COVID-19
អន្តរជាតិ
វ៉ាក់សាំងកូវីដ-១៩ មួយលានដូសពីអាមេរិក នឹងទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី៥ កក្កដា
04, Jul 2021 , 10:02 am        
រូបភាព
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Pfizer-BioNTech ចំនួនមួយលានដូសដែលអាមេរិកបរិច្ចាគ នឹងទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី៥ ខែកក្កដា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីសេតវិមាន។ វ៉ាក់សាំងជាច្រើនលានដូសទៀតដែលអាមេរិកសន្យាផ្ដល់ឱ្យប្រទេសនានានៅអាស៊ីអាគ្នេយ៍ ក៏នឹងមកដល់ជាបន្តបន្ទាប់ផងដែរ។

 
វ៉ាក់សាំងមួយលានដូសដែលនឹងទៅដល់ម៉ាឡេស៊ី ស្ថិតក្នុងគម្រោងចែកចាយវ៉ាក់សាំង៨០លានដូសដែលប្រធានាធិបតី ចូ បៃឌិន ប្រកាសកន្លងមក បន្ទាប់ពីវិសមភាពក្នុងការទទួលបានវ៉ាក់សាំងមានគម្លាតកាន់តែធំរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ ទោះត្រូវមើលឃើញថា ជាការប្រជែងនឹងការចែកវ៉ាក់សាំងដោយចិនក្ដី ទីក្រុងវ៉ាស៊ីនតោនអះអាងថា ខ្លួនមិនចង់បានការតបស្នងអ្វីពីការបរិច្ចាគវ៉ាក់សាំងនៅពេលនេះឡើយ។
 
លោក Edgard Kagan នាយកជាន់ខ្ពស់សម្រាប់អាស៊ីខាងកើតនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អាមេរិកចែករំលែកវ៉ាក់សាំងមានប្រសិទ្ធភាព និងសុវត្ថិភាពជាមួយម៉ាឡេស៊ីដែលកំពុងត្រូវការ ហើយអាមេរិកនឹងដឹកជញ្ជូនវ៉ាក់សាំងថែមទៀតមកកាន់អាស៊ីអាគ្នេយ៍។ មន្រ្តីអាមេរិកអះអាងថា ក្រុងវ៉ាស៊ីនតោន កំពុងប្រឹងប្រែងញាប់ដៃញាប់ជើងដើម្បីបញ្ជូនវ៉ាក់សាំងមកកាន់តំបន់នេះឱ្យបានលឿន។
 
នៅថ្ងៃទី២ ខែកក្កដា អាមេរិក ក៏ទើបប្រកាសពីផែនការបញ្ជូនវ៉ាក់សាំងបួនលានដូសទៅកាន់ឥណ្ឌូណេស៊ីនៅពេលឆាប់ខាងមុខនេះដែរ។ ទាំងឥណ្ឌូណេស៊ី ទាំងម៉ាឡេស៊ី កំពុងរងគ្រោះខ្លាំងដោយរលកវាយប្រហារជំងឺកូវីដ-១៩ ដូចគ្នា។ ក្រៅពីប្រទេសទាំងពីរ អាមេរិកក៏គ្រោងបញ្ជូនវ៉ាក់សាំងមកកាន់កម្ពុជា វៀតណាម ឡាវ ហ្វីលីពីន ថៃ និងអាពួអាស៊ីនូវែលហ្គីណេ។
 
បន្ថែមពីវ៉ាក់សាំង៨០លានដូស រដ្ឋបាលលោក បៃឌិន ក៏ប្រកាសទិញវ៉ាក់សាំង៥០០លានដូសទៀតពី Pfizer-BioNTech ដើម្បីចែកឱ្យប្រទេសនៅតំបន់អាហ្វ្រិក និងប្រទេសមានចំណូលទាប និងមធ្យមចំនួន៩២ទៀតផងដែរ៕  

Tag:
 អាមេរិក
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com