COVID-19
អន្តរជាតិ
ស្លូវ៉ាគី លក់វ៉ាក់សាំងកូវីដ-១៩ ឱ្យរុស្ស៊ី ព្រោះប្រជាជនមិនចង់ចាក់
03, Jul 2021 , 9:29 pm        
រូបភាព
ស្លូវ៉ាគី បានលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sputnik V ទៅឱ្យរុស្ស៊ីវិញហើយ ក្រោយវ៉ាក់សាំងដែលទិញកន្លងមក មិនសូវមានអ្នកចាក់ឡើយ។ ក្រសួងសុខាភិបាលស្លូវ៉ាគី បញ្ជាក់នៅថ្ងៃទី២ ខែកក្កដា ថា ស្លូវ៉ាគីលក់ក្នុងតម្លៃទិញចូលប៉ុណ្ណោះ។​

 
អ្នកនាំពាក្យក្រសួងសុខាភិបាលស្លូវ៉ាគីអះអាងថា ស្លូវ៉ាគីបានដឹកវ៉ាក់សាំង Sputnik V ចំនួន១៦ម៉ឺនដូសទៅឱ្យរុស្ស៊ីវិញក្នុងចំណោមវ៉ាក់សាំងដែលទិញចំនួន៣០ម៉ឺនដូស។ តម្លៃដែលស្លូវ៉ាគីលក់ចេញវិញនេះមាន៩,៩៥ដុល្លារក្នុងដូសដូចពេលទិញចូលដែរ។
 
តាមពិតទៅ ការទិញវ៉ាក់សាំងនេះ ធ្វើឡើងពេលលោក Igor Matovic ធ្វើនាយករដ្ឋមន្រ្តីមកម្ល៉េះ។ លោក Matovic សម្រេចចិត្តនាំចូល Sputnik V ពីរុស្ស៊ីដោយមិនប្រាប់ដៃគូក្នុងរដ្ឋាភិបាលសូម្បីមួយម៉ាត់ ព្រោះពួកគេជំទាស់ការទិញវ៉ាក់សាំងរុស្ស៊ី។ លោក Matovic ក៏ត្រូវបង្ខំឱ្យលាលែងពីតំណែងក្នុងវិបត្តិនយោបាយ តែក៏ត្រូវតែងតាំងជារដ្ឋមន្រ្តីហិរញ្ញវត្ថុវិញក្នុងរដ្ឋាភិបាលថ្មី។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters និយតករឱសថស្លូវ៉ាគី ក៏មិនបានផ្ដល់អនុសាសន៍​ឱ្យប្រើប្រាស់វ៉ាក់សាំងមួយនេះឡើយ ដោយអះអាងថា ខ្វះទិន្នន័យពីអ្នកផលិត។ ប៉ុន្តែក្នុងខែមិថុនា រដ្ឋាភិបាលក្រុងប្រាទីស្លាវ៉ា អនុញ្ញាតឱ្យចាក់ប្រជាជនដែលចង់បានវ៉ាក់សាំងនេះ ជាជាងវ៉ាក់សាំងដែលមានការអនុញ្ញាតពីសហភាពអឺរ៉ុប។ ទោះជាយ៉ាងណា ចំនួនអ្នកចុះឈ្មោះទទួលវ៉ាក់សាំងនេះ មានតិចបើធៀបនឹងចំនួនវ៉ាក់សាំងដែលមាន។
 
គិតត្រឹមថ្ងៃទី២ ខែកក្កដា ពលរដ្ឋស្លូវ៉ាគីប្រមាណ១០៥០០នាក់ ទទួលបាន Sputnik V ដូសទីមួយ និង៨០០០នាក់មានឈ្មោះក្នុងបញ្ជីរង់ចាំទទួលវ៉ាក់សាំង។ រដ្ឋាភិបាលប្រទេសអឺរ៉ុបមួយនេះ គ្រោងលក់ ឬបរិច្ចាគវ៉ាក់សាំងដែលជិតផុតសុពលភាពផងដែរ។ នៅអឺរ៉ុបមានតែស្លូវ៉ាគី និងហុងគ្រីប៉ុណ្ណោះប្រើវ៉ាក់សាំងរបស់រុស្ស៊ី។
 
Sputnik V ជាផលិតផលរបស់មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី ដោយមានប្រសិទ្ធភាព៩១,៦ភាគរយ៕

Tag:
 ស្លូវ៉ាគី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com