អន្តរជាតិ
នៅថ្ងៃកំណើតលោក មីន អ៊ុងឡាំង, បាតុករមីយ៉ាន់ម៉ានាំគ្នាធ្វើបុណ្យសពឱ្យលោក
03, Jul 2021 , 7:59 pm        
រូបភាព
អ្នកតវ៉ានៅមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែកក្កដា រៀបចំថ្ងៃកំណើតដល់ប្រមុខរបបយោធាឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដោយមានអ្នកខ្លះដុតរូបថតរបស់លោក ហើយខ្លះទៀតដល់ថ្នាក់រៀបចំពិធីបុណ្យសពទៅទៀត។ លោក មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈកន្លងទៅ។

 
លោក មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា និងជាប្រមុខដឹកនាំរបបយោធា ឈានដល់វ័យ៦៥ឆ្នាំនៅថ្ងៃទី៣ ខែកក្កដា។ តាមត្រូវ លោក មីន អ៊ុងឡាំង ដល់អាយុចូលនិវត្តន៍ទៅហើយ ប៉ុន្តែលោកបែរជាកំពុងកាន់អំណាចក្រោយរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ហើយរដ្ឋាភិបាលសឹកក៏លុបចោលបញ្ញត្តិដែលកំណត់អាយុចូលនិវត្តន៍របស់លោកស្រេចទៅហើយដែរ។
 
បាតុកម្ម បានកើតឡើងស្ទើរមិនលស់ថ្ងៃទោះជាកម្លាំងសន្តិសុខប្រើធម៌ក្ដៅបង្ក្រាបក្ដី។ ជនស៊ីវិលយ៉ាងហោចណាស់៨៩០នាក់ បាត់បង់ជីវិតក្នុងការបង្ក្រាបរបស់របបយោធា ហើយមនុស្សជាង៦៥០០នាក់ទៀត ត្រូវចាប់ខ្លួន។
 
នៅថ្ងៃទី៣ ខែកក្កដា ប្រជាជនមីយ៉ាន់ម៉ាដែលមិនពេញចិត្តរដ្ឋប្រហារ នាំគ្នាបង្ហោះសម្លប្រពៃណីម៉ូហ៊ីងយ៉ា ដែលគេតែងស្លក្នុងពិធីបុណ្យសពប៉ុណ្ណោះ​។ អ្នករស់នៅទីក្រុងយ៉ាំហ្គោនម្នាក់ប្រាន់ទីភ្នាក់ងារព័ត៌មាន AFP ថា ខ្លួនស្លសម្លនេះនៅថ្ងៃកំណើតលោក មីន អ៊ុងឡាំង ព្រោះចង់ឱ្យលោកឆាប់ស្លាប់ ដោយសារប្រជាជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិតក្រោមស្នាដៃរបស់មេដឹកនាំយោធារូបនេះ។
 
នៅទីក្រុង Mandalay ដែលជាទីក្រុងធំទីពីរវិញ អ្នកតវ៉ាខ្លះដុតរូបថតប្រមុខរបបយោធារូបនេះ ហើយដុតមឈូសក្នុងពិធីបុណ្យសពក្លែងក្លាយទៀតផង។ នេះបើតាមប្រភពព័ត៌មានដដែល។
 
លោក មីន អ៊ុងឡាំង កាន់តំណែងជាអគ្គមេបញ្ជាការតាំងពីឆ្នាំ២០១១ មក ហើយកំពុងរុំព័ទ្ធដោយទណ្ឌកម្មជាច្រើនពីសំណាក់សហគមន៍អន្តរជាតិតាំងពីរដ្ឋប្រហារមក។ លោក ត្រូវមើលឃើញថា មានមហិច្ឆតាប្រឡូកក្នុងនយោបាយផងដែរ ប៉ុន្តែលទ្ធភាពដែលលោកអាចអង្គុយកៅអីប្រធានាធិបតីតាមច្បាប់ មានភាគរយតិចតួចបំផុត ព្រោះបក្សនយោបាយដែលគាំទ្រដោយយោធា មិនអាចយកឈ្នះបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានឡើយ៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com