អន្តរជាតិ
ធ្លាក់យន្តហោះយោធានៅហ្វីលីពីន៖ ស្លាប់១៧នាក់, របួស៤០នាក់
04, Jul 2021 , 2:59 pm        
រូបភាព
មនុស្សយ៉ាងតិច១៧នាក់ បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់យន្តហោះយោធាហ្វីលីពីនពេលកំពុងចុះចតនៅថ្ងៃទី៤ ខែកក្កដា។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana ។ មនុស្ស៤០នាក់ផ្សេងទៀត បានរងរបួស ខណៈប្រតិបត្តិការសង្រ្គោះកំពុងដំណើរការ។

 
ក្នុងសេចក្ដីប្រកាសរបស់លោក Delfin Lorenzana យន្តហោះយោធាធុន C-130 Hercules របស់ទ័ពអាកាសហ្វីលីពីន ជួបបញ្ហាពេលចុះចតលើកោះ Jolo ក្នុងខេត្ត Sulu នៅប្រហែលថ្ងៃត្រង់ថ្ងៃទី៤ ខែកក្កដា។ យន្តហោះដឹកជញ្ជូននេះ មានមនុស្ស៩៣នាក់ដែលភាគច្រើនជាយោធា។​ 
 
«មកទល់ពេលនេះ ៤០នាក់ រងរបួស និងត្រូវបានសង្រ្គោះ ហើយសាកសព១៧ត្រូវ ត្រូវបានយកចេញ។ ការសង្រ្គោះកំពុងធ្វើឡើង។» លោក Lorenzana ប្រកាសបែបនេះ។ ចំណែកមេបញ្ជាការកងទ័ពហ្វីលីពីន Cirilito Sobejana អះអាងថា យន្តហោះចុះខុសផ្លូវពេលព្យាយាមចុះចត ក្រោយធ្វើដំណើរពីកោះមិនដាណាវ។ 
 
យន្តហោះ C-130 Hercules ដែលត្រូវស្គាល់ថាសេះហោះ ជាប្រភេទយន្តហោះដឹកជញ្ជូនកងទ័ព និងសម្ភារយោធា។ កងទ័ពហ្វីលីពីន ក៏ប្រើយន្តហោះនេះក្នុងប្រតិបត្តិការមនុស្សធម៌ និងជួយសង្រ្គោះក្នុងគ្រោះមហន្តរាយផងដែរ។ 
 
អ្នកនាំពាក្យកងទ័ពហ្វីលីពីន Edgard Arevalo និយាយថា មិនមានសញ្ញាបង្ហាញពីការវាយប្រហារលើយន្តហោះឡើយ ប៉ុន្តែការស៊ើបអង្កេតនឹងធ្វើឡើងនៅពេលបន្ទាប់ ដោយការយកចិត្តទុកផ្ដោតការសង្រ្គោះសិន៕

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com