COVID-19
ជាតិ
សៀមរាប មានករណីថ្មី៤៧នាក់ ស្លាប់១នាក់ ខណៈអាជ្ញាធរបិទផ្សារដំដែក២សប្ដាហ៍
03, Jul 2021 , 9:29 am        
រូបភាព
ផ្សារដំដែក អំឡុងពេលជាប់ជាតំបន់លឿងទុំ នៅដើមខែ មិថុនា ឆ្នាំ២០២១។ រូបភាព៖ អ៊ីសា រ៉ហានី
ផ្សារដំដែក អំឡុងពេលជាប់ជាតំបន់លឿងទុំ នៅដើមខែ មិថុនា ឆ្នាំ២០២១។ រូបភាព៖ អ៊ីសា រ៉ហានី
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប ប្រកាសពីការរកឃើញករណីវិជ្ជមានចំនួន ៤៧នាក់បន្ថែម នៅថ្ងៃទី២កក្កដា ខណៈស្លាប់មាន១នាក់បន្ថែម។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ២៩នាក់បានជាសះស្បើយផងដែរ។ នៅយប់ថ្ងៃទី២ កក្កដា អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទផ្សារដំដែក ដែលស្ថិតនៅស្រុកសូទ្រនិគម រយៈពេល២សប្ដាហ៍ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ កក្កដា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ត។

 
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប បានប្រាប់ពីមូលហេតុនៃការបិទនេះថា ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ នៅថ្ងៃទី២ កក្កដា នោះដែរ ខេត្តសៀមរាបបានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីសរុប ៤៧នាក់ ក្នុងនោះមួយករណីរកឃើញនៅក្នុងផ្សារដំដែក។
 
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានដែលរកឃើញនៅថ្ងៃទី ២កក្កដា នៅសៀមរាបនោះ ភាគច្រើនជាពលរដ្ឋរស់នៅក្រុងសៀមរាប បន្ទាប់មកស្រុកជីក្រែង បន្ទាយស្រី សូទ្រនិគម និងស្រុកពួក។  គិតត្រឹមថ្ងៃទី២ កក្កដា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តសៀមរាបរកឃើញអ្នកជំងឺកូវីដ១៩ សរុប ១,៣២០នាក់ ស្លាប់១៤នាក់ ជាសះស្បើយ ៥១២នាក់ និង៧៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការ និងវិទ្យាល័យដំដែក៕

Tag:
 ផ្សារដំដែក
© រក្សាសិទ្ធិដោយ thmeythmey.com