COVID-19
ជាតិ
រថយន្ត
ក្រសួងឃាត់រថយន្ត ១៤៣គ្រឿង ទុក១ឆ្នាំ ដោយសារដឹកលើសទម្ងន់
03, Jul 2021 , 2:29 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព៖ ហ្វេសប៊ុក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ បានឃាត់រថយន្ត ១៤៣គ្រឿង រក្សាទុករយៈពេល១ឆ្នាំ ដោយសាររថយន្តទាំងនោះ ដឹកលើសទម្ងន់។

 
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការឃាត់ទាំងនោះ ធ្វើឡើងចាប់ពីពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១ កក្កដា ឆ្នាំ២០២១ ដោយបានពិន័យ និង​រក្សាទុករថយន្ត​ទាំងនោះ បន្ទាប់ពីរកឃើញថាបានដឹកជញ្ជូនលើសទម្ងន់ លើសពី២០% នៃទម្ងន់អនុញ្ញាត​។ តាមក្រសួង ប្រតិបត្តិការនេះធ្វើឡើង ដោយក្រុមការងារក្រសួងចល័តចម្រុះសម្រាប់ ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅដើមទី នៅខេត្តបាត់ដំបង និងស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស។
 
ក្រសួងសាធារណការ បានក្រើនរំលឹកដល់ម្ចាស់រោងចក្រស៊ីម៉ង់ មានរោងចក្រស៊ីម៉ង់ CONCH ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ជាដើម ឱ្យគោរពច្បាប់ទាំងអស់គ្នា ដ្បិតថា ក្រសួងនឹងបន្តចុះអនុវត្តតាមច្បាប់យ៉ាងតឹងរឹងបំផុតដោយគ្មានការលើកលែងឡើយ។
 
សូមរំលឹកថា នៅចុងខែ មិថុនា កន្លងទៅ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អំឡុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ បានបញ្ជាក់ថា ក្រសួងនឹងចុះប្រតិបត្តិការត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ និងចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ខ្សែអ្នកតូចអ្នកធំឡើយ ហើយនឹងប្រតិបត្តិការដូចភ្លៀងរលឹមយ៉ាងដូច្នោះដែរ៕

Tag:
 រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com