អន្តរជាតិ
មនុស្សយ៉ាងតិច១៩នាក់ បាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅជប៉ុន
03, Jul 2021 , 5:29 pm        
រូបភាព
ហេតុការណ៍បាក់ដីនៅ_ក្រុង Atami ។ រូបថតពីកាសែត Mainichi
ហេតុការណ៍បាក់ដីនៅ_ក្រុង Atami ។ រូបថតពីកាសែត Mainichi
មនុស្សយ៉ាងតិច១៩នាក់ បានបាត់បង់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅក្នុងទីក្រុងកម្សាន្តមួយនៅថ្ងៃទី៣ ខែកក្កដា។ ហេតុការណ៍បាក់ដីនេះ កើតឡើងក្រោយការធ្លាក់ប៉ុន្មានថ្ងៃមកនេះ។ គ្រោះថ្នាក់របៀបនេះ តែងកើតមានយ៉ាងញឹកញាប់នៅជប៉ុន។

 
បើតាមវីដេអូដែលថតបាន ដីបានបាក់សង្កត់លើផ្ទះជាច្រើនខ្នង និងជាច្រើនខ្នងទៀត ត្រូវបានបំផ្លាញក្នុងក្រុង Atami នៅចម្ងាយ៩០គីឡូម៉ែត្រភាគនិរតីទីក្រុងតូក្យូ។ មនុស្សម្នា នាំគ្នារត់រកកន្លែងសុវត្ថិភាពពេលដែលដីបានបាក់ដល់ផ្លូវធ្វើដំណើរ។ ហេតុការណ៍កើតនៅម៉ោងប្រមាណ១០កន្លះព្រឹក។ សាកសពចំនួនពីរ ត្រូវបានរកឃើញផងដែរ។
 
មន្រ្តីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត Shizuoka ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្ស១៩នាក់ បានបាត់ខ្លួន។ រដ្ឋាភិបាលតំបន់ ក៏បានស្នើសុំជំនួយពីយោធាក្នុងប្រតិបត្តិការសង្រ្គោះផងដែរ ស្របពេលផ្ទះជាច្រើនត្រូវរសាត់តាមលំហូរដី។ ចំណែកក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីតូក្យូអះអាងថា ផ្ទះច្រើនជាង២៨០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។
 
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថា នាយករដ្ឋមន្រ្តី ស៊ូហ្កា យូស៊ីហ៊ីដេ គ្រោងកោះប្រជុំបន្ទាន់ជាមួយមន្រ្តីរបស់លោកទាក់ទងគ្រោះមហន្តរាយដែលបង្កដោយទឹកភ្លៀង។ 
 
បច្ចុប្បន្ន ជប៉ុនមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសដោយសារជារដូវវស្សា ដែលជារឿយៗមានពេលរាប់សប្ដាហ៍មិនចេះដាច់ដែលនាំឱ្យជំនន់ទឹកភ្លៀង និងការបាក់ដី។ សម្រាប់ក្រុង Atami ដែលល្បីឈ្មោះខាងអាងត្រាំទឹកក្ដៅនេះវិញ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK រាយការណ៍ថា កម្រិតទឹកភ្លៀងមាន៣១៣មីលីម៉ែត្រអំឡុងពេល៤៨ចុងក្រោយ ដែលខ្ពស់ជាងកម្រិតមធ្យមទៅទៀត៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com