakaria ភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទី៨ ប៉ុន្តែប្រធានក្រុម Xherdan Shaqiri តាមស្មើ ១-១ វិញនៅនាទី៦៨។ ខ្សែការពារស្វីស Remo Freuler បានកាតក្រហមនៅនាទី៧៧ ហើយការប្រកួត១២០នាទីនៅតែរក្សាលទ្ធផលស្មើ ១-១។ 
 
ឈានដល់បាល់ប៉េណាល់ទី អេស្ប៉ាញសម្រេចបាន៣គ្រាប់ រីឯស្វីសរកបានតែ១គ្រាប់។ Mario Gavranovic ជាអ្នកសម្រេចបានតែ១គ្រាប់ឲ្យស្វីស ខណៈ Fabian Schaer, Manuel Akanji និង Ruben Vargas ធ្វើមិនបានល្អ។ សម្រាប់អេស្ប៉ាញ ក្រៅពីការទាត់ដំបូងរបស់ Sergio Busquets និង Rodri ដែលមិនចំគោលដៅ កីឡាករ Daniel Olmo, Gerard Moreno និង Mikel Oyarzabal សុទ្ធតែធ្វើបានល្អ។
 
អ្នកចាំទីអេស្ប៉ាញ Unai Simon ដែលបានសង្គ្រោះបាល់ប៉េណាល់ទី២គ្រាប់ ក្លាយជា Star of the Match ផងដែរ។
 
អេស្ប៉ាញ និងអ៊ីតាលី ត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley នាថ្ងៃទី៧ ខែកក្កដា ខាងមុខ៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com